សង្គម

ទីតាំងផលិតទឹកកាធុម១កន្លែង នៅក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងអាវុធហត្ថ បង្រាបនិងដកហូតស្លឹកកាធុម ជាសារធាតុអាចផ្សំជាថ្នាំញៀន បានចំនួន៦ឆ្នាំង និង៣០០ដប

image


អត្ថបទ៖ ជា ថន
ខេត្តបន្ទាយមានជ័យ៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតបានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ ចុះបង្ក្រាប ទីតាំងផលិត ទឹកកាធុម១កន្លែង ដោយបានដកហូតវត្ថុតាងមាន ស្លឹកកាធុមជាសាធាតុអាចផ្សំជាថ្នាំញៀនចំនួន៦ឆ្នាំង និង៣០០ដប ព្រមទាំងគ្រឿងផ្សំជាច្រើនទៀត។ ការចុះបង្ក្រាបនេះ ធ្វើឡើនៅរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។


លោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌ បានឱ្យដឹងថា ក្រោយទទួលព័ត៌មានពីអាជ្ញាធរថាមានទីតាំងផលិតស្លឹកកាធុម១កន្លែងកំពុងផលិតយ៉ាងពេញទំហឹង, កម្លាំងនគរបាលយុត្តិធម៌ ១ក្រុមចុះសហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដែលដឹកនាំដោយលោកវរសេនីយត្រី នួន នីណារ៉ូមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនិងមន្ត្រីអាជ្ញាធរ ចុះទៅដល់ទីតាំងផលិតស្លឹកកាធុមនៅចំណុចផ្ទះមួយកន្លែងម្ដុំចំការស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយក្រុមជនសង្ស័យជាម្ចាស់ទីតាំងបានដឹងខ្លួនមុន ចាក់សោរផ្ទះទុកចោល រត់គេចខ្លួនបាត់អស់។


ក្នុងនោះ ដោយបានបទបញ្ជាពី លោកឧត្តមសេនីយ៍ បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រូលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យនិង មន្ត្រីអាជ្ញាធរក្រុងប៉ោយប៉ែត, កម្លាំងចម្រុះបានកាត់សោរទីតាំងផលិតស្លឹកកាធុមនេះ ហើយចូលឆែកឆេ រកឃេីញមានវត្ថុតាង ១.ទឹកកាធុមចំនួន៦ឆ្នាំង និង៣០០ដប, ២.ស្លឹកកាធុមចំនួន១០ថង់ធំ ស្មើនឹង១៦៧គីឡូក្រាម, ៣.ថ្នាំក្អកចំនួន០២កេសធំ(សារធាតុផ្សំ), ៤.កញ្ឆាស្ងួតចំនួន០៧ថង់, ៥.កាធុនដែកចំនួន០៦, ៦.ធុងទឹកកកចំនួន០៣, ៧.ឧបករណ៍ជក់កញ្ឆាចំនួន៣១បំពង់, ៨.ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០៤គ្រឿង, ៩.ថង់វេចខ្ចប់ និងដបច្រកមួយចំនួនធំ, ១០.ទូដែកចំនួន០១។


វត្ថុតាងខាងលើត្រូវបានរក្សាទុកក្នុងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំណែកទឹកកាធុមនិងស្លឹកកាធុមត្រូវបានបំផ្លាញចោល។


លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ការចុះបង្ក្រាបថ្នាំញៀននេះ អនុវត្តតាមបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល និងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើយ៉ាងណា ឲ្យកងអាវុធហត្ថ ត្រូវតែបង្ក្រាបរាល់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានឲ្យអស់ ជាពិសេសការផលិត លក់ ជក់ គ្រឿងញៀនជាដើម។


គួរបញ្ជាក់ផងដែរថា ស្លឹកកាធុមជាប្រភេទគ្រឿងផ្សំម្យ៉ាងអាចផ្សំជាគ្រឿងញៀនបាន ក្នុងនោះជនសង្ស័យបានយកស្លឹកកាធុមទៅផ្សំនិងថ្នាំបាត់ក្អកចេញជា ប្រភេទភេជ្ជៈ ដែលលួចនាំចូលពីប្រទេសថៃ ដែលធ្វេីឲ្យអ្នកផឹកប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ជាពិសេសយុវវ័យ និងកុមារ។


លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយសមត្ថកិច្ច បើសិនជាឃើញថាមានកន្លែងណាមានការលួចនាំចូល ផលិត និងចែកចាយ ស្លឹកកាធុម សូមរាយការណ៍មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ដើម្បីធ្វើការបង្ក្រាបភ្លាមៗ ដោយគ្មានការលើកលែងឡើយ៕