ព័ត៌មានជាតិ

សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំកម្មវិធីទស្សនកិច្ចពាណិជ្ជកម្មខេត្តកោះកុង នៅពាក់កណ្តាលខែសីហានេះ ដើម្បីស្វែងយល់អំពីឱកាសអាជីវកម្ម និងវិនិយោគ នៅខេត្តភាគនិរតីមួយនេះ

image


ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំកម្មវិធីទស្សនកិច្ចពាណិជ្ជកម្មខេត្តកោះកុង រយៈពេលពេល ៤ថ្ងៃ ដែលនឹងប្រព្រឹត្តទៅនាពាក់កណ្តាលខែសីហាខាងមុខនេះ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលផ្តួចផ្តើមគំនិតដ៏មានសារៈសំខាន់ ដើម្បីពង្រីកការទំនាក់ទំនង អាជីវកម្ម ដើម្បីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅបណ្តាលខេត្តនានាទូទាំងប្រទេស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងពិធីសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី ១ខែសីហា ឆ្នាំ ២០២៤ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មនេះ មានគោលបំណងសំខាន់ក្នុងស្វែងយល់អំពីឱកាសអាជីវកម្ម និងវិនិយោគ ក្នុងវិស័យអាទិភាពនានាក្នុងខេត្តកោះកុងផ្ទាល់។

ឧកញ៉ា បានគូសបញ្ជាក់ថា ជាការពិតណាស់សហគ្រាសធុនតូច និងមធ្យម គឺស្ថិតក្នុងចំណោមវិស័យអាទិភាពសំខាន់ៗ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តោតការយកចិត្តទុកដាក់លើកស្ទួយវិស័យនេះយ៉ាងខ្លាំង ដោយសម្តេចបានណែនាំឲ្យអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់បណ្តាសហគ្រាសនានាក្នុងប្រទេស ជាពិសេស សហគ្រាសធុនតូច និងមធ្យម ទាំងក្របខណ្ឌទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។

ឧកញ៉ា លឹម សុជាតិ បានចាត់ទុកកម្មវិធីទស្សនកិច្ចពាណិជ្ជកម្មខេត្តកោះកុង ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជានាពេលឆាប់ៗខាងមុខនេះ គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់មួយ ដែលសមាជិកសភាពាណិជ្ជកម្ម ក៏ដូចជា ពាណិជ្ជករផ្សេងៗ គួរចាប់យកឱកាសនេះសិក្សាស្វែងយល់ពីការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នៅខេត្តកោះកុង។

ឯកឧត្តម ឧកញ៉ា ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា បបច្ចុប្បន្នសហគ្រាសធុនតូច និងមធ្យម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ដែលជានិច្ចកាលសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយដល់វិស័យនេះ តាមរយៈកម្មវិធីផ្សេងៗជាច្រើន។ ជាក់ស្តែង កាលពីកន្លងទៅសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចពាណិជ្ជកម្ម ទៅកាន់ខេត្តប៉ៃលិន និងកាលពីដើមឆ្នាំនេះ ក៏មានរៀបចំកម្មវិធីនេះម្តងហើយដែរ គឺទៅកាន់ខេត្តបាត់ដំបង ដែលទទួលបានជោគជ័យគួរជាទីមោទនៈ។

បន្ថែមពីនេះតាមរយៈកម្មវិធី ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច បានបង្ហាញក្តីសង្ឃឹមថា ប្រតិភូដែលអញ្ជើញចូលរួម នឹងទទួលបានបទពិសោធន៍ថ្មីៗ ពីដំណើរការនៃការគ្រប់គ្រងសង្វាក់ផលិតកម្ម និងការចាប់ដៃគូរពាណិជ្ជកម្មនាពេលអនាគតតាម សក្តានុពល ខេត្តកោះកុង។

សូមរំលឹកផងដែរថា សម្រាប់ឆ្នាំ២០២៤ កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មនេះ បានរៀបចំម្តងរួច មកហើយ កាលពីខែកុម្ភៈដើមឆ្នាំកន្លងទៅថ្មីៗនេះ ដែលពេលនោះ មានប្រតិភូចូលរួមសរុប ចំនួន ២២រូប ដែលក្នុងនោះមាន១០ រូបជាពាណិជ្ជករថៃ ជាលទ្ធផល ក្រោយកម្មវិធីទស្សនៈ កិច្ចពាណិជ្ជកម្ម បានបញ្ចប់ មានផលិតផលខ្មែរចំនួន ០៣ សហគ្រាស បានដាក់ចូលក្នុងម៉ាត 7-Eleven និងមានការដោះដូរពាណិជ្ជកម្ម រវាងគណៈប្រតិភូរ និងពាណិជ្ជករខេត្តបាត់ដំបងជា បន្តបន្ទាប់។

យោងតាមរបៀបវារៈនៃកម្មវិធីទស្សនកិច្ចពាណិជ្ជកម្មនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងមានកម្មវិធីសំខាន់៖ ជំនួបសម្តែងការគួសម និងពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តកោះកុង, ជំនួបពាណិជ្ជកម្ម (B2B) ជាមួយពាណិជ្ជករខេត្តកោះកុង, ទស្សនកិច្ចសិក្សាឈ្វេង យល់ ក្រុមហ៊ុនសហគ្រាសនៅខេត្តកោះកុង និងអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំខេត្ត និងសភាពាណិជ្ជកម្មខេត្តកោះកុង។

ចំណែកគោលដៅ កន្លែងទស្សនកិច្ចសំខាន់ៗ៖ ១. ទស្សនកិច្ច កំពង់ផែកោះកុង តំបន់សេដ្ឋកិច្ចពិសេស, ២.ទស្សនកិច្ច អាកាសយានដ្ឋានខេត្តកោះកុង, ៣. ក្រុមហ៊ុន យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group), ៤. ក្រុមហ៊ុន Diamond Bay Tianjin, ៥.ក្រុមហ៊ុនសហគ្រាសផលិតទឹកត្រីកោះកុង, ៦.សហគ្រាសផលិត-កែច្នៃ គ្រឿងសមុទ្រ និង៧. សហគ្រាស លក់រាយ និងបោះដុំ គ្រឿងសមុទ្រ។

សូមជម្រាបថា កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មនេះ ទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងឧបត្ថម្ភដោយធនាគារ វីង (ខេមបូឌា) ម.ក, កំពង់ផែស្វយ័តភ្នំពេញ, ធនាគារ SME, ក្រុមហ៊ុនវីវៈប៊ុនថាំ អេចប្រេស ខូអិលធីឌី និងក្រុមហ៊ុន យូញៀន ឌីវីឡុបមិន គ្រុប៕