ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិនបង្ហាញជំនឿទុកចិត្តខ្ពស់លើមេដឹកនាំក្រុងហុងកុង

image

ចិន៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន, ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi jinping) បានប្រាប់ មេដឹកនាំក្រុងហុងកុងលោកស្រី ខារី ឡាំ ថារដ្ឋាភិបាលកណ្តាលមានទំនុកចិត្តខ្ពស់លើ លោកស្រី និងបានបន្ថែមថាការបញ្ឈប់ភាពចលាចលនិងស្តារស្ថិរភាពឡើងវិញនៅតែជាការងារសំខាន់បំផុតនៅ ហុងកុង។

កាលពីសប្តាហ៍មុនមានសេចក្តីរាយការណ៍ជាច្រើនបាននិយាយថា ទីក្រុងប៉េកាំងមានគម្រោងដក លោកស្រី ឡាំ ចេញពីតំណែងមេដឹកនាំក្រុងហុងកុងបន្ទាប់ពីមានការតវ៉ាប្រឆាំងរដ្ឋាភិបាលរយៈពេល ជាច្រើនខែដែលបានញាំញីទីក្រុងមួយនេះ។

ប៉ុន្តែលោក ស៊ី ត្រូវបានគេរាយការណ៍ថាបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះលោកស្រី ឡាំ នៅឯកិច្ចប្រជុំមួយក្នុងទីក្រុងសៀងហៃ។ គួរបញ្ជាក់ថា ការតវ៉ានោះដើមហេតុចេញមកពីសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើបត្យាប័ន ដែលត្រូវបាន លុបចោលទាំងស្រុងទៅហើយ។

ប៉ុន្តែបើទោះបីជាសេចក្ដីព្រាងច្បាប់នោះត្រូវបានលុបចោលយ៉ាងណាក៏ដោយក៏ការតវ៉ាមិនបានបញ្ឈប់ទេដោយបានវិវត្តទៅជាចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យនិងជាចលនាប្រឆាំងប្រទេសចិនដីគោកថែមទៀតផង៕