ជប៉ុន ប្រគល់ស្ពានបេតុងតម្លៃជាង១០មុឺនដុល្លារជូនប្រជាជនប្រើប្រាស់នៅឃុំអូរម្រះ ស្រុកសៀមបូក ដែលជាជំនួយឥតសំណង

ខេត្តស្ទឹងត្រែង: ស្ពានបេតុងមួយកន្លែងមានតម្លៃជាង១០មុឺនដុល្លារ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន បានកសាងរួចរាល់ជាស្ថាពរ ហើយបានប្រគល់ជូនប្រជាជននៅក្នុងឃុំអូរម្រះ ស្រុកសៀមបូក ដើម្បីប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ ។
លោកព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍជនបទ បានឲ្យដឹងថា ស្ពានបេតុងនេះ ចាប់កសាងនៅចុងឆ្នាំ២០២៣ ប្រើពេលអស់៦ខែទើបរួលរាល់ជាស្ថានពរ ។ស្ពានបេតុងនេះមានទទឹង៦ម៉ែត្រ ប្រវែង២៤ម៉ែត្រ និងកម្ពស់៨ម៉ែត្រ ដែលមានតម្លៃជាង១០ម៉ឺនដុល្លាសហរដ្ឋជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ។
ក្នុងដំណើរចុះពនិត្យស្ពានបេតុងខាងលើ លោកសន្តិបណ្ឌិតឡូយ សុផាត បានថ្លែងថា ទីនេះពីមុនជាស្ពានឈើ ហើយចាប់តាំងពីឆ្នាំ២០១១មក ស្ពានឈើនោះ ស្ថិតក្នុងស្ថានភាពទ្រុឌទ្រោមខ្លាំងដែលជាហេតុធ្វើឱ្យមានការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ សិស្សានុសិស្ស ទៅមកសាលារៀន និងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ជាពិសេសអ្នកជម្ងឺ ស្រ្តីមានផ្ទៃពោះជាដើម ។
អ្នកតំណាងរាស្រ្តបន្តថា ការសាងសង់ស្ពានជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ដោយមើលឃើញពីបញ្ហាប្រឈមជាច្រើន ទើបស្ថានទូតជប៉ុនបានសម្រេចផ្តល់ជំនួយសាងសង់ស្ពានបេតុង១កន្លែងជូនប្រជាជននៅក្នុងឃុំអូរម្រះ នៃស្រុកសៀមបូកបានប្រើប្រាស់ ។
អ្នកតំណាងរាស្ត្រក៏បានផ្តាំផ្ញើ ដល់ប្រជាជនទាំងអស់ ត្រូវចេះជួយចូលរួមថែរក្សានូវសមិទ្ធិផលស្ពាលនេះឲ្យបានល្អប្រសើរ គង់វង្សយូរអង្វែង ដែលជាការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕
ដោយ ម៉ាក មេត្តា











