សភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់ការគ្រប់គ្រងធុរកិច្ចរបស់សហគ្រាសធុនតូច និងមធ្យម» ដល់សិក្ខាកាមជាង ២០០នាក់ មកពីអាជីវកម្មផ្សេងគ្នា
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមសហគ្រិនវីម៉ូនៅកម្ពុជា នាថ្ងៃទី ២០ខែមិថុនា ឆ្នាំ ២០២៤ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់ការគ្រប់គ្រងធុរកិច្ចរបស់សហគ្រាសធុនតូច និងមធ្យម» ដើម្បីចែករំលែកនូវចំណេះដឹងដល់ម្ចាស់អាជីវកម្ម អាជីវករ និងនិស្សិត ពាក់ព័ន្ធការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកប ដោយប្រសិទ្ធភាព ក្នុងការបង្កើនផលិតភាព និងទទួលបានការប្រកួតប្រជែងខ្ពស់។
នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបន្តផ្តួចផ្តើមគំនិតដ៏សំខាន់ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកគ្រប់គ្រងធុរកិច្ចសម្រាប់សមាជិក សមាជិកា សភាពាណិជ្ជកម្ម សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើរឲ្យទាន់សម័យកាលបច្ចេកវិទ្យាជឿនលឿននៃបដិវត្តន៍ឧស្សាហកម្ម ៤.០។
សិក្ខាសាលានេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, លោក សួន មិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា, លោក ភាព សុភ័ណ តំណាង មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក សុខ សុភមង្គល នាយកប្រតិបត្តិក្រុមហ៊ុន Codingate និងជាទីប្រឹក្សាផ្នែកបច្ចេកវិទ្យាប្រចាំ វីម៉ូ (VMOVE) ព្រមទាំងមានការចូលរួមពីសិក្ខាកាមប្រមាណជាង ២០០នាក់។ ជាមួយគ្នានេះ សិក្ខាសាលាខាងលើនេះ ទទួលបានការគាំទ្រពីក្រុមហ៊ុន Codingate Technology និង GateMaster.ai ផងដែរ។
ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច បានមានប្រសាសន៍ថា នៅក្នុងរបត់នៃការវិវត្តន៍យ៉ាងឆាប់រហ័ស បញ្ញាសិប្បនិមិ្មត (AI) បានក្លាយជាឧបករណ៍ក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជំរុញឱ្យការគ្រប់គ្រងអាជីវកម្ម ទទួលបានប្រសិទ្ធភាពខ្ពស់។ បញ្ញាសិប្បនិមិ្មត (AI) មានសារៈសំខាន់សម្រាប់សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា សហគ្រាសធុនតូច និងមធ្យម ដើម្បីរក្សាការប្រកួតប្រជែង និងបំពេញតម្រូវការទីផ្សារក្នុងតំបន់ និងពិភពលោកផងដែរ។
ឯកឧត្តមឧកញ៉ា បានបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលនាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការបំពាក់ឱ្យម្ចាស់អាជីវកម្មរបស់យើងទទួលបាននូវចំណេះដឹង និងបញ្ញាសិប្បនិម្មិត ដើម្បីប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព តាមរយៈដៃគូសហការបស់យើងជាមួយក្រុមហ៊ុន Codingate Technology ដែលមានអ្នកជំនាញបានធ្វើបទបង្ហាញអំពីបច្ចេកវិទ្យា GateMaster.ai ដែលជាឧបករណ៍អភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ដំបូងគេដែលតម្រូវសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងកម្មវិធីបណ្តុះបណ្តាលនាថ្ងៃនេះ។
ឯកឧត្តម ឧកញ៉ា បានបន្ថែមថា ក្រៅពីរាជធានីភ្នំពេញ សភាពាណិជ្ជកម្មកម្ពុជា នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់ការគ្រប់គ្រងធុរកិច្ចរបស់សហគ្រាសធុនតូច និងមធ្យម» ទៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេសកម្ពុជា។
លោក សុខ សុភមង្គល នាយកប្រតិបត្តិក្រុមហ៊ុន Codingate និងជាទីប្រឹក្សាផ្នែកបច្ចេកវិទ្យាប្រចាំ VMOVE បានលើកឡើងពីសារៈសំខាន់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ដែលយើងគ្រប់គ្នាគួរតែធ្វើការប្រើប្រាស់នូវបច្ចេកវិទ្យាមួយនេះ នៅក្នុងការធ្វើអាជីវកម្ម និងការងារប្រចាំថ្ងៃរបស់ខ្លួន ដោយសារវាមានល្បឿនលឿន ប្រសិទ្ធភាព ស្តង់ដារ និងអភិបាលកិច្ចល្អ។
លោកបន្តថា ប្រសិនបើសហគ្រាសធុនតូច និងមធ្យម ប្រើប្រាស់បច្ចេកវិទ្យា AI វានឹងជួយកាត់បន្ថយការចំណាយ រក្សាការប្រកួតប្រជែង ចំណេញពេលវេលា និងមានប្រសិទ្ធជាងមុនទ្វេដង ដែលធ្វើឲ្យអាជីវកម្មកាន់តែរីកចម្រើន និងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ ។
លោកលើកឡើងទៀតថា៖ «យើងគិតមើលបើយើងចំណាយខ្ពស់ ហើយទៅប្រកួតប្រជែងក្នុងទីផ្សារជាមួយគេចំណាយទាបជាងយើង ហើយគេទំនាក់ទំនងក៏មានប្រសិទ្ធភាព និងការងារលឿនទៀត, តើអាជីវកម្មអាចប្រកួតប្រជែងជាមួយគេបានដែរទេ នៅក្នុងស្រុក និងក្នុងតំបន់? ដូច្នេះហើយ បច្ចេកវិទ្យាមួយនេះ ត្រូវតែបំពាក់នៅក្នុង SMEs របស់យើង ដោយប្រើប្រាស់ឲ្យមានប្រសិទ្ធភាព និងទំនួលខុសត្រូវ»។
ទោះជាបច្ចេកវិទ្យា AI ជួយសម្រួលដល់កិច្ចការងារប្រចាំថ្ងៃរបស់មនុស្ស និងការធ្វើអាជីវកម្មឲ្យកាន់តែងាយស្រួលក៏ដោយ តែអ្នកជំនាញផ្នែកបច្ចេកវិទ្យារូបនេះ ចង់ឲ្យបច្ចេកវិទ្យា AI មានការគ្រប់គ្រងត្រឹមត្រូវ ការប្រើប្រាស់ឲ្យសមស្រប ជាមួយនឹងទីផ្សារប្រទេសកម្ពុជា ព្រោះថា ការប្រើប្រាស់ AI បើមិនមានការគ្រប់គ្រងត្រឹមត្រូវទេ វាក៏អាចបង្កផលប៉ះពាល់មកវិញដែរ។
បច្ចេកវិទ្យា AI បាន នឹងកំពុងផ្លាស់ប្តូរពិភពលោករបស់យើង។ វាបង្កើនប្រសិទ្ធភាព កាត់បន្ថយចំណាយ និងលើកកម្ពស់ផលិតភាព។ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ AI ត្រូវបានរំពឹងថា នឹងមានឥទ្ធិពលលើការងារចំនួន ១,២ពាន់លាននាក់ និងប្រាក់ឈ្នួលប្រមាណ ១៤,៦ទ្រីលានដុល្លារអាមេរិក នៅទូទាំងពិភពលោក ដែលនឹងប៉ះពាល់ ៥០%នៃសេដ្ឋកិច្ចពិភពលោក។ ទន្ទឹមនឹងនេះ AI នឹងធ្វើឲ្យអាស៊ានផ្លាស់ប្តូរ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងនយោបាយ ជាមួយនឹងការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុបពី ១០ទៅ ១៨% ដែលមានតម្លៃប្រមាណ ១ទ្រីលានដុល្លារអាមេរិក នៅត្រឹមឆ្នាំ ២០៣០។
នេះបើយោងតាមរបាយការណ៍បង្ហាញដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕
អត្ថបទ៖ សៀម ប៊ុនធី រូបភាព៖ អ៊ុន ផាន់ណាត់