ព័ត៌មានជាតិ

ក្រោយមានភ្លៀងធ្លាក់! ប្រជាកសិករខេត្តរតនគិរី កំពុងមមាញឹកប្រមូលពូជដើមដំឡូងមី សម្រាប់យកទៅដាំតាមចំការរៀងៗខ្លួន ដើម្បីឲ្យទាន់ពេលវេលា នៃរដូវកាលប្រមូលផល

image


រតនគិរី ៖ បន្ទាប់ពីភ្លៀងធ្លាក់បានមួយមេ ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ដែលប្រកបមុខរបរដាំដំណាំវិលជុំ កំពុងមមាញឹកក្នុងការភ្ជួររាស់ដី និងប្រមូលដើមដំឡូងមីដាក់តាមចំការដែលភ្ជួររួចដើម្បីត្រៀមដាំដំឡូងមី ឲ្យទាន់ពេលវេលា។

ជាក់ស្ដែងបន្ទាប់ពីភ្លៀងធ្លាក់នៅក្នុងដើមខែឧសភាកាលពីថ្ងៃទី ៣ និងទី ៤ កន្លងមកនេះគេសង្កេតឃើញប្រជាពលរដ្ឋនៅតាមបណ្ដាស្រុកមួយចំនួនទូទាំងខេត្តដែលភ្លៀងបានធ្លាក់ត្រូវតាមតំបន់របស់ខ្លួន កំពុងមមាញឹកក្នុងការភ្ជួររាស់ដីចំការ ដើម្បីត្រៀមដាំដំឡូងមី។

បើតាមប្រជាកសិករ ដែលកំពុងមមាញឹកក្នុងការភ្ជួររស់និងទិញពូជដំឡូងមី បានឲ្យដឹងថាពួកគាត់ជារៀងរាល់ឆ្នាំ ឲ្យតែមានភ្លៀងធ្លាក់មួយមេ សើមដី ពួកគាត់តែងតែជួលត្រាក់ទ័រឬគោយន្តភ្ជួរដីចំការគ្រប់ៗគ្នា ដើម្បីដាំដំឡូងមី និងដំណាំផ្សេងៗ ដូចជាដំណាំដំឡូងមីសណ្ដែកសៀង រួមជាមួយ ដំណាំរួមផ្សំជាច្រើនមុខទៀត។ ហើយចំពោះការដាំដំណាំដំឡូងមីវិញ ពួកគាត់ចាប់ដាំឲ្យតែមានភ្លៀងធ្លាក់ដោយអ្នកខ្លះនៅតំបន់ដែលដីមានភ្លៀងគឺដាំតាំងពីខែមេសាមកម្ល៉េះ និងតំបន់ខ្លះអាចដាំនៅក្នុងខែឧសភា។ ក្រុមប្រជាពលរដ្ឋបានឲ្យដឹងទៀតថាឆ្នាំនេះពួកគាត់យឺតយ៉ាវក្នុងការដាំដុះជាងឆ្នាំមុនដោយសារកត្តាទឹកភ្លៀងក្រធ្លាក់ពេក ហើយចំពោះការដាំនៅក្នុងកំឡុងមេសា ពួកគាត់បានប្រមូលផលទាន់ពេលវេលា និងបានតម្លៃខ្ពស់។ រីឯចំណែកការដាំដំឡូងមីវិញ ពួកគាត់បានដាំលើដីដែលមានដំណាំចន្ទីស្រាប់ គឺចន្លោះ នៃជួរចន្ទីហើយអ្នកខ្លះគេដាំតែដំឡូងមីមួយមុខ។

ប្រជាកសិករបានឲ្យដឹងទៀតថា ចំពោះការដាំដំណាំដំឡូងមីនេះគឺចំណាយទៅលើការភ្ជួរដីក្នុងមួយហិកតា គឺមានតម្លៃខុសគ្នាទៅតាមដីដែល មិនមានគល់និងដីមានចន្ទីស្រាប់ សម្រាប់ដីដែលមានគល់ ឈើ គឺ តម្លៃឈ្នួលភ្ជួរ ១៤ម៉ឺនរៀល ក្នុងមួយហិកតា។ ហើយដីដែលមានដំណាំចន្ទី តម្លៃ ១២ម៉ឺនរៀលក្នុងមួយហិកតា។

ដោយឡែកចំពោះការដាំដំឡូងវិញ ប្រជាកសិករបានដាំតាមបែបផ្សេងៗគ្នាដោយនៅតំបន់ ខ្លះគេលើករងដោតតែម្ដងហើយតំបន់ខ្លះគេកាប់រណ្តៅដាំ ។

ចំពោះការថែទាំនិងការចំណាយដើមទុនវិញ ពួកគាត់ថា បើចំណាយដើមទុនច្រើន និងការថែទាំដិតដល់ក្នុងមួយហិកតាពី ១៥ទៅ ២៣ តោន។ ចំពោះកសិករដែលមិនមានលទ្ធភាព ក្នុងការចំណាយដើមទុនច្រើន គឺទទួលទិន្នផលក្នុងមួយហិកតា បានត្រឹមតែ ១២ ទៅ ១៥តោនប៉ុណ្ណោះ។

ទាក់ទិននឹងដំណាំដំឡូងមីនេះដែរ លោក សែម រឿន ប្រធានការិយាល័យក្សេតសាស្ត្រលផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តរតនគិរី បានឲ្យដឹងតាមប្រព័ន្ធទូរស័ព្ទថា ចំពោះផ្ទៃដីដាំដំឡូងមីទូទាំងខេត្តរតនគិរីគ្រប់ដណ្ដប់ទៅលើ ៩ក្រុងស្រុក មានចំនួនប្រមាណជាង១៦.០០០ ហិកតា ហើយចំពោះការដាំ គឺតាមប្រភេទដីនិងតំបន់ខុសៗគ្នា ដែលប្រជាពលរដ្ឋរស់នៅអ្នកខ្លះចាប់ផ្ដើមពីខែ ៣អ្នកខ្លះចាប់ដើមក្នុងកំឡុងខែ ៤ ហើយអ្នកខ្លះចាប់ដាំដំឡូងមីនៅកំឡុងខែ៥។

លោកប្រធានការិយាល័យរូបនេះបានឲ្យដឹងទៀតថា ប៉ុន្មានឆ្នាំចុងក្រោយនេះតម្លៃនៃដំឡូងមីគឺមានតម្លៃថេរ ហើយឆ្នាំនេះប្រជាកសិករបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការផ្គត់ផ្គង់ដើមពូជដំឡូងសម្រាប់ដាំនៅក្នុងចំការរបស់ពួកគេ។

ដោយឡែកសម្រាប់ផ្ទៃដីឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុននោះដែរ។ ចំពោះការដាំដំឡូងរបស់ប្រជាកសិករទូទាំងខេត្តរតនគិរី គឺពួកគាត់មិនមានការពង្រីកដីព្រៃដាំបន្ថែមនោះទេ គឺមានតែការកាប់ចន្ទីចោលខ្លះ និងដាំតាមចន្លោះចន្ទីនិង លើផ្ទៃដីលាតសម្រាប់ពួកគេដាំចន្ទីជារៀងរាល់ឆ្នាំប៉ុណ្ណោះ។ លោកថា ចំពោះបច្ចេកទេសនៃការដាំដំណាំចន្ទី ខាងការិយាល័យជំនាញនៃមន្ទីរកសិកម្មជារៀងរាល់ឆ្នាំ បានចុះប្រឹក្សាជាមួយប្រជាកសិករនៅតាមតំបន់ ដែលមានជួបបញ្ហាជំងឺទៅលើដំណាំដំឡូងមីជារៀងរាល់ឆ្នាំ ដោយខាងមន្ទីរជំនាញ បានណែនាំវិធីសាស្ត្រ នៃការប្រើប្រាស់ជី និងការបាញ់ថ្នាំសម្លាប់សត្វល្អិតជាដើម។

លោកប្រធានការិយាល័យ ក៏បានសំណូមពរទៅដល់បងប្អូនប្រជាកសិករទាំងអស់ បើចង់ទទួលបានទិន្នផលខ្ពស់ ក្នុងការដាំដំឡូងមី សូមឲ្យបងប្អូនជ្រើសរើសរកពូជ និងការដាំឲ្យមានបច្ចេកទេសត្រឹមត្រូវ ទើបទទួលបានទិន្នផលខ្ពស់៕

ដោយ ៖ ប៉េស សារី