សន្តិសុខសង្គម

បុរសម្នាក់ ផឹកស្រាស្រវឹង វង្វេងរត់ជ្រុលធ្លាក់ពីលើផ្ទះជាន់ទី៤ ស្លាប់ភ្លាមៗនៅនឹងកន្លែង

image


ភ្នំពេញ៖ បុរសម្នាក់ បានផឹកស្រាស្រវឹងវង្វេងរត់ឡើងឡើងទៅលើផ្ទះគេជាន់ទី៤ រួចឆ្លេឆ្លាវង្វេងវង្វាន់ក៏ជ្រុលជើងធ្លាក់ពីកាំជណ្តើរ ខ្ទាតទៅខាងក្រោយផ្ទះ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២:៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ តេង សេងឌី ភេទប្រុស អាយុ៤២ឆ្នាំ អ្នកលក់ខ្សែក្រវ៉ាត់ មួក តាមចំណតរថយន្ត មានប្រពន្ធឈ្មោះ អៀវ ភួង អាយុ៤៣ឆ្នាំ អ្នកលក់ដូរតាមចំណតរថយន្ត មានកូនចំនួន៣នាក់ ប្រុស១នាក់ ស្រី២នាក់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិតាគ្រាប ឃុំព្នៅទី១ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។

យោងតាមការបំភ្លឺពីស្ត្រីជាប្រពន្ធ បានឱ្យដឹងថា ប្តីរបស់គាត់ក្រោយពីលក់ដូរ ផឹកតែស្រា ហើយមុនកើតហេតុ ជនរងគ្រោះជាប្តី ផឹកស្រាស្រវឹង ខណៈដែលប្រពន្ធកូន កំពុងដេក ប្តីវង្វេងរត់ឡើងលើផ្ទះគេជាន់ទី៤ ក៏ជ្រុលធ្លាក់តាមកាំជណ្តើរ ខ្ទាតទៅខាងក្រោយផ្ទះ បណ្តាលឱ្យស្លាប់។

សពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យ កោសល្យវិច័យរួច ប្រគល់ជូនក្រុមគ្រួសារចាត់ចែង តែដោយសារជីវភាៈខ្វះខាតសម្រាប់ធ្វើបុណ្យផង ត្រូវបានរថយន្តរបស់អង្គភាព ៧១១ កងពលតូចលេខ៧០ ជួយដឹកសពយកទៅតម្កល់ទុកធ្វើបុណ្យនៅវត្តទឹកថ្លា និងជួយចូលជាបច្ច័យ ចូលរួមរំលែកទុក្ខផងដែរ៕

ដោយ៖ ឌីយ៉ាម៉ង់