សង្គម

ផ្ទះពលរដ្ឋជិត ៤០ខ្នងរងផលប៉ះពាល់ ដោយសារភ្លៀងធ្លាក់មួយមេលាយឡំខ្យល់កន្ត្រាក់​ ក្នុងខេត្តស្វាយរៀង បន្ទាប់ពីរាំងស្ងួតអូសបន្លាយជាច្រើនខែ

image


អត្ថបទ៖ មិន ភក្តី
ស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះសំបែងប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងចំនួន ៣៦ខ្នងរងផលប៉ះពាល់ដោយសារភ្លៀង​ធ្លាក់មួយមេ លាយឡំជាខ្យល់កន្ត្រាក់បោកបក់ខ្លាំងៗ បន្ទាប់ពី​មានភាពរាំងស្ងួតអូសបន្លាយជាច្រើនខែកន្លងមកនេះ។

ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ​ក្នុងនៅឃុំស្វាយយា ស្រុកស្វាយជ្រំ ចំនួន ៣៤ ខ្នង និងនៅឃុំថ្មី ស្រុកកំពង់រោទិ៍ ១ ខ្នង ហើយនិងឃុំទួលស្តី ស្រុកចន្ទ្រា ១ ខ្នង។  ​ក្នុងនោះខូចខាតទាំងស្រុង ៥ ខ្នង មធ្យម ១៣ ខ្នង និងតិចតួច ១៨ ខ្នង។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសាគ្រោះធម្មជាតិផ្សេងៗឲ្យបានទាន់ពេលវេលា នាព្រឹកថ្ងៃចន្ទ ទី០៦ ខែ ឧសភា ឆ្នាំ ២០២៤ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារសាខា អនុសាខា នាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ខាងលើនេះ។

ក្នុងឱកាសនោះលោកស្រី ដួង វណ្ណា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ 

​ជាមួយគ្នានេះ លោកស្រី ក៏ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវត្រៀមឧបករណ៍ឲ្យបានគ្រប់គ្រាន់ក្នុងការបង្កបង្កើនផលនារដូវវស្សានាឆ្នាំនេះឲ្យបានទាន់ពេលវេលា ។

ទន្ទឹមនឹងនេះ លោកស្រី ក៏បានណែនាំដល់អាជ្ជាធរមូលដ្ឋានត្រូវសហការគ្នាក្នុងការជួយរៀបចំផ្ទះសំបែងប្រជាពលរដ្ឋដែលរងគ្រោះឲ្យបានសមរម្យឡើងវិញ ដើម្បីជាជម្រកសម្រាប់ពួកគាត់ស្នាក់នៅបន្ត៕