សង្គម

អ្នកស្ម័គ្រចិត្ត និងពលរដ្ឋរស់នៅតំបន់គ្រោះថ្នាក់នៃគ្រាប់មីន ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ទទួលការផ្សព្វផ្សាយការយល់ដឹងអំពីគ្រាប់មីនសំណល់ជាតិផ្ទុះពីសង្រ្គាម ពីកាកបាទក្រហមកម្ពុជា

image


បាត់ដំបង៖ ក្នុងខណៈពេលដែលឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង គឺជាតំបន់ ដែលប្រឈមនឹងការរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយជារឿយៗបានបង្កឱ្យផ្ទុះសំណល់គ្រាប់មីនទាំងនោះជាបន្តបន្ទាប់នោះ កាកបាទក្រហមកម្ពុជា សហកា ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្រោមការឧបត្ថម្ភពីអាជ្ញាធរមីនកម្ពុជា បានរៀបចំបើកវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយស្តីពីការយល់ដឹងអំពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមជាមួយសុវត្ថិភាពផ្សេងៗទៀត ដូចជា ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងសេវាកម្មស្តារទំនាក់ទំនងគ្រួសារ គោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនា និងសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋសរុបប្រមាណជិត១០០នាក់ នៅឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

ដោយមានការចូលរួមពីលោក មុំ ភិរក្ស ប្រធានការិយាល័យអប់រំមីន និងស្តារទំនាក់ទំនងគ្រួសារ នាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា លោក យ៉ាន ឧត្តម នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការីជាច្រើនទៀត បានធ្វើឡើងមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅសាលាឃុំសំឡូត និង នៅភូមិភ្នំរៃ ឃុំតតោក ស្រុកសំឡូត  ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា នេះគឺជាលើកទីមួយហើយ ដែល ប្រជាពលរដ្ឋនៅក្នុងភូមិភ្នំរៃ ទទួលបានការផ្សព្វផ្សាយ និងជាលើកទីពីរ សម្រាប់អ្នកស្ម័គ្រចិត្ត ដែល ទទួលបានការបណ្តុះបណ្តាល និងផ្សព្វផ្សាយ អំពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងការលើកកម្ពស់ការយល់ដឹងអំពីមីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម និងសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ពីកាកបាទក្រហមកម្ពុជា ។

លោក មុំ ភិរក្ស បានលើកឡើងថា កម្មវិធីសុវត្ថិភាពសហគមន៍ បានវិវត្តពីកម្មវិធីសកម្មភាពមីនតាមសហគមន៍ (CBMAP) ដែលត្រូវបានអនុវត្តដោយជោគជ័យតាមរយៈកាកបាទក្រហមកម្ពុជា នៃនាយកដ្ឋានទំនាក់ទំនងក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ។

កម្មវិធីសុវត្ថិភាពសហគមន៍ បានស្វែងរកការទំនាក់ទំនងរវាងកម្មវិធីសកម្មភាពមីនតាមសហគមន៍ ដែលបានគាំទ្រដល់សហគមន៍ជនបទ ជាមួយនឹងការផ្តល់ព័ត៌មានទូទៅនៅក្នុងសហគមន៍ ដែលមានហានិភ័យ ហើយកំណត់បាននូវអត្តសញ្ញាណដូចជាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមជាដើម ។

លោក មុំ ភិរក្ស បានលើកឡើងថា ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ឆ្ងាយដាច់ស្រយាល ធ្លាប់ជាទីតាំងសមរភូមិសង្គ្រាម ដែលបន្សល់ទុកនូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយប្រឈមនឹងការរងគ្រោះថ្នាក់ដោយសារមីន ។ ក្នុងន័យនេះ កាកបាទក្រហមកម្ពុជា តែងតែធ្វើការចុះអប់រំផ្សព្វផ្សាយអំពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមជូនដល់ប្រជាពលរដ្ឋ ។ បន្ថែមពីនេះដើម្បីឆ្លើយតបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា កាកបាទក្រហមកម្ពុជា ក៏បានចុះអនុស្សរណៈជាមួយអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ដើម្បីចូលរួមជាចលនាជាតិឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥ តាមរយៈ «គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន» ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ផងដែរ ។

វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃ នេះ ត្រូវបានបញ្ចប់ដោយទទួលបានលទ្ធផលតាមការគ្រោងទុក ហើយអ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋ ដែលមកចូលរួមទទួលបានចំណេះដឹងថ្មីៗ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តសកម្មភាពអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមសហគមន៍គោលដៅ និងនៅតាមច្រកព្រំដែនផងដែរ ៕

ដោយ៖ ឡាច សុគន្ធាវី