សន្តិសុខសង្គម

រថយន្តបុករះម៉ូតូកង់បីឥណ្ឌា​ ក្រឡាប់២គ្រឿង​ និងរថយន្ត២គ្រឿង​ រងការខូចខាត​ នៅខាងជើងអង់តែនទួលគោក

image


ភ្នំពេញ៖​ មានករណីរថយន្តបុករះ​ ដោយរថយន្តមួយគ្រឿងជិះដោយក្មេងប្រុស២នាក់បងប្អូន​ បានជ្រុលចង្កូតទៅបុករះម៉ូតូកង់ឥណ្ឌាចំនួន​ ២គ្រឿង​ ក្នុងទិសដៅស្របគ្នាបណ្តាលឱ្យប្រឡាប់​ និងជ្រុលទៅបុកជាមួយរថយន្ត​មួយគ្រឿង​ ម៉ាក​ Lexus RX300 និងរថយន្តម៉ាក​ Toyota Prius​ ជាបន្តបន្ទាប់ បណ្តាលឲ្យរងការខូចខាត​ តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។

ករណី​គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងនៅវេលាម៉ោង​ ៤:៥០នាទីល្ងាច​ ថ្ងៃទី៣០​ ខែកក្កដា​ ឆ្នាំ​២០២៤​ នៅខាងជើងអង់តែនទួលគោក ចំណុចផ្លូវ៣៥៥​ ក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។

រថយន្តដែលបង្កគ្រោះថ្នាក់ម៉ាក​ Toyota Raize ពណ៌សពាក់ស្លាក់លេខ ភ្នំពេញ២BZ.៧៨៦៨ បើកបរដោយក្មេងជំទង់ម្នាក់រួមចំណើរជាមួយក្មេងម្នាក់ទៀត។

យោងតាមសាក្សីនៅកន្លែងកេីតហេតុ​ បានឱ្យដឹងថា​ នៅមុនពេលកើតហេតុរថយន្តបង្កធ្វើដំណើរតាមផ្លូវលេខ៣៥៥ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន​ ក៏បានជ្រុលទៅបុកកង់បីចំនួន​ ២គ្រឿង​ ក្នុងទិសដៅស្របគ្នាជាបន្តបន្ទាប់បណ្តាលឱ្យក្រឡាប់ទាំង២។​ បន្ទាប់ពីគ្រោះថ្នាក់​ រថយន្តបន្តល្បឿនទៅបុករថយន្តម៉ាក​ Lexus RX300មួយគ្រឿង និងរថយន្តម៉ាក​ Toyota Priusមួយគ្រឿងទៀត។

នៅក្នុងគ្រោះថ្នាក់នេះ​ បណ្តាលអ្នករត់ម៉ូតូកង់៣ម្នាក់បានរងរបួសស្រាល​ និងបង្កឱ្យម៉ូតូកង់៣ចំនួន​ ២គ្រឿង​ និងរថយន្ត​ ២គ្រឿង​ បានរងការខូចខាត។​ ដោយឡែករថយន្តបង្កខ្ទេចមុខធ្ងន់ធ្ងរ។

ក្រោយកេីតហេតុ​ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅសម្រួលចរាចរណ៍​ និងទាក់ទងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក​ ដើម្បីវាស់វែង​ និងសម្របសម្រួលដោះស្រាយ៕

ដោយ៖​ ឌីយ៉ាម៉ង់