ផ្លូវលំក្រាលក្រួសក្រហមមួយខ្សែឆ្ពោះទៅកាន់រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ថ្មក្រាល ត្រៀមធ្វើការជួសជុលក្នុងពេលឆាប់ៗនេះ
កំពង់ឆ្នាំង៖ កំណាត់ផ្លូវលំក្រាលក្រួសក្រហមមួយខ្សែ បំបែកចេញពីផ្លូវជាតិលេខ៥៣ ឆ្ពោះទៅកាន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល ដែលកំពុងរងការខូចខាតដោយអន្លើនោះ នឹងត្រូវធ្វើការជួសជុលឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា ផ្លូវ១ខ្សែនេះ បានរងការខូចខាតដោយអន្លើ នៅក្នុងរដូវវស្សានេះ។ ហើយអាជ្ញាធរខេត្តត្រៀមធ្វើការជួសជុលឲ្យបានល្អប្រសើរឡើងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលទៅលេងកម្សាន្ត នៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល ស្ថិតក្នុងឃុំជៀប ស្រុកទឹកផុស។
លោកអភិបាល បានសុំការយោគយល់ និងអធ្យាស្រ័យ ពីបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរតាមកំណាត់ផ្លូវនេះ ដោយលោកបានសន្យាថា នឹងធ្វើការជួសជុលកែលម្អឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ថា រមណីយដ្ឋានធម្មជាតទឹកធ្លាក់ថ្មក្រាល មានទីតាំងស្ថិតនៅក្នុងភូមិកោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានចម្ងាយ ២៨គីឡូម៉ែត្រ ពីទីរួមស្រុកទឹកផុស និងប្រមាណ ៥០គីឡូម៉ែត្រ ភាគខាងលិច នៃទីរួមខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរ ទាំងនៅក្នុងខេត្ត និងមកពីក្រៅខេត្តផងដែរ៕
អត្ថបទ៖ ហឹង ចូច