ព័ត៌មានជាតិ

ភោជនីយដ្ឋាននៅក្រុងពោធិ៍សាត់ បន្តមិនធ្វើម្ហូបពីសាច់សត្វព្រៃជូនភ្ញៀវ ដើម្បីរួមគ្នាអភិរក្សសត្វព្រៃ និទាក់ទាញភ្ញៀវទេសចរ

image

ពោធិ៍សាត់៖ បន្ទាប់ពីយុទ្ធនាការអន្ទាក់សូន្យរយៈពេលជាងមួយឆ្នាំមកនេះ ដើម្បីផ្សព្វផ្សាយការយល់ដឹងពីគុណតម្លៃរបស់សត្វព្រៃ និងការប្រឈមនឹងផ្លូវច្បាប់ចំពោះការយកសាច់សត្វព្រៃមកចម្អិនធ្វើម្ហូបលក់ជូនភ្ញៀវពិសា មានម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន នៅទីរួមខេត្តពោធិ៍សាត់ បានប្រកាសឈប់លក់មុខម្ហូបដែលធ្វើពីសាច់សត្វព្រៃជូនភ្ញៀវពិសាជាដាច់ខាត ទោះជាភ្ញៀវកម្មង់ និងឱ្យតម្លៃថ្លៃក៏ដោយ។

យុទ្ធនាការពង្រឹងការអនុវត្តច្បាប់របស់ក្រសួងបរិស្ថាន និងអង្គការដៃគូពាក់ព័ន្ធកន្លងមកគឺ មានប្រសិទ្ធភាព ១០០ភាគរយ និងការអនុវត្តច្បាប់មិនលើកលែង ដើម្បីទប់ស្កាត់បទល្មើស។ តាមរយ:យុទ្ធនាការអន្ទាក់សូន្យរបស់ក្រសួងបរិស្ថាន រួមនឹងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងដៃគូអភិរក្សធនធានធម្មជាតិ និងសត្វព្រៃពាក់ព័ន្ធ ក្រៅពីម្ចាស់ភោជនីយដ្ឋានដែលបានចូលរួម មានប្រជាពលរដ្ឋ និងសាធារណជនគ្រប់ស្រទាប់វណ្ណៈ បានសន្យាថា នឹងបន្តផ្សព្វផ្សាយពីការយល់ដឹងរបស់ខ្លួនពីអត្ថប្រយោជន៍ នៃធនធានធម្មជាតិ និងសត្វជីវិតសត្វព្រៃ ជូនដល់ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិរបស់ខ្លួនថែមទៀត កុំបរិភោគសាច់សត្វព្រៃ និងបរបាញ់សត្វព្រៃ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈផ្តល់ប្រយោជន៍ពីទេសចរណ៍ធម្មជាតិ ជីវៈចម្រុះ និងធនធានធម្មជាតិបានស្ថិតនៅគង់វង្សដល់អ្នកជំនាន់ក្រោយ។

លោក អុល អូនចេម អ្នកគ្រប់គ្រងភោជនីយដ្ឋាន ZARA នៅទីរួមខេត្តពោធិ៍សាត់ ដែលជាភោជនីយដ្ឋានបានទទួលប័ណ្ណសរសើរពីក្រសួងបរិស្ថាន ពីការប្តេជ្ញាចិត្តមិនលក់មុខម្ហូបពីសត្វព្រៃ បានឱ្យដឹងថា ចាប់តាំងពីបង្កើតកំឡុងឆ្នាំ២០១៨មក ភោជនីយដ្ឋានរបស់លោកមិនដែលយកសាច់ព្រៃធ្វើជាមុខម្ហូបលក់ជូនភ្ញៀវ។ ការចូលរួមមិនយកសាច់ព្រៃសម្រាប់ធ្វើម្ហូបដល់ភ្ញៀវនេះ គឺជាការចូលរួមចំណែកទប់ស្កាត់ការបរបាញ់សត្វព្រៃដោយខុសច្បាប់ ពោលគឺ គ្មានការបរិភោគ គ្មានការជួញដូរ និងបរបាញ់សត្វព្រៃ។

លោក អុល អូនចេម បានឱ្យដឹងថា ការការពារ និងអភិរក្សសត្វព្រៃឱ្យមានវត្តមាននៅក្នុងព្រៃធម្មជាតិ វានឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រៃភ្នំ ដោយសារតែសត្វព្រៃអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនានៅតាមតំបន់នោះជាដើម។

ជាមួយគ្នានេះ លោក ឆន សុផាន់ណារ៉េត តំណាងអ្នកគ្រប់គ្រងភោជនីយដ្ឋានម្លប់ស្វាយ ខេត្តពោធិ៍សាត់ បានឱ្យដឹងដែរថា ភោជនីយដ្ឋានរបស់លោក ក៏បានចូលរួមមិនធ្វើម្ហូបពីសាច់សត្វព្រៃដែរ។ លោកបានលើកឡើងថា ប្រសិនបើទាំងអស់គ្នាចូលរួមការពារសត្វព្រៃកម្រ និងព្រៃឈើឱ្យមានវត្តមានកាន់តែច្រើននៅតាមតំបន់ការពារធនធានធម្មជាតិនោះ វានឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងទៅលេងកម្សាន្ត ក៏ដូចជាការផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ យោងតាមការផ្សព្វផ្សាយ និងវិធានការនានារបស់រាជរដ្ឋាភិបាល បច្ចុប្បន្នបានធ្វើឱ្យប្រជាពលរដ្ឋកាន់តែច្រើនឡើងបានយល់ដឹងពីសារៈសំខាន់របស់សត្វព្រៃ។ ការចាប់ផ្តើមពីខ្លួនយើង ដោយមិនបរិភោគសាច់ព្រៃ មិនលក់សាច់ព្រៃ យល់ពីតម្លៃនៃសត្វព្រៃ ម្ចាស់ភោជនីយដ្ឋានដែលធ្លាប់លួចលក់សាច់ព្រៃធ្វើម្ហូបជូនភ្ញៀវ ត្រូវបញ្ឈប់នូវការ ដើម្បីរក្សាវត្តមានសត្វព្រៃឱ្យនៅក្នុងព្រៃ។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានសំដែងនូវការរីករាយ ដែលបានឃើញពីការប្តេជ្ញាចិត្ត និងចូលរួមអនុវត្តកាន់តែប្រសើរដល់ ភាពស្អាត បៃតង និងចីរភាព នៃយុទ្ធសាស្ត្រចក្រាវិស័បរិស្ថាន របស់ហាង និងភោជនីយដ្ឋានទាំងអស់ ដែលមិនលក់សាច់សត្វព្រៃ។ លោកក៏បានលើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋានទាំងអស់ ឱ្យចូលរួមបញ្ឈប់ការយកសាច់សត្វព្រៃធ្វើជាមុខម្ហូបជូនភ្ញៀវ និងសំណូមពរដល់ប្រជាពលរដ្ឋកុំបរិភោគសាច់សត្វព្រៃ ដើម្បីសុខភាពល្អ និងចេញពីផ្នត់គំនិត ដើម្បីធ្វើឱ្យអាជីវកម្មស្អាត និងការរស់នៅរបស់ប្រជាពលរដ្ឋស្អាត ជួយដល់បរិស្ថាន ធនធានធម្មជាតិ ឱ្យកាន់តែរឹងមាំ បង្កើនភាពបៃតង បញងមទាំងដាំដើមឈើឱ្យបានច្រើន ឱ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹត្យកាបូន និងមានគម្របព្រៃ៦០ភាគរយ នៅឆ្នាំ២០៥០។

លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ការចូលរួមរបស់ម្ចាស់ភោជនីយដ្ឋាននេះជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការសម្លាប់សត្វព្រៃ ក៏ដូចជាចូលរួមកាត់បន្ថយដាក់អន្ទាក់ក្នុងតំបន់ធម្មជាតិ។ ម្យ៉ាងវិញទៀតការចូលរួមរបស់ប្រជាពលរដ្ឋ ជាចលករមួយយ៉ាងសំខាន់ក្នុងការអភិរក្សសត្វព្រៃឱ្យបានគង់វង្សយូរអង្វែងសម្រាប់អ្នកជំនាន់ក្រោយ៕