មោទនភាពជាតិ! កុមារឆ្នើមកម្ពុជា ៣រូប បន្ថែមទៀត ដណ្តើមបានមេដាយមាស និងប្រាក់ កម្រិតអន្តរជាតិជូនគ្រួសារ និងប្រទេសជាតិ, ចង់ដឹងថាតើអ្វីជាក្ដីសុបិនរបស់ពួកគេនាថ្ងៃអនាគត?

អត្ថបទ៖ សុភៈនារី
រូបភាព៖ អ៊ុន ផាន់ណាត់
ភ្នំពេញ៖ ក្រោយសិស្សានុសិស្សវិលត្រឡប់មកពីចូលរួមការប្រឡងគណិតវិទ្យាកម្រិតអន្តរជាតិ WMI វគ្គផ្តាច់ព្រ័ត្រនៅប្រទេសម៉ាឡេស៊ី សាលាវេស្ទើនអន្តរជាតិបានរៀបពិធីប្រគល់មេដាយដល់សិស្សដែលទទួលបានជ័យលាភីពីការប្រឡង។
ពិធីអបអរ និងប្រគល់មេដាយដល់សិស្សដែលទទួលបានជ័យលាភីពីការប្រឡងគណិតវិទ្យាកម្រិតអន្តរជាតិ WMI បានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅកាត់ថា សាលាតិចណូ។
មានរាងស្តើង សម្បុរស ចិញ្ចើមខ្មៅក្រាស់គួរជាទីគាប់ភ្នែក យុវតី សុខា សុមុនិនាថ ម្ចាស់មេ ដាយមាស WMI ពីប្រទេសម៉ាឡេស៊ី បានរៀបរាប់ឲ្យដឹងពីភាពលំបាកក្នុងពេលប្រឡងយ៉ាងដូច្នេះថា ពេលកំពុងប្រឡងនាងមានអារម្មណ៍ថាភ័យដោយសារឃើញពេលនៃការប្រឡងកាន់តែខើច។ មុនិនាថ បន្តថា ទោះបីជួបឧបសគ្គក្នុងពេលប្រឡងបន្តិចបន្តួចក្តី តែខ្លួននៅតែអាចគ្រប់គ្រងអារម្មណ៍បាន។
យុវតីជើងខ្លាំងផ្នែកគណិតវិទ្យារូបនេះប្រាប់ថា មេដាយដំបូងដែលខ្លួនទទួលបានជាមេដាយប្រាក់ ប៉ុន្តែសម្រាប់ឆ្នាំ២០២៤នេះនាងមានឱកាសដណ្តើមបានមេដាយមាសពីឆាកអន្តរជាតិ។
ជាសិស្សរៀនថ្នាក់ទី១០ក៏ពិតមែន តែមុនិនាថ មានសមត្ថភាពដណ្តើមបានមេដាយជាង ៤០គ្រឿង នៅក្នុងវ័យសិក្សា។ គិតមកដល់ពេលនេះយុវតីមុនិនាថមានមេដាយមាសប្រមាណ ១០គ្រឿងនៅក្នុងដៃ។
សុខា សុមុនិនាថ និយាយថា កត្តាដែលជំរុញឲ្យខ្លួនមានឱកាសក្លាយជាម្ចាស់មេដាយមាស និងប្រាក់ប្រមាណ៤០គ្រឿងនេះគឺបានមកពីការលើកទឹកចិត្តពីសំណាក់ក្រុមគ្រួសារ និងមិត្តភក្តិ។
យុវតីរាងតូចសម្តីលះរូបនេះ ឲ្យដឹងទៀតថា នាងចាប់ផ្តើមចូលរួមប្រឡងសិស្សពូកែផ្នែកគណិតវិទ្យាតាំងពីរៀននៅថ្នាក់ទី៥មកម្ល៉េះ។ មុនិនាថបញ្ជាក់ថា ក្រៅពីពូកែខាងគណិតវិទ្យានាងក៏មានភាពលេចធ្លោទៅលើមុខវិជ្ជាគីមីវិទ្យាផងដែរ។
នៅសល់តែ២ឆ្នាំទៀតប៉ុណ្ណោះ សុខា មុនិនាថ នឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្វីបើពេលវេលាហាក់នៅសល់ច្រើនក្តី ប៉ុន្តែមុនិនាថបានត្រៀមខ្លួនចាប់ពីពេលនេះបណ្តើរ ៗទៅហើយសម្រាប់ការប្រឡងដ៏មានសារៈសំខាន់មួយនេះ។
មុនិនាថប្រាប់ថា និន្ទេសដែលខ្លួនចង់បាននៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺ«និន្ទេសA» រីឯនៅថ្ងៃអនាគតខ្លួនចង់ក្លាយជា«វិស្វករ»។
ជើងខ្លាំងខាងគណិតវិទ្យារូបនេះបន្តថា នាងចង់ឃើញមិត្តៗរួមជំនាន់ចូលរួមប្រឡងប្រជែងក្នុងកម្មវិធីសិក្សានានាឲ្យបានច្រើន ព្រោះវាជាការតេស្តសមត្ថភាព និងជាការពង្រឹងសមត្ថភាពនៃការរៀនសូត្រឲ្យកាន់តែមានប្រសិទ្ធភាព។
ទន្ទឹមនេះ យុវតី សុខា មុនិនាថ ក៏សូមអរគុណចំពោះឪពុកម្តាយ និងលោកគ្រូ អ្នកគ្រូរបស់នាងដែលបានលើកទឹកចិត្តនិងអប់រំខ្លួនរហូតក្លាយជាទំពាំងគំរូរបស់កម្ពុជា។
ងាកមកចាប់អារម្មណ៍ជាមួយនឹងសិស្សពូកែមួយរូបទៀតគឺ កុមារី ឡេង វង្សសុម៉ាវត្តី ជាសិស្សរៀនថ្នាក់ទី១នៅសាលាវេស្ទើនអន្តរជាតិ ហើយក៏ជាម្ចាស់មេដាយប្រាក់នៃកម្មវិធីការប្រឡងគណិតវិទ្យាកម្រិតអន្តរជាតិ WMI ពីប្រទេសម៉ាឡេស៊ីផងដែរ។
កុមារី សុម៉ាវត្តី ប្រាប់ថា វិញ្ញាសាគណិតវិទ្យាដែលប្អូនបានចូលរួមប្រឡងនៅប្រទេសម៉ាឡេស៊ីគឺមានលក្ខណៈពិបាកធ្វើគួរសម ប៉ុន្តែមិនបានធ្វើឲ្យប្អូនភ័យភិតនោះឡើយ។
ទោះស្ថិតក្នុងវ័យទើប៨ឆ្នាំក្តីតែកុមារកម្ពុជារូបនេះទទួលបានមេដាយចំនួន៣គ្រឿងមកគ្រប់គ្រង។ កុមារី ឡេង វង្សសុម៉ាវត្តីចង់ក្លាយជា«វេជ្ជបណ្ឌិត»នាថ្ងៃអនាគត។
ក្រឡេកមកមើលជើងខ្លាំងមួយរូបទៀត ដែលទទួលបានមេដាយប្រាក់ពីការប្រឡងគណិតវិទ្យាកម្រិតអន្តរជាតិ WMI ដែរនោះ គឺយុវសិស្ស រី ជាហេង អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៩នៃសាលាវេស្ទើនអន្តរជាតិ។
យុវសិស្ស រី ជាហេង ប្រាប់ថា ខ្លួនបានហ្វឹកហាត់ស្វ័យសិក្សាដោយខ្លួនឯងរយៈពេលជាង២ខែមុនចេញទៅប្រឡងនៅប្រទេសម៉ាឡេស៊ី។
យុវសិស្សរូបនេះ ឲ្យដឹងទៀតថា ក្រោយចប់ការប្រឡងខ្លួនមានសង្ឃឹមជាប់តែ ៥០% ប៉ុណ្ណោះ ព្រោះលំហាត់ដែលចេញប្រឡងហាក់ខុសគ្នាច្រើនពីអ្វីដែលប្អូនបានស្វ័យសិក្សា។
រី ជាហេង មិនត្រឹមតែជាសិស្សឆ្នើមដែលទទួលបានមេដាយប្រាក់ក្នុងកម្មវិធីប្រឡងគណិតវិទ្យាកម្រិតអន្តរជាតិ WMI ប៉ុណ្ណោះទេ តែយុវសិស្សរូបនេះក៏ជាសិស្សពូកែជាប់ចំណាត់ថ្នាក់លេខ២ ផ្នែកគណិតវិទ្យាទូទាំងប្រទេសផងដែរ។
យុវសិស្ស រី ជាហេង បានបង្ហើបឲ្យដឹងពីគន្លឹះក្នុងការសិក្សាថា សិស្សត្រូវតែស្វះស្វែងធ្វើស្វ័យសិក្សាដោយខ្លួនឯងឲ្យបានច្រើនដើម្បីជាទុនសម្រាប់ការប្រឡងនានា ក៏ដូចជាការពង្រឹងនៅក្នុងការសិក្សាប្រចាំថ្ងៃ។ សិស្សឆ្នើម រី ជាហេង ប្រាប់ថា នាថ្ងៃអនាគតខ្លួនមានបំណងចង់ក្លាយជា«អ្នកសរសេរកូដ»។
គួររម្លឹកថា កុមារឆ្នើមកម្ពុជាដែលសមត្ថភាពអាចទៅដណ្តើមជ័យលាភីនៅលើឆាកអន្តរជាតិគឺពុំមែនមានតែសិស្សានុសិស្សប៉ុន្មាននាក់នេះទេ ប៉ុន្តែកាលពីពេលថ្មីៗនេះ កុមារា «ហ៊ុន ពេជមុនី្ន រិទ្ធិសិទ្ធិ» កូនប្រុសពៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏ជាសិស្សឆ្នើមខាងផ្នែកគណិតវិទ្យានេះផងដែរ ដោយកុមារា ហ៊ុន ពេជមុនី្ន រិទ្ធិសិទ្ធិ ធ្លាប់បានទទួលមេដាយមាសចំនួន២ ក្នុងនោះមេដាយមួយជាមេដាយមាសផ្នែកគណិតវិទ្យា និងមេដាយមួយទៀតជាមេដាយមាសផ្នែកភាសាអង់គ្លេស ដែលការប្រឡងនាពេលនោះធ្វើឡើនៅទីក្រុងឌូបៃ ប្រទេសអេមីរ៉េតអារ៉ាប់រួម ហើយកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ កុមារា ហ៊ុន ពេជមុនី្ន រិទ្ធិសិទ្ធិ ក៏បានទទួលមេដាយមាសជាថ្មីម្តងទៀត នៅក្នុងកម្មវិធីប្រកួតប្រជែង គណិតវិទ្យាអន្តរជាតិតាមប្រព័ន្ធអនឡាញ CARIBOU TEST 2024។
សូមជម្រាបដែរថា ការប្រឡងគណិតវិទ្យាកម្រិតអន្តរជាតិ WMI មានសិស្សឆ្នើមកម្ពុជាចូលរួមចំនួន៥២នាក់ ដែលមាន២២ប្រទេសចូលរួម និងមានបេក្ខជនចូលរួមប្រឡងប្រមាណ២ពាន់នាក់។ ក្រោយបញ្ចប់ការប្រកួតនៅប្រទេសម៉ាឡេស៊ីផ្នែកគណិតវិទ្យាកម្រិតអន្តរជាតិ ជាលទ្ធផលសិស្សកម្ពុជាទទួលបានពាន Star of the world ចំនួន១ មេដាយមាសចំនួន២គ្រឿង មេដាយប្រាក់១០គ្រឿ និងមេដាយសំរឹទ្ធចំនួន២៣គ្រឿង សរុបមកនៅក្នុងព្រឹត្តិការណ៍ប្រឡងគណិតវិទ្យាកម្រិតអន្តរជាតិ WMI សិស្សឆ្នើមទាំងអស់នៃសាលាវេស្ទើនអន្តរជាតិទទូលបានមេដាយសរុបចំនួន ៣៥គ្រឿង៕








