លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ចាត់ទុកការវាយតម្លៃរបស់ UN មកលើកម្ពុជា ពាក់ព័ន្ធអំពើជួញដូរមនុស្ស ប្រៀបដូចការអនុវត្តស្ដង់ដារពីរ
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចាត់ទុករបាយការណ៍វាយតម្លៃ និងការដាក់ចំណាត់ថ្នាក់កម្ពុជា ជាប់លេខ៣ ពាក់ព័ន្ធអំពើជួញដូរមនុស្ស ប្រៀបដូចការអនុវត្តស្ដង់ដារពីរ ហើយមើលមិនឃើញពីអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងកន្លងមក លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នា ជាមួយលោកឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ក្នុងពិធីផ្សព្វផ្សាយប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ៥ឆ្នាំ (២០២៤-២០២៨)» នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤។ លោកបានសង្កត់ធ្ងន់ថា ដោយទទួលស្គាល់នូវអ្វីដែលជាការខ្វះខាតកម្ពុជាបំពេញមិនទាន់បាន ប៉ុន្ដែប្រទេសជឿនលឿនខ្លះក៏កើតមានបញ្ហាអំពើជួញដូរមនុស្សនេះដែរ ហើយពេលខ្លះខ្លាំងជាកម្ពុជាថែមទៀតផង។
លោកឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានកត់សម្គាល់ថា កន្លងទៅអង្គការសហប្រជាជាតិ តាមរយៈអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស តែងកំណត់នូវអ្វីដែលកម្ពុជាគួរអនុវត្តតាម ប៉ុន្ដែនៅពេលអនុវត្តតាមរួចហើយ ក៏នៅតែបន្ដវាយតម្លៃមិនល្អចំពោះកម្ពុជា លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ។
លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានលើកឡើងថា អង្គការសហប្រជាជាតិ បានកំណត់នូវរបៀបរបបប្រជុំ របៀបរាយការណ៍ ដើម្បីឲ្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រកាន់យកតែនៅពេលមុនចេញរបាយការណ៍វាយតម្លៃមិនប្រាប់នូវអ្វីដែលគួរកែតម្រូវ។ លោកក៏បានស្នើឲ្យស្ថាប័នវាយតម្លៃគួរណាស់តែមើលឃើញពីអ្វីដែលកម្ពុជាបានខិតខំប្រឹងប្រែង។ ប្រទេសកម្ពុជា ដែលក្លាយជាប្រទេសរងគ្រោះដោយសារអំពើជួញដូរមនុស្សនេះ ខណៈអ្នកដែលបញ្ជាឲ្យធ្វើសកម្មភាពសុទ្ធតែមានមូលដ្ឋាននៅក្រៅប្រទេស។ ជាក់ស្ដែង សូម្បីតែប្រទេសដែលធ្វើរបងតាមព្រំដែនចំណាយលុយរាប់ពាន់លានដុល្លារ ក៏នៅតែមានអំពើជួញដូរមនុស្សកើតឡើង។
លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានបន្ថែមទៀតថា អំពើជួញដូរមនុស្សជាឧក្រិដ្ឋកម្មដ៏ស្មុគស្មាញមួយ ក្នុងចំណោមបញ្ហាផ្សេងនៅក្នុងសង្គមដែលបានបំផ្លិចបំផ្លាញមនុស្សជាតិយ៉ាងធ្ងន់ធ្ងរ ទាំងធនធានមនុស្ស និងសេចក្ដីសុខរបស់មនុស្សគ្រប់វ័យ ស្ថានភាពគ្រប់ទីកន្លែងដែលងាយរងគ្រោះ ពិសេសព្រួយបារម្ភដល់អ្នកបន្ដវេនថែមទៀត។ មិនថាប្រទេសតូច ឬធំ អំពើជួញដូរមនុស្សមិនបានស្ងប់ស្ងាត់នៅឡើយទេ នាពេលបច្ចុប្បន្ន។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ពាក្យបណ្ដឹងដែលបានប្ដឹងពាក់ព័ន្ធករណីអំពើជួញដូរមនុស្សតាមរយៈទំព័រ Facebook របស់សម្ដេចក្រឡាហោម ស ខេង ក្រសួងមហាផ្ទៃ និង លោកឧបនាយករដ្ឋមន្ត្រី ស សុខា មានចំនួន ១,៨០៦បណ្ដឹង ប៉ុន្ដែបណ្ដឹងពិតប្រាកដមានត្រឹមចន្លោះពី១៥ ទៅ១៧ភាគរយប៉ុណ្ណោះ។ ក្រោយទទួលបានបណ្ដឹងនេះ សមត្ថកិច្ចពាក់ព័ន្ធបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីជួយអន្ដរាគមន៍ករណីដែលកើតឡើងពិតប្រាកដ៕
អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា