សង្គម

រដ្ឋមន្ត្រីសុខាភិបាល ស្នើឱ្យថ្នាក់ដឹកនាំទទួលបន្ទុកត្រូវពិនិត្យ និងពង្រឹងសេវាច្រកចេញចូលតែមួយ ក្នុងការផ្តល់សេវាលឿន ដោយត្រូវយកចិត្តទុកដាក់ និងធ្វើឱ្យមានប្រសិទ្ធភាព

image


ភ្នំពេញ៖ លោកសាស្ត្រាចារ្យរដ្ឋមនមន្ត្រីសុខាភិបាល  ឈាង រ៉ា ស្នើឱ្យថ្នាក់ដឹកនាំទទួលបន្ទុកត្រូវពិនិត្យ និងពង្រឹងសេវាច្រកចេញចូលតែមួយ ដោយត្រូវយកចិត្តទុកដាក់ និងធ្វើឱ្យមានប្រសិទ្ធភាពក្នុងការជម្រុញការផ្តល់សេវាឱ្យបានឆាប់រហ័សជូនដល់ប្រជាពលរដ្ឋ។ ថ្នាក់ដឹកនាំទទួលបន្ទុកត្រូវចុះពិនិត្យលើសេវាសាធារណៈ ជាពិសេសវិស័យឯកជន ដើម្បីធានាឱ្យគ្រឹះស្ថានទាំងនោះមានគុណវឌ្ឍន៍ មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការថែទាំព្យាបាលសុខុមាលភាពជូនអ្នកមកទទួលសេវាប្រកបដោយគុណភាព។

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្លែងបែបនេះ  ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែឧសភា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ។

បន្ថែមពីលើនេះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ស្នើឱ្យថ្នាក់ដឹកនាំ ជាពិសេសមន្រ្តី និងបុគ្គលិកសុខាភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់លើសមត្ថភាពមន្ត្រីរាជការរបស់ខ្លួនទាក់ទងនឹងរបៀបរបប និងឥរិយាបថក្នុងការបំពេញការងារ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឈានទៅរកការគ្របដណ្តប់សុខភាពជាសកល។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី គូសបញ្ជាក់ដល់ថ្នាក់ដឹកនាំនៅតាមអង្គភាពក្រោមឱវាទក្រសួង និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មេត្តាយកចិត្តទុកដាក់ក្នុងការពិនិត្យការស្នើសុំ ឬបំពាក់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ដែលមានស្នាដៃក្នុងការបំពេញការងារស្របតាមនីតិវិធីដែលបានកំណត់។

ទន្ទឹមនឹងនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើឱ្យថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកចុះមូលដ្ឋាន ត្រូវពិនិត្យអំពីការស្នើ និងបំពាក់គ្រឿងឥស្សរិយយសរបស់មូលដ្ឋានសុខាភិបាល ដោយដាក់ជាសូចនាករបន្ថែមក្នុងការចុះពិនិត្យមូលដ្ឋានសុខាភិបាលទូទរាជធានី-ខេត្ត៕

ដោយ៖ គង់ វណ្ណៈ