សង្គម

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ការលើកកម្ពស់គុណភាពអប់រំនៅមូលដ្ឋានគឺផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា

image


អត្ថបទ៖ ជា ស្រស់
សៀមរាប៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានីបានថ្លែងថាការលើកកម្ពស់គុណភាពអប់រំនៅមូលដ្ឋានរាជរដ្ឋាភិបាលបានផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា តាមរយៈការពង្រឹងអភិបាលកិច្ចសាលា ការពិនិត្យកែសម្រួលរៀបចំកម្មវិធីសិក្សានិងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបទ របស់សិស្សានុសិស្ស។


នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា ប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីវិធីសាស្រ្តអនុវត្តការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល» នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។


ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់គតិបណ្ឌិតឈ្លាសវៃនិងចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដើម្បីកំណើការងារ សមធម៌ ប្រសិទ្ធភាពនិងចេរភាព សំដៅកសាងមូលដ្ឋានគ្រឺះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ជាប្រទេសមានចំណូលខ្ពស់ ព្រមទាំងបានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណលើការកែលំអអភិបាលកិច្ចនិងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប និងបានដាក់ចេញនូវវិធានការគន្លឺះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈដោយផ្តោលើការងារអាទិភាពចំនួន៣ផងដែរ គឹ៖ការកែលំអប្រព័ន្ឋជ្រើសរើសមន្ត្រី ការលើកកម្ពស់ប្រសិទ្ធភាពការងារនិងការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មដើម្បីធានាបានសង្គតិភាព សមធម៌ ប្រសិទ្ធភាពនិងចេរភាព។


លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ចំពោះការលើកកម្ពស់គុណភាពអប់រំនៅមូលដ្ឋានរាជរដ្ឋាភិបាលបានផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា តាមរយៈការពង្រឹងអភិបាលកិច្ចសាលា ការពិនិត្យកែសម្រួលរៀបចំកម្មវិធីសិក្សានិងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបទ របស់សិស្សានុសិស្ស។ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ ការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា ការជំរុញលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាលនិងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋនិងសហគមន៍ដើម្បីការអប់រំ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ការយកចិត្តទុកដាក់ចំពោះការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន ដោយផ្តោតលើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន តាមរយៈពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព នៅមន្ទីរពេទ្យបង្អែក ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងការសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈនិងឯកជន។


ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បញ្ជាក់បន្ថែមថារាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែបន្តយកចិត្តទុកដាក់និងជម្រុញបន្ថែមចលនានៃការប្រឡងប្រណាំង តាមរយៈការវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលដែលត្រូវបានដាក់ឱ្យអនុវត្តដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាឆ្នាំ២០១៨។

ការប្រឡងប្រណាំងរបស់អង្គភាពផ្តល់សេវាសាធារណៈនៅមូលដ្ឋាន នឹងត្រូវបានអនុវត្តបន្តសម្រាប់សាលាមត្តេយសិក្សា បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត១ កម្រិត២និងកម្រិត៣។
លោកឧបនាយករដ្ឋមន្ត្រីកត់សម្គាល់ថា តាមរយៈការដាក់ឱ្យដំណើរការនៃការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូទាំងពីរដំណាក់កាលកន្លងមក បានបង្កើតជាស្នូលជួប បណ្តុះស្មារតីដល់អង្គភាពសាធារណៈឱ្យខិតខំប្រឹងប្រែងនិងបន្តការយកចិត្តទុកដាក់បន្ថែមទៀតលើការលើកកម្ពស់គុណភាពនៃការដឹកនាំគ្រប់គ្រងនិងប្រតិបត្តិការក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរជូនទៅដល់ប្រជាពលរដ្ឋ។

សូមជម្រាបថា កាលពីឆ្នាំ២០២៣ កន្លងទៅ រដ្ឋបាលខេត្តបានអនុវត្តការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ទៅតាមដំណាក់កាលនីមួយៗ ចាប់តាំងពីការរៀបចំសេចក្តីជូនដំណឹងដល់គណៈកម្មការ វាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ក្រុង ស្រុក (គវរ) រហូតដល់ដំណាក់កាល នៃការពិនិត្យ និងវាយតម្លៃចុងក្រោយពីគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.)។

ជាលទ្ធផល ខេត្តសៀមរាប មានអង្គភាពទទួលបានជ័យលាភីចំនួន ៤ ដូចជា អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទកោសាជាប់ចំណាត់ថ្នាក់លេខ២ សាលាបឋមសិក្សាវត្តបូព៌ ចំណាត់ថ្នាក់លេខ៣ សាលាបឋមសិក្សាក្រវ៉ាន់ចំណាត់ថ្នាក់លេខ៦ និងមណ្ឌលសុខភាពគោកចកជាប់ចំណាត់ថ្នាក់ លេខ២ ក្នុងចំណោមបេក្ខភាពជ័យលាភីទូទាំងប្រទេស។


លោក បា្រក់ សោភ័ណ អភិបាល ខេត្តសៀមរាប បានឲ្យដឹងថា សម្រាប់ឆ្នាំ២០២៤ រដ្ឋបាលខេត្ត បាននិងកំពុងបន្តជំរុញ ការយកចិត្តទុកដាក់លើចលនាប្រឡងប្រណាំង អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យទាំងពីរខាងលើ ដោយបានកំណត់យកវិទ្យាល័យ សាលាមត្តេយ្យសិក្សា(មត្តេយ្យសិក្សាធនធាន និងមត្តេយ្យសិក្សាដាច់ដោយឡែក) និងមន្ទីរពេទ្យបង្អែក ដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ កម្រិត២ និងកម្រិត៣ ជាគោលដៅ នៃការវាយតម្លៃ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល៕