សង្គម

តំណាងប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ ចាត់ទុកការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបច្ចេកវិទ្យា និងឌីជីថល គឺជាកត្តាចាំបាច់ ដើម្បីចូលរួមគាំទ្រ ផែនការយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

image


(ព្រៃវែង)៖ លោកស្រី ហ៊ឺ ផានិន អគ្គនាយករងអាជីវកម្ម/ប្រតិបត្តិការផែ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បានលើកឡើងថា ការបណ្តុះបណ្តាល និងការបង្កើនសមត្ថភាពធនធានមនុស្ស ផ្នែក បច្ចេកវិទ្យា និងឌីជីថល គឺជាកត្តាចាំបាច់ ដើម្បីចូលរួមគាំទ្រផែនការយុទ្ធសាស្ត្រក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះ អាទិភាពគន្លឹះ ទាំង៥ នៃយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួមមាន “មនុស្ស , ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា” ដែលបានបញ្ជាក់យ៉ាងច្បាស់ថា “កត្តាមនុស្ស” ជាវិស័យអាទិ ភាពទី១ និងបន្ថែមនូវកត្តា “បច្ចេកវិទ្យាឌីជីថល" សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្ម ទីលើក៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការ លើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់ នៃការសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

លោកស្រី ហ៉ឺ ផានិន លើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញតំណាងលោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកព្រះស្តេច ក្នុងកម្មវិធីប្រគល់-ទទួលកុំព្យូទ័រសម្រាប់បណ្តុះបណ្តាលសិស្ស និងចែកវត្ថុអនុស្សវរីយ៍ ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ភាគោក ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង។

លោកស្រី ហ៉ឺ ផានិន បានបន្ថែមថា ជាការកត់សម្គាល់ បានបង្ហាញឲ្យឃើញថា ជានិន្នាការទៅមុខ ប្រទេសនានាផ្តោតអាទិភាពជាចម្បងលើវិស័យពាក់ព័ន្ធសំខាន់ៗ តាមរយៈការជំរុញការ ធ្វើឌីជីថលភាវូបនីយកម្ម និងបរិវត្តកម្មឌីជីថល ដោយផ្តោតអាទិភាពលើការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល ដើម្បីបង្កើនផលិតភាព និងកសាងភាពធន់នៃការអភិវឌ្ឍសង្គម- សេដ្ឋកិច្ច។

លោកស្រីបន្ថែមទៀតថា ជាការពិត, ការជំរុញដល់ការអប់រំលើផ្នែកបច្ចេកវិទ្យា និងឌីជីថលពិតជាមាន សារៈសំខាន់ដែលយើងទាំងអស់គ្នា ត្រូវចូលរួមសិក្សាស្វែងយល់ និងបង្កើនសមត្ថភាពឱ្យ កាន់តែប្រសើរឡើង ស្របតាមការផ្លាស់ប្តូរនៃបរិយាកាសសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា ព័ត៌មានវិទ្យា ហេតុដូចនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងលោគ្រូ អ្នកគ្រូ ទាំងអស់ នៃវិទ្យាល័យ ហ៊ុន សែន តាគោក, ថ្នាក់ដឹកនាំ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកព្រះស្ដេច ក៏បានយកចិត្តទុកដាក់ខ្ពស់ដល់សិស្សានុសិស្សទាំងអស់ តាមរយៈការផ្តល់ ជូននូវកុំព្យូទ័រ និងឧបករណ៍បច្ចេកវិទ្យាមួយចំនួន សម្រាប់ផ្គត់ផ្គង់ដល់វិទ្យាល័យ ក៏ដូច ជាការចូលរួមផ្តល់ឱកាសដល់សិស្សានុសិស្សទាំងអស់បានប្រើប្រាស់កុំព្យូទ័រទាំងនេះ ដើម្បីជាមធ្យោបាយសិក្សារៀនបន្ថែមអំពីបច្ចេកវិទ្យា-ឌីជីថល ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងដើម្បីក្លាយខ្លួនជាធនធានដ៏មានគុណភាពខ្ពស់ដើម្បីប្រណាំងប្រជែងនៅក្នុងតំបន់ និង បង្កើតវិស័យសេដ្ឋកិច្ចថ្មីៗ ដូចជាអេឡិចត្រូនិច កសិឧស្សាហកម្ម ឡូជីស្លីក នៅក្នុងយុគឌីជីថល នាពេលអនាគតផងដែរ។

ក្នុងឱកាសនោះដែរ លោកស្រី បានរំលឹកជូនផងដែរថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ជាថ្ងៃប្រវត្តិសាស្ត្រក្នុងការ “សម្ពោធបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកជាប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កាលដែលសម្តេចនៅជានាយករដ្ឋមន្ត្រី ហើយបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ ដូចនេះ សូមលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទាំងអស់ចូលរួម អបអរសាទរ ឱ្យបានច្រើនកកុះ៕


អត្ថបទ ៖ សន ពិសិដ្ឋ