ចាប់ខ្លួនជនបរទេសម្នាក់ បន្ទាប់ពីបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ ជាការបញ្ឈឺចិត្តមិត្តស្រីរបស់ខ្លួន

ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិកាមេរ៉ូនម្នាក់ បញ្ជូនទៅតុលាការ ដោយសារបញ្ឈឺមិត្តស្រី បែរទៅជាបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងករណីនេះ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ តាមរយៈលេខទូរសព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីបុរសជនជាតិបរទេសម្នាក់ ដែលមានសភាពដូចមនុស្សបែកថ្នាំ ដោយបិទបន្ទប់ចាក់សោរពីខាងក្នុង វាយបំផ្លាញរបស់របរ ហើយឈរតោងសំយ៉ាប ខុនដូរ TimeSqare3 ជាន់ទី៦ ផ្លូវ៣១៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្ករការភ្ញាក់ផ្អើលដល់បុគ្គលិកខុនដូរ ក៏ដូចជាអ្នករស់នៅដ៏ទៃទៀត។
ក្រោយពេលទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក សៀ ទីន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមនឹងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានចុះដល់កន្លែងកើតហេតុ ដោយសហការជាមួយម្ចាស់ខុនដូរព្រមទាំងម្ចាស់បន្ទប់ដែលជួលឲ្យបុរសបរទេសខាងលើ ដើម្បីធ្វើការលួងលោមឲ្យបុរសនោះបើកទ្វារ តែមិនបានសម្រេច ហើយបុរសនោះថែមទាំងធ្វើសកម្មភាពហាក់ចង់លោតចេញពីសំយ៉ាបខុនដូរទៀតផង តែត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបុកទម្លាយទ្វារ ចូលទៅនាំយកបុរសនោះទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរព័ត៌មាន។
បុរសខាងលើ មានឈ្មោះថា Tchoumbou Christel ជាជនជាតិ កាំម៉ារូន បន្ទាប់ពីបានអាវុធហត្ថរាជធានីភ្នំពេញនាំយកមកសាកសួរព័ត៌មាន និងធ្វើតេស្តទឹកនោម រកពុំឃើញសារធាតុញៀន ក៏ត្រូវបានម្ចាស់បន្ទប់ជួលដាក់ពាក្យប្តឹងពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ ដោយសារបុរសនេះបានវាយកម្ទេចសម្ភារក្នងបន្ទប់ជួលរបស់ខ្លួនខ្ទេចខ្ទីទាំងស្រុង ក្នុងគោលបំណង បញ្ឈឺដាក់ស្រីស្នេហ៍ដែលនាងមិនព្រមមកជួប។
មិនតែប៉ុណ្ណោះបុរសខាងលើថែមទាំងអុកឡុកវាយបំផ្លាញសម្ភារផ្សេងៗរបស់អាវុធហត្ថរាជធានីភ្នំពេញ និងស្រែកឡូឡាទាមទារឲ្យហៅស្រីស្នេហ៍ខ្លួនមកជួបផងដែរ តែនាងមិនមកជួប។ ដូច្នេះអាវុធហត្ថរាជធានីភ្នំពេញបានកសាងសំណុំរឿងបញ្ជូនខ្លួនបុរសនេះទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕
អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា









