ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាខិតខំជួយ និងគាំទ្រមីយ៉ាន់ម៉ា រកផ្លូវដោះស្រាយវិបត្តិបច្ចុប្បន្ន ព្រោះមិនចង់ឃើញប្រជាជនរងទុក្ខវេទនា ដោយសារសង្រ្គាមអូសបន្លាយ

image


ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងទៅកាន់លោក យូ កូកូឡាំង(U Ko Ko Hlaing)បេសកជនពិសេសរបស់ប្រធាន ក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ថា កម្ពុជាពុំមានផលប្រយោជន៍យុទ្ធសាស្រ្តនយោបាយ ឬសេដ្ឋកិច្ចអ្វីនោះទេចំពោះការប្រឹងប្រែងជួយមីយ៉ាន់ម៉ារកផ្លូវដោះស្រាយវិបត្តិបច្ចុប្បន្ន ប៉ុន្តែកម្ពុជាមានបំណងតែមួយគត់គឺមិនចង់ឃើញប្រជាជនមីយ៉ាន់ម៉ារងសោកនាដកម្ម និងទុក្ខវេទនាដោយសារសង្រ្គាមអូសបន្លាយ ខណៈដែលកម្ពុជាធ្លាប់បានឆ្លងកាត់សោកនាដកម្មនេះរួចមក ហើយកាលពីសម័យខ្មែរក្រហម។

ការថ្លែងនេះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យលោក យូ កូ កូ ឡាំង បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ាចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនេះ សម្តេចតេជោ បានអរគុណលោក យូ កូ កូ ឡាំង ដែលបានជម្រាបជូនសម្ដេចពីសភាពការណ៍ថ្មីៗនៅមីយ៉ាន់ម៉ា។

ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចតេជោ បានចែករំលែកនូវបទពិសោធរបស់កម្ពុជាក្នុងការដោះស្រាយវិបត្តិនយោបាយនាពេលកន្លងមក ក្នុងការបញ្ចប់សង្គ្រាម ការចរចានានាដែលឈានដល់ការទទួលបាននូវសុខសន្តិភាពមកដល់សព្វថ្ងៃនេះ។ សម្ដេចបានសង្កត់ធ្ងន់ថា ការរកដំណោះស្រាយបញ្ចប់សង្គ្រាមទាមទារឱ្យមានការចូលរួមពីភាគីទាំងអស់ ជាក់ស្តែងយើងមិនអាចចោលភាគីពាក់ព័ន្ធណាមួយឡើយ ទោះបីជាយើងមិនចង់ចរចាជាមួយក៏ដោយ។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏បានប្រាប់ភាគីមីយ៉ាន់ម៉ា ថា ក្នុងវេទិកាអាស៊ាន សម្ដេចសូមឱ្យភាគីមីយ៉ាន់ម៉ាគិតគូរឱ្យបានហ្មត់ចត់ក្នុងការបន្តបញ្ជូនតំណាងមិនមែននយោបាយរបស់ខ្លួនមកចូលរួមកិច្ចប្រជុំនានារបស់អាស៊ានចៀសវាងកុំឱ្យកៅអីនៅទំនេរ។

សម្តេចតេជោ គូសបញ្ជាក់ដែរថា មីយ៉ាន់ម៉ាត្រូវរក្សាការចូលរួមវេទិកាដទៃទៀតដែលភាគីមីយ៉ាន់ម៉ាជាសមាជិក និងកំពុងមានតំណាងនៅទីនោះ ដោយត្រូវការពារ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសនានាដែលមីយ៉ាន់ម៉ាមានទំនាក់ទំនងជាមួយ៕

អត្ថបទ៖ សុភៈនារី
រូបភាព៖ ផេកសម្តេចតេជោ