ទីផ្សារអចលនទ្រព្យកម្ពុជាស្ថិតក្នុងដំណើរលូតលាស់ដោយភាពរឹងមាំនៅឆ្នាំ ២០១៩នេះ
| ព័ត៌មានជាតិ
SHARE

យោងតាមការសិក្សាមួយបានបង្ហាញថា វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា នៅតែបន្តរឹងមាំ និងមានភាពធន់ខ្ពស់នៅឆ្នាំ ២០១៩នេះ។ តែអ្នកជំនាញក្រើនរំឭកថា អ្នកវិនិយោគត្រូវប៉ាន់ប្រមាណពីលទ្ធភាពទិញផ្ទាល់ខ្លួនឲ្យបានច្បាស់លាស់ ជាពិសេសគួរចៀសវាងការវិនិយោគច្រើនហួសពេកដែលពឹងលើប្រាក់កម្ចី។

របាយការណ៍បច្ចុប្បន្នភាពទីផ្សារអចលទ្រព្យរបស់ក្រុមហ៊ុន V Trust Appraisal ការសាងសង់ និងផ្តត់ផ្គង់អគារពាណិជ្ជកម្មសម្រាប់ប្រើប្រាស់ក្នុងវិស័យលក់ដុំ និងលក់រាយរក្សាបានកំណើន ខ្ពស់នៅឆ្នាំ ២០១៩នេះ ស្របពេលការផ្គត់ផ្គង់អគារការិយាល័យនៅមានសន្ទុះខ្លាំង។ បន្ថែមពីលើនេះ ការសាងសង់ និងផ្គត់ផ្គង់អគារលំនៅស្ថានដូចជា គម្រោងខុនដូ និងសំណង់ផ្ទះជាប់ដី ក៏សុទ្ធសឹងមានសកម្មភាពរស់រវើកនៅឆ្នាំ ២០១៩នេះដែរ។

ក្នុងរយៈពេលពីខែមករា ដល់ខែមិថុនា ឆ្នាំនេះ ចំនួនផ្ទះជាប់ដី ដែលក្រុមហ៊ុនអភិវឌ្ឍន៍បានប្រកាសបើកលក់មានចំនួនសរុប ១៣៩០០ផ្ទះ (ផ្ទះល្វែង និងផ្ទះវីឡា) ហើយក្នុងនោះផ្ទះចំនួន ៤៦០០ខ្នង បានសាងសង់ចប់ និងរួចរាល់សម្រាប់អ្នកទិញចូលនៅ។ ក្នុងរយៈពេលដូចគ្នានេះ ដែរខុនដូចំនួន ៦៦០០យូនីត ត្រូវបានប្រកាសដាក់លក់ដោយក្រុមហ៊ុនអភិវឌ្ឍន៍ ហើយក្នុងនោះខុនដូចំនួន ៦២០០យូនីត បានសាងសង់ចប់ និងរួចរាល់សម្រាប់ការចូលនៅ។

លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន V Trust Appraisal បានអះអាងថា លទ្ធភាពនៃការស្រូបយករបស់ទីផ្សារផ្ទះជាប់ដីបានកើនដល់ ១០ភាគរយ នៅឆ្នាំ ២០១៩នេះ ដែលមានន័យថា ក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវការពេលត្រឹមតែ ១២ខែជារយៈពេលខ្លី ដែលវាឆ្លុះបញ្ចាំងថា ទីផ្សារផ្ទះជាប់ដីមានការទិញលក់រឹតតែល្អនៅឆ្នាំនេះ ខណៈកាលពីឆ្នាំមុនលទ្ធភាពនៃការស្រូប យកនៅលើទីផ្សារមួយចំនួនត្រឹមតែ ៨ភាគរយប៉ុណ្ណោះ ឬមានន័យថា ក្រុមហ៊ុនសាងសង់ត្រូវ រង់ចាំដល់ទៅ ១៥ខែដើម្បីលក់ចេញសំណង់ផ្ទះរបស់គេឲ្យអស់។

លោកបន្តថា ទីផ្សារខុនដូ ត្រូវការពេលយូរជាងផ្ទះជាប់ដីបន្តិច ដែលត្រូវការរយៈពេល ៣២ខែ ដើម្បីឲ្យអ្នកអភិវឌ្ឍន៍អាចលក់ចេញអស់។ យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា វានៅតែជារយៈពេលដ៏ល្អមួយ ដោយសារទីផ្សារខុនដូជាទីផ្សារនៅកម្ពុជា ធៀបនឹងផ្ទះជាប់ដី។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានមានប្រសាសន៍ថា វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា នឹងបន្តកើនឡើងចន្លោះពី ១០ភាគរយទៅ ១៥ភាគរយ ក្នុងមួយឆ្នាំ ដែលជាអត្រាកំណើនល្អមួយ ហើយប្រជាពលរដ្ឋកម្ពុជា នៅតែមានឱកាសល្អក្នុងការវិនិយោគ ដើម្បីទទួលបានផលចំណេញពីការរីកចម្រើននេះ។

តែទន្ទឹមនឹងនេះ លោក ក្រើនរំឭកថា ទោះបីជាទីផ្សារអចលនទ្រព្យនៅល្អ ហើយសង្កេតឃើញមានឱកាសចំណេញល្អក៏ដោយ អ្នកវិនិយោគក៏ត្រូវគិតគូរពីលំហូរសាច់ប្រាក់ផ្ទាល់ខ្លួនឲ្យបានហ្មត់ចត់ផងដែរ និងត្រូវចៀសវាងការប្រមូលទិញហួសពីលទ្ធភាពខ្លាំងពេក ដែលអាចបង្កជាការលំបាកទៅវិញ។

យ៉ាងណាក៏ដោយថ្មីៗនេះ មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) ក្រើនរំឭកពីហានិភ័យចំពោះការផ្តល់ឥណទាននៅក្នុងវិស័យអចលនទ្រព្យ និងសំណង់ នៅតែមានកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភ ដែលស្ថាប័នជំនាញពាក់ព័ន្ធគួរបង្កើនយកចិត្តទុកដាក់បន្ថែមទៀត ខណៈដែលការផ្តល់កម្ចីដល់អ្នកអភិវឌ្ឍន៍វិស័យនេះមិនទាន់មានការ ត្រួតពិនិត្យច្បាស់លាស់ និងទិន្នន័យផ្លូវការស្តីពីតម្លៃអចលនៈទ្រព្យមិនទាន់មាននៅឡើយ។ ឥណទានផ្នែកឯកជនដែលប្រមូលផ្តុំកាន់តែខ្លាំងឡើងនៅក្នុងវិស័យអចលនទ្រព្យ និងសំណង់ ត្រូវបានបង្កើនល្បឿន ហើយគេរំពឹងថា នឹងកើនឡើងប្រហែល ២៨ភាគរយនៅក្នុងឆ្នាំ ២០១៩។
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ ២០១៩នេះ នឹងនៅតែរឹងមាំ មានកំណើនប្រមាណ ៧ភាគរយ និងក្រោម ៧ភាគរយ នៅឆ្នាំ ២០២០៕អត្ថបទ៖ សៀម ប៊ុ​នធី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation