សង្គម

អភិបាលរងខេត្តរតនគិរី៖ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ មានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ

image


រតនគិរី៖ លោក ឌុច ចា់ន តូ អភិបាលរងខេត្តរតនគិរី បានលើកឡើងថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ មានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និង សង្គមជាតិ ហើយក៍ ជាមធ្យោបាយតែមួយគត់ដែលជួយឱ្យយុវជនអាចចាប់យកឱកាសការងារបានឆាប់រហ័ស និងជំរុញការចូលរួមចំណែករបស់យុវជនបានកាន់តែទូលំទូលាយ ក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ ព្រមទាំងជាស្ពានផ្តល់ឱកាស“ការសិក្សាពេញមួយជីវិត” ដល់បងប្អូនកម្មករនិយោជិត។

ការលើកឡើងនេះ លោកអភិបាលរងខេត្តនៅក្នុងឱកាសដែលលោកអញ្ជើញជាធិបតីភាព ទិវាជីវិតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ “TVETរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។

លោកអភិបាលរងខេត្ត បានលើកឡើងថា ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាកម្មវិធីអាទិភាពមួយរបស់រាជរដ្ឋាភិបាល សំដៅអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ មានសមត្ថភាព មានគុណធម៌ សីលធម៌ ចរិយាមាយាទ មនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវលើការងារ មុខរបរ និងវិជ្ជាជីវៈរបស់ខ្លួនដែលអាចឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារការងារ និងទ្រទ្រង់ កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិទាំងចំពោះមុខ និងទាំងអនាគត។

លោកថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសគឺសម្រាប់ក្រុមគោលដៅយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសដែលអាចចូលរៀនវគ្គជំនាញទាំងអស់ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀតផង។ ហើយក្រោយបញ្ចប់ការសិក្សា សាលាក៏បានស្វែងរកដៃគូឱ្យទទួលយកទៅធ្វើការផងដែរ។

យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អាចចាប់ផ្តើមចុះឈ្មោះចូលរៀនបានចាប់ពីពេលនេះតទៅ តាមរយៈ (១). ប្រព័ន្ធឌីជីថល ដោយខ្លួនឯង ឬដោយពឹងបុគ្គលណាមួយ លើកម្មវិធីទូរស័ព្ទដៃ (TVET 1.5M), ឬ (២). អាចទៅចុះឈ្មោះផ្ទាល់នៅតាមបណ្តាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ, មន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ, មជ្ឈមណ្ឌលការងារនៅតាមរាជធានី និងមជ្ឈមណ្ឌលការងារចល័ត។ ចំពោះលក្ខខណ្ឌនៃការចុះឈ្មោះចូលរៀន គឺត្រូវតែជាសិស្សដែលមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ, មានអាយុចាប់ពី ១៥ឆ្នាំឡើង, និង មានបណ្ណសមធម៌ ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ។

ចំពោះអត្ថប្រយោជន៍វិញ សិស្សនឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ទទួលបានការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, ជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ, និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់៕

ដោយ ៖ ប៉េស សារី