មន្ទីរបរិស្ថាន ច្រានចោលការផ្សាយរបស់វិទ្យុអាស៊ីសេរី ចំពោះការឃាត់ខ្លួនសកម្មជនព្រៃឈើ នៅខេត្តស្ទឹងត្រែង
អត្ថបទ៖ ម៉ាក មេត្តា
ស្ទឹងត្រែង៖ មន្ទីរបរិស្ថាន ច្រានចោលចំពោះការផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយកាលពីថ្ងៃទី២៥កន្លងទៅនេះ ដែលថាមន្ទីរបរិស្ថានបានឃាត់ខ្លួនសកម្មជនស្រលាញ់ព្រៃឈើឈ្មោះ ម៉ឹង រដ្ឋា កសាងសំណុំរឿងបញ្ជួនទៅតុលាការដើម្បីដាក់គុក ដោយសារសកម្មជនរូបនេះបានការពាររារាំង តវ៉ា ដីព្រៃសហគមន៍ជាង៣ពាន់ហិកតា នៅក្នុងតំបន់ភ្នំជម្រកសត្វ ស្ថិតក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ នៃខេត្តស្ទឹងត្រែង ដែលត្រូវបានក្រសួងបរិស្ថានសិក្សា ពិនិត្យយ៉ាងហ្មត់ចត់ ហើយបានសម្រេចកាត់ច្វៀលដីជាង៣ពាន់ហិកតាខាងលើទៅឲ្យប្រជាពលរដ្ឋ១០គ្រួសារនៅឯរាជធានីភ្នំពេញ។ នេះបើយោងតាមលិខិតដែល CNC ទទួលបាននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ។
មន្ទីរបរិស្ថាន បានបញ្ជាក់ថា ការឃាត់ខ្លួនសកម្មជនស្រលាញ់ព្រៃឈើលោក ម៉ឹង រដ្ឋា មិនមែនរឿងដូចការផ្សាយចោទប្រកាន់របស់វិទ្យុអាស៊ីសេរីមកលើមន្ទីរបរិស្ថាននោះឡើយ ។ គឺឃាត់ខ្លួនលោក ម៉ឹង រដ្ឋា តាមអំណាចដីការបស់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដែលបានចេញដីកាបញ្ជាឲ្យចូលខ្លួនលេខ៧៦០ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដោយសារលោក ម៉ឹង រដ្ឋា បានទៅកាប់ទន្រ្ទានដីព្រៃរដ្ឋយកមកធ្វើកម្មសិទ្ធិកាន់កាប់ផ្ទាល់ខ្លួន ស្ថិតក្នុងតំបន់ព្រៃការពារបរិស្ថានឆែប-ព្រះរការ ក្នុងទឹកដីខេត្តស្ទឹងត្រែង៕