គណៈកម្មការរៀបចំការប្រឡងប្រជែង ក្របខណ្ឌគ្រូកម្រិតបឋមសិក្សា ត្រៀមប្រឡងលើកទី២ ចម្រាញ់យកតែ១៣៤៧ នាក់
ភ្នំពេញ៖ គណៈកម្មការរៀបចំការប្រឡងប្រជែងនៃក្រសួងមុខងារសាធារណៈ បានជូនដំណឹងដល់បេក្ខជន ដែលបានប្រឡងជាប់វិញ្ញាសា សរសេរលើកទី១ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌ ក្រសួងអប់រំ យុវជន និងកីឡា ឱ្យបានជ្រាបថា បេក្ខជនទាំងអស់ ត្រូវចូលរួមការប្រឡងលើ វិញ្ញាសាសរសេរលើកទី២ ដែលនឹងប្រព្រឹត្តទៅដូចខាងក្រោម៖
ក-វិញ្ញាសាប្រឡង (កម្រិតថ្នាក់ទី១២)
-មុខវិជ្ជា គណិតវិទ្យារយៈពេល ២ម៉ោង (១២:៣០នាទី-១៤:៣០នាទី) ពិន្ទុ ១០០/១០០ មេគុណ១។
-អក្សរសាស្ត្រខ្មែរ រយៈពេល ២ម៉ោង (១៥:៣០នាទី-១៧:៣០នាទី) ពិន្ទុ១០០/១០០ មេគុណ១ ។
យោងសេចក្តីជូនដំណឹងពីគណៈកម្មការរៀបចំការប្រឡងប្រជែង បានឲ្យដឹងថា៖
សម័យប្រឡងនឹងប្រព្រឹត្តទៅ ថ្ងៃចន្ទទី ១២ ខែសីហា ឆ្នាំ២០២៤។
មណ្ឌលប្រឡងនៅសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
បេក្ខជនត្រូវមកដល់មណ្ឌលប្រឡងមុន ១ម៉ោង (ម៉ោង១១:៣០នាទី) និងភ្ជាប់មកជាមួយនូវ៖
-សលាកបត្រឯកត្តជន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឆាយា (ព្រះសង្ឃ) ឬលិខិតបញ្ជាក់ អត្តសញ្ញាណផ្សេងទៀត ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
-ប៊ិកពណ៌ខៀវ និងបន្ទាត់ សម្រាប់ប្រើ ប្រាស់ពេលប្រឡង។
ទីតាំងមណ្ឌល៖សាលាភូមិន្ទរដ្ឋបាល៖ ស្ថិតតាមបណ្តោយវិថីឧកញ៉ាញឹកជូឡុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជ ធានីភ្នំពេញ។
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច៖ ស្ថិតតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សម្លៀកបំពាក់សមរម្យ៖ ស្ត្រី ស្លៀកសំពត់ពណ៌ខ្មៅ ឬពណ៌ទឹកប៊ិកចាស់ក្រោមជង្គង់ និងអាវពណ៌ស។ បុរស ៖ ខោជើងវែងពណ៌ខ្មៅ ឬពណ៌ទឹកប៊ិកចាស់ និងអាវពណ៌ស។
ចំពោះការបែងចែកលេខបន្ទប់ លេខតុ និងព័ត៌មានផ្សេងៗ ពាក់ព័ន្ធដំណើរការនៃការប្រឡង នឹងត្រូវប្រកាសផ្សព្វផ្សាយនៅ ពេលក្រោយ។បេក្ខជនទាំងអស់ជ្រាបជាព័ត៌មាន និងអនុវត្តឱ្យបានម៉ឺងម៉ាត់។
សូមបញ្ជាក់ផងដែរថា៖ ក្នុងចំណោម បេក្ខជនជិត៤ម៉ឺននាក់ ដែលបានចូលរួមប្រ ឡងប្រជែងលើវិញ្ញាសារសរសេរលើកទី១ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូ បង្រៀនកម្រិតបឋមសិក្សានៅទូទាំងប្រទេស ក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា មានតែបក្ខជនចំនួន ៤៣២១ នាក់ ក្នុងនោះស្រីមានចំនួន ២៨២៦នាក់ បានជាប់បន្ត ទៅប្រឡងលើកទី២ លើវិញ្ញាសាសរសេរ ដែលជាការប្រឡងលើកចុងក្រោយដែលនិងចម្រាញ់យកតែ ១៣៤៧នាក់ ។
កំណែលើសន្លឹកកិច្ចការវិញ្ញាសាសរសេររបស់បេក្ខជនប្រឡងគ្រូបឋមសិក្សា លើកទី១ បានបញ្ចប់នៅម៉ោងប្រមាណជាង៩ យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ទៅតាមការគ្រោង ទុក ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាការប្រឡងប្រជែង បានអញ្ចើញចុះត្រួតពិនិត្យទៅលើការងារ កំណែវិញ្ញាសា បូកសរុបពិន្ទុ ក៏ដូចលទ្ធ ផលប្រឡងប្រជែងរបស់បេក្ខជន ដើម្បីបង្ហាញពីការយកចិត្តទុកដាក់យ៉ាងហ្មត់ ចត់ក្នុងការប្រឡងប្រជែងជ្រើសរើសគ្រូ បង្រៀននៅបឋមសិក្សា ឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។
រាល់ការរៀបចំប្រឡងមានការ ចូលឃ្លាំមើលពីអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យ និងមហាជន ព្រមទាំងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ លើសពីនេះ ក៏មានការពិនិត្យ ផ្ទៀងផ្ទាត់បន្ថែមលើសន្លឹកកិច្ចការដែលកែរួច ដោយគណៈកម្មការចម្រុះផងដែរ៕
ដោយ៖វង សុភ័ក្ត្រ