សេដ្ឋកិច្ច

ក្បួនរថយន្តចំនួន ៧គ្រឿង ដឹកអ្នកដំណើរ និងទំនិញ ចេញពីប្រទេសចិន បានមកដល់កម្ពុជាហើយ ក្រោយធ្វើដំណើរលើចម្ងាយផ្លូវជាង ២.០០០គីឡូម៉ែត្រ

image


ភ្នំពេញ៖ ក្បួនរថយន្តចំនួន ០៧គ្រឿង បានធ្វើដំណើរលើចម្ងាយផ្លូវជាង ២ពាន់គីឡូម៉ែត្រ ដោយមានយានយន្តដឹកទំនិញ ០៥គ្រឿង បានដឹកបន្លែស្រស់, សម្ភារការិយាល័យ, គ្រឿងសង្ហារិម និងទំនិញផ្សេងៗទៀត និងយានយន្តដឹកអ្នកដំណើរចំនួន ០២គ្រឿងទៀត បានដឹកប្រតិភូនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ, ប្រតិបត្តិករដឹកជញ្ជូន, អ្នកជំនាញការ និងអ្នកកាសែតផងដែរ ដែលបានធ្វើដំណើរពីក្រុងគុនមីន ប្រទេសចិន ឆ្លងកាត់ប្រទេសឡាវ ប្រទេសថៃ បានមកដល់រាជធានីភ្នំពេញនៃប្រទេសកម្ពុជា។

កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ក្បួនរថយន្ត ពីទីក្រុងគុនមីន ប្រទេសចិន កាត់តាមប្រទេសឡាវ ប្រទេសថៃ និងមកបញ្ចប់គោលដៅចុងក្រោយ នៅរាជធានីភ្នំពេញ ដែលមានការចូលរួមពីលោក Phanthaphap Phounsavath អគ្គនាយករង និងជាតំណាងអនុរដ្ឋមន្ត្រីដឹកជញ្ជូនសាធារណរដ្ឋប្រជាមានិតឡាវ, លោកស្រី Wang Xiuchun អគ្គនាយិការង និងជាប្រធានប្រតិភូនៃក្រសួងដឹកជញ្ជូនចិន, លោក Anthony Gill តំណាងធនាគារអភិវឌ្ឍន៍អាស៊ី ប្រតិភូតំណាងប្រទេសចិន កម្ពុជា ឡាវ ថៃ និងទីប្រឹក្សានៃគម្រោងផងដែរ។

លោក ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការរត់សាកល្បង EH Trial Run នូវរថយន្តដឹកទំនិញ ក្នុងកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គ (ហៅកាត់ថា GMS CBTA) ពីទីក្រុងគុនមីន ប្រទេសចិន ដោយបានឆ្លងកាត់ប្រទេសឡាវ ប្រទេសថៃ បានមកដល់រាជធានីភ្នំពេញ ដោយជោគជ័យហើយ។

លោក ប៉ែន បូរាណ បានបន្តថា ការប្រើប្រាស់កិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គ (GMS CBTA) អាចជួយឱ្យប្រតិបត្តិករដឹកជញ្ជូនកាត់បន្ថយពេលវេលា ដែលត្រូវការសម្រាប់ការជម្រះបែបបទពាក់ព័ន្ធ ឬនីតិវិធីឆ្លងកាត់ព្រំដែនជាអន្តរជាតិ ដោយមិនតម្រូវឱ្យមានការលើកដាក់ទំនិញ ឡើងវិញ ចំពោះអ្នកដំណើរនៅតែអាចអង្គុយលើយានយន្តដឹកអ្នកដំណើរនោះដដែល។ លិខិតអនុញ្ញាតដឹកជញ្ជូនតាមផ្លូវគោករបស់ GMS CBTA គឺមានសុពលភាពក្នុងប្រទេសសមាជិក GMS ទាំង៦ ដូចៗគ្នា។

លោកអនុរដ្ឋលេខាធិការគូសបញ្ជាក់ថា តាមកិច្ចព្រមព្រាងសម្រាប់ប្រទេសសមាជិក GMS នីមួយៗ មានកូតាយានយន្តចំនួន ៥០០គ្រឿង ក្នុងនោះមានយានយន្តដឹកទំនិញ និងយានយន្តដឹកអ្នកដំណើរ បានអនុញ្ញាតឱ្យប្រតិបត្តិករដឹកជញ្ជូនអាចដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមបណ្តាញផ្លូវតភ្ជាប់ប្រទេស GMS ទាំង៦ រួមមាន៖ កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។

លោកបានបន្ថែមថា ចំពោះកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គ (ហៅកាត់ថា GMS CBTA) គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់មហាអនុតំបន់មេគង្គ (GMS) ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូនផ្លូវគោកជាអន្តរជាតិ និងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជាសមាជិក GMS ជាធ្លុងមួយឱ្យអស់ពីលទ្ធភាព ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវថ្នល់។

សូមបញ្ជាក់ផងដែរថា មហាអនុតំបន់មេគង្គ គឺជាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមួយដែលមានសមាជិកចំនួន ០៦ប្រទេស រួមមាន៖ ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន (ខេត្តយូណាន និងតំបន់ស្វយ័តក្វាងស៊ី ជុង) សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា ព្រះរាជាណាចក្រថៃ និងសាធារណរដ្ឋសង្គមនិយមវៀតណាម៕
អត្ថបទ៖ ចេង ឆហួត