សង្គម

អភិបាលក្រុងបានលុង អំពាវនាវដល់ពលរដ្ឋ កុំយកចិញ្ចើមផ្លូវសាធារណៈ ធ្វើជាអាជីវកម្ម នាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់

image


រតនគិរី ៖ លោក ធូរ ឃឿ អភិបាលក្រុងបានលុងអំពាវនាវ ដល់ប្រជាពលរដ្ឋដែលមានផ្ទះនៅជាប់ដងផ្លូវសាធារណៈ កុំយកចិញ្ចើមផ្លូវធ្វើជាអាជីវកម្ម នាំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ ។ ការអំពាវនាវរបស់លោកអភិបាលក្រុង គឺបានលើកឡើងនៅក្នុងឱកាស ដែលរដ្ឋបាលក្រុងបានរៀបចំបើកយុទ្ធនាការរំដោះចិញ្ចើមផ្លូវ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ ក្នុងក្រុងនិងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍។


ការបើកយុទ្ធនាការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤ ចាប់ពីរង្វង់មូលផ្សារបានលុង រហូតជុំវិញបរិវេណផ្សារ និង តាមបណ្ដោយផ្លូវលេខ ៧៨ ក្នុងក្រុងបានលុង ដោយវាមានការចូលរួមពីមន្ត្រី ក្រោមឱវាទនិងកម្លាំងចម្រុះរបស់ក្រុង សហការជាមួយសិស្សានុសិស្សប្រមាណជាង ១០០នាក់ មកពីវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ។


នៅក្នុងយុទ្ធនាការនាព្រឹកនេះ លោក ធូរ ឃឿរ បានមានប្រសាសន៍សំណេះសំណាល ជាមួយសិស្សានុសិស្សឲ្យជួយកាន់បណ្ដាពាក្យស្លោក ដង្ហែតាមគោលដៅដែលរដ្ឋបាលក្រុង បានគ្រោងទុក ដោយអាននូវ ពាក្យស្លោក ដើម្បីបញ្ជ្រាបជាព័ត៌មានជូនទៅដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវសាធារណៈ និង ជុំវិញផ្សារ ឲ្យបានយកច្បាស់អំពីបញ្ហា ដែលការយកចំណីផ្លូវធ្វើជាអាជីវកម្ម។


លោកអភិបាលក្រុង​ បានឲ្យដឹងថា ការបើកយុទ្ធនាការ រំដោះចិញ្ចើមផ្លូវនាពេលនេះ គឺមានគោលបំណង ចង់ឱ្យប្រជាពលរដ្ឋដែលមានផ្ទះនៅជាប់ដងផ្លូវ មិនឲ្យយកចិញ្ចើមផ្លូវពីមុខផ្ទះដាក់តាំងអីវ៉ាន់លក់ និងជួលទៅឲ្យអ្នកផ្សេងលក់នៅលើចិញ្ចឹមផ្លូវ វាធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ និងការជួបគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើង ទៅលើសាធារណៈជន ដែលធ្វើដំណើរថ្មើរជើងនៅលើចិញ្ចើមផ្លូវ។

ម្យ៉ាងវិញទៀត គឺជាការរៀបចំសណ្តាប់ធ្នាប់ ឲ្យបានល្អសម្រាប់ទីក្រុងយើង ដើម្បីការទទួលភ្ញៀវ ដែលចូលមកកម្សាន្តនៅក្នុងទឹកដីខេត្តរតនគិរី និងលើកកម្ពស់ទីក្រុងឲ្យកាន់តែប្រសើរឡើង។
លោកអភិបាលក្រុង ក៏បានសំណូមពរ និង អំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមបានគ្រប់ៗគ្នា ដើម្បីលើកសោភ័ណភាពទីក្រុងរបស់យើង និង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕


ដោយ ប៉េស សារី