សេដ្ឋកិច្ច

អត្រាអតិផរណានៅកម្ពុជា ធ្លាក់មកនៅត្រឹម ០,៤% នៅឆមាសទី១ ឆ្នាំនេះ ដោយសារការធ្លាក់ចុះនៃតម្លៃប្រេងឥន្ធនៈ និងថ្លៃក្រុមទំនិញ

image


ភ្នំពេញ៖ អតិផរណានៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ មានអត្រាធ្លាក់ទាបក្នុងរង្វង់ប្រមាណ ០,៤ភាគរយ ដោយសារការធ្លាក់ចុះថ្លៃប្រេងឥន្ធនៈ នឹងការធ្វើឲ្យប្រសើរឡើងនៃស្ថានភាពផ្គង់ផ្គង់ម្ហូបអាហារ និងការថយចុះថ្លៃដើមផលិត ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចក្នុងស្រុកមានកាន់តែមានភាពធន់ និងកំណើនរឹងមាំ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា នៅក្នុងឆមាសទី ១ឆ្នាំនេះ អតិផរណារួមមានកម្រិត ០,៤ភាគរយ ទាបជាងឆមាសមុន ដែលមានកម្រិត ៣ភាគរយ ដោយសារការធ្លាក់ថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ធ្លាក់ចុះដល់ -១ភាគរយ និងការថមថយអតិផរណាម្ហូបអាហារ មកនៅត្រឹម ០,៤ភាគរយ និងអតិផរណាស្នូល មានកម្រិត ០,៤ភាគរយ។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ របស់ធនាគារជាតិនៃកម្ពុជា កាលពីសប្តាហ៍មុននេះថា នៅក្នុងបរិការណ៍ដែលសេដ្ឋកិច្ច និងនយោបាយពិភពលោកបន្តស្ថិតក្នុងស្ថានភាពមិន ប្រាកដប្រជា និងដើម្បីបន្តគាំទ្រការងើបឡើងនៃសេដ្ឋកិច្ចជាតិ ធនាគារជាតិនៃកម្ពុជាបានបន្ត ពង្រឹងការអនុវត្តតួនាទី-ភារកិច្ចយ៉ាងសកម្ម ក្នុងការរួមចំណែករក្សាស្ថិរភាពថ្លៃ ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ និងការរក្សាបានស្ថិរភាព និងការអភិវឌ្ឍនៃប្រព័ន្ធធនាគារដ៏មានទំនុកចិត្ត សម្រាប់វិនិយោគិននិងសាធារណជនទូទៅ សំដៅគាំទ្រការវិនិយោគ និងការប្រើប្រាស់។

លោកស្រីបានគូសបញ្ជាក់ថា អតិផរណាមានកម្រិតជាមធ្យមត្រឹម ០,៤% ប៉ុណ្ណោះក្នុងឆមាសទី១នេះ ដោយសារការធ្លាក់ចុះនៃថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ និងកម្រិតទាបនៃអតិផរណា ម្ហូបអាហារ និងអតិផរណាស្នូល។ អត្រាអតិផរណាទាបនេះបានរួមចំណែកការពារអំណាចទិញរបស់ចំណូលប្រជាជនកម្ពុជា ស្របពេលដែលអត្រាប្តូរប្រាក់មានស្ថិរភាពក្នុងកម្រិតមធ្យម ៤.០៧៥រៀលក្នុងមួយដុល្លារអាមេរិក ដែលបានកើនថ្លៃ ០,៤% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។

លោកស្រីបន្តថា ការរក្សាអត្រាប្តូរប្រាក់ឱ្យប្រែប្រួលទាបជាង ១% គឺជាជោគជ័យមួយរបស់កម្ពុជា បើធៀបនឹងរូបិយប័ណ្ណក្នុងតំបន់ ដូចជា រ៉ូពីឥណ្ឌូនេស៊ី ប៉េសូហ្វីលីពីន ដុងវៀតណាម បាត ថៃ រីងហ្គីតម៉ាឡេស៊ី និងគីបឡាវ ដែលថយថ្លៃលើសពី ៣,៨%។ ការសម្រេចបាននេះក៏ ដោយសារការអនុវត្តនយោបាយរូបិយវត្ថុយ៉ាងប្រុងប្រយ័ត្ន ដោយថ្លឹងថ្លែងពីតម្រូវការ និងការផ្គត់ផ្គង់ប្រាក់រៀលនៅក្នុងសកម្មភាពសេដ្ឋកិច្ច។ គួររំលេចថា ប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុនានាក៏បានចូលរួមកាត់បន្ថយការធ្វើអន្តរាគមន៍នៅលើទីផ្សារប្តូរប្រាក់ ដែលធ្លាប់តែជាឧបករណ៍ចម្បងមួយក្នុងការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ហើយដែលជាទូទៅការធ្វើអន្តរាគមន៍ម្តងៗអាចធ្វើឱ្យទុនបម្រុងអន្តរជាតិថយចុះ។

តាមការព្យាករណ៍ បានឲ្យដឹងថា អតិផរណា នៅឆមាសទី២ឆ្នាំនេះ នឹងកើនដល់ ២,៧ភាគរយ ដែលធ្វើឲ្យកម្រិតអតិផរណាជារួមសម្រាប់ពេញមួយឆ្នាំ ២០២៤ អាចស្ថិតក្នុងរង្វង់ ១,៥ភាគរយ។

គិតត្រឹមចុងឆមាសទី១នេះ ទុនបម្រុងអន្តរជាតិមានចំនួន ២០ប៊ីលានដុល្លារអាមេរិក ដែលប្រហាក់ប្រហែលនឹងចុងឆ្នាំ ២០២៣ បើទោះបីជាប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ចអន្តរជាតិក៏ដោយ។ បច្ចុប្បន្ន ទុនបម្រុងអន្តរជាតិមាន កម្រិតស្មើនឹង ៧ខែនៃការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់ ដែលខ្ពស់ជាងកម្រិតអប្បបរមា ៣ខែ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលត្រូវបានចាត់ទុកថាខ្ពស់គ្រប់គ្រាន់ ក្នុងការរួមចំ ណែករក្សាជំនឿទុកចិត្តរបស់វិនិយោគិន និងសាធារណជនមកលើស្ថិរភាពសេដ្ឋ កិច្ចកម្ពុជា ដែលជាមូលដ្ឋានចាំបាច់មួយ ក្នុងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តនយោបាយ រូបិយវត្ថុ និងអត្រាប្តូរប្រាក់៕