សង្គម

ទំនប់ស្ទាក់ទឹកស្ទឹងស្ទោង ខេត្តកំពង់ធំ នឹងជួយបង្កើនសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងស្រុកឱ្យមានជីវភាពធូរធារថែមទៀត

image


កំពង់ធំ៖ អភិបាលស្រុកស្ទោង លោក សាយ គឹមឡម នៅព្រឹកថ្ងៃទី១ ខែសីហាឆ្នាំ ២០២៤ បានចុះពិនិត្យមើលវឌ្ឍនភាពសាងសង់ទំនប់ស្ទាក់ទឹក(ពាម) ស្ថិតនៅក្នុងភូមិប្រគាប ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកំពុងដំណើរការសាងសង់ ជាអំណោយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោកអភិបាលស្រុក បានឱ្យដឹងថា ក្រោយពីទំនប់ស្ទាក់ទឹក(ពាម) សាងសង់រួចជាស្ថាពរ នឹងអាចស្តុកទឹកជួយស្រោចស្រពស្រែស្រូវកសិករសម្រាប់ធ្វើស្រែបានពីររដូវដោយសុវត្ថិភាព ដែលអាចលាតសន្ធឹងគ្រប់ដណ្ដប់ដីស្រែជាច្រើនពាន់ហិចតា លើឃុំចំនួន៦ ដូចជា ឃុំម្សាក្រង សំព្រោជ ប្រឡាយ កំពង់ចិនជើង កំពង់ចិនត្បូង និងឃុំទ្រា ផងដែរ។

លោកអភិបាលបានបន្ថែមទៀតថា ទំនប់ស្ទាក់ទឹកស្ទឹងស្ទោងនេះ ពិតជាមានអត្ថប្រយោជន៍យ៉ាងច្រើន ដែលនឹងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករនៅក្នុងស្រុកស្ទោងទាំងមូលឲ្យកាន់តែមានការរីកចម្រើន និងបានធូរធារមួយកម្រិតថែមទៀត។ ក្នុងនាមគណៈអភិបាល និងប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង បានថ្លែងអំណរគុណ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានគិតគូរយកចិត្តទុកដាក់សាងសង់សំណង់ទឹកនេះ ដែលបានឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋ និងជួយបង្កើនសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងស្រុកទាំងមូលផងដែរ។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋនៅក្នុងឃុំម្សាក្រង បានសម្ដែងនូវទឹកចិត្តសប្បាយរីករាយ ជាមួយនឹងសំណង់មួយនេះ ហើយពួកគាត់សង្ឃឹមថា ចាប់ពីឆ្នាំនេះទៅពួកគាត់លែងខ្វះទឹកធ្វើស្រែទៀតហើយ ពួកគាត់សង្ឃឹមថា នឹងជួយឲ្យសេដ្ឋកិច្ចរីកចម្រើន ព្រោះជីវភាពពួកគាត់កាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា សំណង់ស្ទាក់ទឹកស្ទឹងស្ទោង (ពាម) មានទំនប់បង្ហៀរទទឹងប្រវែង ៣៥ម៉ែត្រ ទ្វារទឹកមួយ ដែលមានទទឹង ៤ម៉ែត្រ និងមានសំណង់ស្ថាបត្យករជាច្រើនទៀត ផងដែរ៕

ដោយ៖ ស៊ុម ស៊ីថាវរី