កម្ពុជា កំណត់គោលដៅចុះបញ្ជីយានយន្តអគ្គិសនីឲ្យបានជិត ៨០ម៉ឺនគ្រឿង នៅឆ្នាំ ២០៣០

ភ្នំពេញ៖ រាជរដ្ឋាភិបាល សម្រេចដាក់ឲ្យប្រើប្រាស់ «គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០» ដើម្បីជួយលើកកម្ពស់បរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល និងជាពិសេសការឈោងចាប់នូវបច្ចេកវិទ្យាថ្មីៗ ស្របនឹងនិន្នាការតំបន់ និងពិភពលោក ដែលកំពុងតម្រង់ទិសទៅរកឧស្សាហកម្មបៃតង។
នៅក្នុងគោលនយោបាយជាតិនេះ រាជរដ្ឋាភិបាល បានកំណត់គោលដៅចុះបញ្ជីយានយន្តអគ្គិសនីឲ្យបានជិត ៨០ម៉ឺនគ្រឿង នៅឆ្នាំ ២០៣០ ក្នុងនោះគឺ រថយន្តអគ្គិសនីសុទ្ធចំនួន ៣០.០០០គ្រឿង (រថយន្តទេសចរណ៍ អគ្គិសនីសុទ្ធ មានចំនួន ២៥.០០០គ្រឿង និងរថយន្តអគ្គិសនីសុទ្ធបម្រើ ក្នុងសកម្មភាពអាជីវកម្ម ចំនួន ៥.០០០គ្រឿង), ទោចក្រយានយន្តអគ្គិសនីសុទ្ធសរុប ចំនួន ៧២០.០០០គ្រឿង និងត្រីចក្រយានយន្តអគ្គិសនីសុទ្ធសរុប ចំនួន ២០.០០០គ្រឿង។
ថ្វីត្បិតបច្ចុប្បន្នតួលេខនៃចំនួនយានយន្តអគ្គិសនីប្រើប្រាស់នៅកម្ពុជា មានចំនួនតិចនៅឡើយ បើធៀបនឹងយានយន្តប្រើចំហេះឥន្ធនៈក៏ដោយ ប៉ុន្តែនិន្នាការនៃតម្រូវការប្រើប្រាស់យានយន្តអគ្គិសនី នៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មានកំណើនយ៉ាងឆាប់រហ័ស។
ជាក់ស្តែង ក្នុងចំណោមយានយន្តចំនួន ៧លានគ្រឿង ទោចក្រក្រយានយន្តមានប្រមាណ ៨៥% និងរថយន្តប្រើប្រើប្រាស់ប្រេងឥន្ធនៈមានប្រមាណ ១៥% នៅទូទាំងប្រទេស។ ដោយឡែកយានយន្តអគ្គិសនី ដែលបានចុះបញ្ជីផ្លូវការដោយក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមខែមិថុនា ឆ្នាំ ២០២៤នេះ មានចំនួនសរុប ២.៩៦៨គ្រឿង ដោយក្នុងនោះរួមមាន ទោចក្រយានយន្តចំនួន ៩១៤គ្រឿង ត្រីចក្រយានយន្តចំនួន ៤៤០គ្រឿង និងរថយន្តចំនួន ១.៦១៤គ្រឿង។ រីឯទីតាំងបញ្ចូលថាមពល គិតត្រឹមដើមឆ្នាំ ២០២៤នេះ មានចំនួន ២១កន្លែង ដែលមានទូបញ្ចូលថាមពលអគ្គិសនីលឿនខ្លាំងសរុបចំនួន ២៧គ្រឿង។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការចុះបញ្ជីយានយន្តអគ្គិសនីមានការកើតឡើងជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នាការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈចំហេះក្នុងដែលជានិន្នាការចាស់។
លោកបានលើកឡើងទៀតថា ការប្រើប្រាស់យានយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ចំណាយប្រចាំថ្ងៃតិច ផាសុកភាព កម្រិតបំពុលក្នុងបរិយាកាសទាប ហើយលើសពីនេះ ក្រុមហ៊ុនយានយន្តខ្លះបានអះអាងពីកម្រិតនៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀត។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធនានា បានប្រឹងប្រែងធ្វើឱ្យប្រសើរឡើងចំនួនស្ថានីយសាកអាគុយកាន់តែច្រើន និងលក្ខខណ្ឌអំណោយផលផ្សេងៗទៀតកាន់តែប្រសើរ។
យោងតាមយោងតាមតួលេខនៃការចុះបញ្ជីយានយន្តអគ្គិសនីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងទៀតថា គិតត្រឹមរយៈពេល ៦ខែ ឆ្នាំ២០២៤ ចំនួនយានយន្តរបស់ក្រុមហ៊ុន BYD ឈរលើកំពូលតារាង ដែលមានចំនួន ៦៥៨គ្រឿង យានយន្តម៉ាក TOYOTA ចំនួន ២៦១គ្រឿង និងម៉ាក TESLA ចំនួន ១៨៦គ្រឿង ព្រមទាំងម៉ាកផ្សេងៗទៀត។
ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញគោលនយោបាយជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី និងកំណើនតម្រូវការយានយន្តអគ្គិសនីយ៉ាងលឿននេះ ក្រុមហ៊ុនរថយន្តអគ្គិសនីយក្សរបស់ចិន BYD ក៏បានបង្ហាញពីបំណងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា នាពេលខាងមុខនេះផងដែរ។
សូមជម្រាបថា នាពេលបច្ចុប្បន្ន ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី គឺជានិន្នាការសកលដែលកំពុងកើនយ៉ាងលឿន។ ការលក់យានយន្តអគ្គិសនីសកលបានកើន ២២៤% ពីប្រមាណ៣,២លានគ្រឿងក្នុងឆ្នាំ ២០២០ រហូតដល់ប្រមាណ ១០លានគ្រឿង ក្នុងឆ្នាំ ២០២២ ដែលទីផ្សារយានយន្តអគ្គិសនីសកលមានទំហំប្រមាណ ២០៥,៦ប៊ីលានដុល្លារអាម៉េរិក ឬប្រមាណ១០% នៃទីផ្សារលក់យានយន្តក្នុងសកល។ បន្ថែមលើនេះ ស្ថាប័នស្រាវជ្រាវអន្តរជាតិនានាបានព្យាករថា យានយន្តអគ្គិសនីនឹងរួមចំណែកប្រមាណ ៥០% នៃការលក់យានយន្តថ្មីនៅទូទាំងពិភពលោកនៅឆ្នាំ ២០៣៥ និងប្រមាណ ៦១% នៅឆ្នាំ ២០៤០៕
អត្ថបទ៖ សៀម ប៊ុនធី



