ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់សម្លាប់មនុស្ស១៤នាក់នៅឥណ្ឌូណេស៊ី ខណៈប្រតិបត្តិការជួយសង្គ្រោះកំពុងតែបន្ត

image


ឥណ្ឌូណេស៊ី៖ ភ្លៀងធ្លាក់ដ៏ខ្លាំងបានបង្កឱ្យមានគ្រោះទឹកជំនន់កើតឡើងនៅខេត្តស៊ូឡាវេស៊ី ភាគខាងត្បូងប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃសុក្រកន្លងទៅ ដោយបណ្តាលឱ្យមនុស្ស១៤នាក់បាត់បង់ជីវិត ខណៈអាជ្ញាធរ បានដាក់ពង្រាយកម្លាំង ដើម្បីរុករកនិងជួយសង្គ្រោះពលរដ្ឋមួយចំនួនដែលកំពុងបាត់ខ្លួន។

តាមរយៈរូបភាពវីដេអូពីទីភ្នាក់ងារជាតិផ្នែករុករកនិងជួយសង្គ្រោះរបស់អាជ្ញាធរឥណ្ឌូណេស៊ី បានបង្ហាញពីទំហំនៃផលប៉ះពាល់ធ្ងន់ធ្ងរបង្កឡើងដោយសារតែគ្រោះទឹកជំនន់ ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងធើ្វការជម្លៀសពលរដ្ឋចេញពីកូនទូកទៅកាន់ទីទួលសុវត្ថិភាព។

ជុំវិញហេតុការណ៍គ្រោះធម្មជាតិមួយនេះ អាជ្ញាធរមូលដ្ឋានរបស់ឥណ្ឌូណេស៊ី បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មានពលរដ្ឋយ៉ាងហោចណាស់១៤នាក់ស្លាប់ដោយសារតែលង់ទឹក និងការរអិលបាក់ដី។ ប្រភពដដែលបានបន្តបញ្ជាក់ថា គ្រោះទឹកជំនន់នេះបានបង្កការខូចខាតដល់ផ្ទះសម្បែងពលរដ្ឋចំនួនជិត ២,០០០គ្រួសារដោយគិតជាមនុស្សសរុបមានចំនួនប្រមាណជា១ម៉ឺននាក់។ យ៉ាងណាមិញ រហូតមកដល់ពេលនេះ ស្ថានភាពទឹកជំនន់ បានស្រក់ចុះជាបណ្តើរៗហើយនៅតាមតំបន់មួយចំនួន៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ The Guardian/ The Indian Express