ក្រុមហ៊ុន CBS ចូលរួមបរិច្ចាគទឹកប្រាក់ ៤.០០០.០០០ រៀលជាមួយសកម្មភាពសប្បុរសធម៌របស់ហ៊ាទី ជួយដល់ជនក្រខ្សត់
ក្រុមហ៊ុន CBS ដែលជាបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់ គ្រុប បានចូលរួមចំណែកបរិច្ចាគទឹកប្រាក់ចំនួន ៤.០០០.០០០ រៀល (១០០០ ដុល្លារអាមេរិក) ជាមួយសកម្មភាពសប្បុរសធម៌របស់តារាកំប្លែង និងសម្ដែង ហ៊ាទី ក្នុងការចែកអង្ករ និងម្ហូបអាហារដល់ជនក្រខ្សត់ ស្ថិតនៅឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ តាមរយៈកម្មវិធី "តោះរៀនភាសា" ។
ការផ្ដល់ទឹកប្រាក់បរិច្ចាគចំនួន ៤លានរៀលរបស់ក្រុមហ៊ុន CBS នេះ បានធ្វើឡើងនាឱកាសសំណេះសំណាលរវាង លោក David Ulmer នាយកប្រតិបត្តិរបស់ក្រុមហ៊ុន CBS, ហ៊ាទី និងក្រុមសម្ដែងនៃកម្មវិធី "តោះរៀនភាសា" របស់ស្ថានីយទូរទស្សន៍ CTN ស្ដីពីចំណាប់អារម្មណ៍ក្មុងការរៀបចំកម្មវិធីចែកអង្ករ និងម្ហូបអាហារដល់ជនក្រខ្សត់ នាព្រឹកថ្ងៃទី៧ ខែឧសភា នៅក្នុងស្ទូឌីយោផលិតកម្មវិធីរបស់ក្រុមហ៊ុន CBS ។
លោក David Ulmer មានប្រសាសន៍ថា៖ "តាមរយៈការបរិច្ចាគនេះ ពួកយើង ជាក្រុមហ៊ុន CBS សង្ឃឹមថា លោកនឹងបន្តការងារសប្បុរសធម៌របស់លោកបន្តទៀត។ ពួកយើងបានព្យាយាមជួយដល់សហគមន៍ ព្រោះវាជាផ្នែកមួយរបស់ពួកយើង នៅពេលដែលខ្ញុំបានដឹងពីសកម្មភាពអំពើសប្បុរសធម៌របស់លោក ខ្ញុំមានអារម្មណ៍រំភើប។ ហើយវាជាការរួមចំណែកបន្តិចបន្តួចរបស់ពួកយើង។ សូមអរគុណដល់អ្នកទាំងអស់គ្នា អ្នកបានផ្ដល់ការកម្សាន្ត និងសំណើចសម្រាប់ទស្សនិកជនជាច្រើន។ ពួកយើងសង្ឃឹមថា នឹងបន្តផ្ដល់ការកម្សាន្ត ចំណេះដឹង ព័ត៌មាន ដល់ប្រជាពលដ្ឋខ្មែរគ្រប់ៗរូបជាបន្តទៀតតាមរយៈបណ្តាញទូរទស្សន៍ទាំងអស់របស់ CBS"។
ក្នុងឱកាសនេះ ហ៊ាទី បានឱ្យដឹងថា ទោះបីជាថវិការដែលរៃអង្គាសសម្រាប់សកម្មភាពសប្បុរសធម៌នេះមិនច្រើនក៏ពិតមែន ប៉ុន្តែវាក៏អាចជួយដល់ជនដែលជួបការលំបាកបានមួយគ្រា។
ហ៊ាទី បានផុសនៅលើហ្វេសប៊ុកផេកផ្ទាល់ខ្លួនដូច្នេះថា៖ “អរគុណក្រុមហ៊ុន CTN TV បានចូលរួមទឹកប្រាក់ 1000$ សម្រាប់ការបរិច្ចាគទៅកាន់ពុកម៉ែបងប្អូន ដែលខ្វះខាតតាមរយៈខ្ញុំបាទ ហ៊ាទី”។
គួរបញ្ជាក់ថា បន្ទាប់ពីហ៊ាទី បានផុសនៅលើបណ្ដាញសង្គមអំពីការយកចំណូលដែលបានពីការថតកម្មវិធី "តោះរៀនភាសា" មួយផ្នែកទៅចែកជូនដល់ជនក្រខ្សត់ភ្លាម ខាងក្រុមហ៊ុន CBS បានស្វះស្វែងទាក់ទងទៅកាន់ ហ៊ាទី ផ្ទាល់ ដើម្បីចូលរួមចំណែកជា ទឹកប្រាក់ ៤ លានរៀល ក្នុងសកម្មភាពសប្បុរសធម៌ដ៏សំខាន់នេះ៕

