ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ណែនាំឲ្យ​ប្រញាប់រួសរាន់ទៅជួបគ្រូពេទ្យជំនាញ ក្រោយសត្វឆ្កែ ឬសត្វឆ្មាខាំ ​ចៀសវាងគ្រោះថ្នាក់អាយុជីវិត

image


កំពង់ចាម៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានធ្វើការណែនាំដល់ប្រជាពលរដ្ឋថា
​នៅពេលដែល មានសត្វឆ្កែ ឬសត្វឆ្មាខាំ ត្រូវតែប្រញាប់រួសរាន់ទៅជួបគ្រូពេទ្យជំនាញ ពីរបៀបថែទាំ និងការ បង្ការ ហើយសូមកុំរង់ចាំថាតើសត្វដែលបានខាំនោះ ឆ្កួត ឬមិនឆ្កួត។ ​លោកបានទទូចថា ប្រជាពលរដ្ឋ កុំរង់ចាំរោគសញ្ញាឆ្កែឆ្កួតចេញ ទើបមកចាក់វ៉ាក់សាំង នោះគឺពុំមានប្រសិទ្ធភាពទេ។

ការថ្លែងនេះរបស់លោកសាស្ត្រាចារ្យ ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបា​ល ក្នុងឱកាសចូលរួមសម្ពោធបើកឲ្យប្រើប្រាស់ ជាផ្លូវការអគារមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត ស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្រុងកំពង់ចាម នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។

លោករដ្ឋលេខាធិការ​ ង៉ូវ កាង បានថ្លែងថាជំងឺឆ្កែឆ្កួតគឺជាជំងឺមួយប្រភេទ ប្រសិនបើលេចចេញជារោគសញ្ញានោះ គឺពិបាក សង្ឃឹម ឬគ្មានសង្ឃឹមក្នុងការព្យាបាលដូចនេះមានតែការចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួតប៉ុណ្ណោះគឺ អាចមានឱកាសជួយជីវិតមនុស្សបាន។

លោករដ្ឋលេខាធិការ​ បានពន្យល់ថា ជាទូទៅសត្វឆ្កែ ឬឆ្មាដែលមិនមានការទទួលការចាក់វ៉ាក់សាំង នៅពេលដែលវាមកខាំ មនុស្ស គឺមានឱកាសចម្លងមកមនុស្ស។ ​លោកថា​នៅ ប្រទេសកម្ពុជានិងប្រទេសកំពុងអភិវឌ្ឍន៍ការផ្តល់វ៉ាក់សាំងទៅដល់សត្វគឺនៅមានកម្រិតនៅឡើយ ប៉ុន្តែក្រសួងពាក់ព័ន្ធ កំពុងខិតខំផ្តល់ការចាក់វ៉ាក់សាំង លើសត្វផងដែរ។

​ដោយឡែកបើយោងតាមលោក វេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរ សុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាមបានបញ្ជាក់ផងដែរថាគោលបំណងបើកឲ្យមានមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតនៅក្នុងខេត្តកំពង់ចាមគឺដើម្បីនាំយកការបង្ការជំងឺឆ្កែឆ្កួតឲ្យទៅកាន់តែកៀកជិតប្រជាជន ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ដោយជំងឺឆ្កែឆ្កួតនៅក្នុងតំបន់។

សូម​ជម្រាបជូនថាក្រោយពីមានកិច្ចព្រមព្រៀងរវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានិងមន្ទីរសុខាភិបាលខេត្តកំពង់ ចាម អគារមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត ខេត្តកំពង់ចាម នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានចាប់ ផ្តើម សាងសង់ឡើងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ មានកម្ពស់ ១ជាន់ បណ្តោយ១៥ម៉ែត្រ និង ទទឹង ១២ម៉ែត្រ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ហើយបញ្ចប់ការសាងសង់ នៅថ្ងៃទី ២៥ ខែមេសាឆ្នាំ២០២៤ ដោយចំណាយថវិកាអស់ចំនួន ១៦ម៉ឺនដុល្លារ៕

អត្ថបទ៖ ហ៊ាង ថាច