ក្រុងតៃប៉ិលើកឡើងថា មានយន្តហោះចិនចំនួន៣៧គ្រឿងបានហោះហើរក្បែរកោះតៃវ៉ាន់ សំដៅទៅធ្វើសមយុទ្ធនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច
កោះតៃវ៉ាន់៖ ស្ថាប័នការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយកាលពីរសៀលថ្ងៃពុធថា មានយន្តហោះប្រទេសចិនចំនួន៣៧គ្រឿងបានហោះមកក្រវែលនៅក្បែរកោះតៃវ៉ាន់ ខណៈដែលយន្តហោះទំាងអស់នោះមានមុខសំដៅដើម្បីធ្វើការហ្វឹកហាត់ ដោយភ្ជាប់មកជាមួយនូវនាវាផ្ទុកយន្តហោះមួយគ្រឿងទៀតចូលទៅកាន់តំបន់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច។
ដោយឡែកប្រទេសចិនឯណោះវិញបានអះអាងថា កោះតៃវ៉ាន់ គឺផ្នែកមួយនៃដែនដីរបស់ខ្លួន ស្របពេលដែលខ្លួនបង្ហាញវត្តមានយន្តហោះចំបំាង ដ្រូន នាវាចំបំាងស្ទើរជាប្រចំាថ្ងៃទៅហើយនៅជុំវិញកោះតៃវ៉ាន់នោះ ដែលមានទីតំាងស្ថិតនៅចម្ងាយប្រមាណជា១៨០គីឡូម៉ែត្រប៉ុណ្ណោះពីតំបន់ឈូងសមុទ្រចិនភាគខាងត្បូង។
រីឯអ្នកយុទ្ធសាស្រ្តយោធាវិញក៏បានលើកឡើងនៅថ្ងៃនេះដែរថា តំបន់នោះបានក្លាយទៅជាច្រកដ៏សំខាន់នៃផ្លូវចេញពីតំបន់ឈូងសមុទ្រចិនខាងត្បូង គាប់ជួនគ្នានៃការអះអាងរបស់ចិនស្ទើរតែទំាងស្រុងទៅហើយនៅក្នុងសមុទ្រចិនខាងត្បូង រហូតដល់តំបន់មហាសាគរប៉ាស៊ីហ្វិកទៀតផង។
បើផ្អែកតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារំាងអាអេហ្វប៉េ(AFP)នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងបន្ថែមទៀតថា មានយន្តហោះចំនួន៣៦គ្រឿងនៅក្នុងចំណោមយន្តហោះទំាងអស់នោះបានឆ្លងកាត់ចូលតាមខ្សែបន្ទាត់ច្រកដែនទឹកដ៏រសើបនៃដែនដីចែកខណ្ឌគ្នារវាងកោះតៃវ៉ាន់ និងប្រទេសចិន។
កាលពីខែឧសភាកន្លងទៅ ក្រោយប៉ុន្មានថ្ងៃនៃការឡើងកាន់តំណែងរបស់ប្រមុខដឹកនំាកោះ លោក ឡៃ ជីងតេ បានលើកឡើងថា ចិនចាប់ផ្តើមលេងល្បែងសង្គ្រាមនៅជុំវិញកោះតៃវ៉ាន់ ដើម្បីដាក់សម្ពាធលើការស្វះស្វែងរកឯករាជ្យភាពដែនកោះតៃវ៉ាន់។
ពាក់ព័ន្ធនឹងការទទួលស្គាល់ផ្លូវការលើឯករាជ្យភាពនៃកោះតៃវ៉ាន់នេះ ទំាងសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសដទៃទៀតជាច្រើនមិនបង្ហាញទទួលស្គាល់ជាផ្លូវការនៅឡើយទេរហូតមកទល់នឹងពេលនេះ ខណៈសហរដ្ឋអាម៉េរិកជាដៃគូគន្លឹះរបស់ក្រុងតៃប៉ិ ស្របពេលដែលចិនតែងតែអំពាវនាវជារឿយៗថា សូមឱ្យក្រុងវ៉ាស៊ីនតោនបញ្ឈប់ប្រគល់អាវុធទៅឱ្យកោះតៃវ៉ាន់ផងដែរ៕
ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស
ប្រភព៖ AFP