សង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ដល់អ្នកសារព័ត៌មានត្រូវធ្វើជាកញ្ចក់ឆ្លុះបញ្ចាំង អំពីភាពពិតជាក់ស្តែង និងភាពអសកម្មនៅក្នុងសង្គម ដើម្បីរាជរដ្ឋាភិបាលដោះស្រាយបញ្ហាចំគោលដៅ

image

អត្ថបទ៖ ហ៊ន សុភ័ក្រ

វីដេអូ ៖ អេង សុគុណ និងលឹម មុនី

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងផ្តល់អនុសាសន៍ដល់អ្នកសារព័ត៌មានធ្វើជាកញ្ចក់ឆ្លុះបញ្ចាំង អំពីភាពពិតជាក់ស្តែង និងភាពអសកម្មនៅក្នុងសង្គម ដើម្បីរាជរដ្ឋាភិបាល ដោះស្រាយបញ្ហាចំគោលដៅ មានប្រសិទ្ធភាព ស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត បានអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ នារសៀលថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤។

សម្តេចធិបតី ក៏បានផ្តល់អនុសាសន៍សូមអ្នកព័ត៌មានបន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើ ការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។ ផ្ដល់ព័ត៌មានពិត ដល់សាធារណជនជាតិ-អន្តរជាតិ អំពីសភាពការណ៍ពិត នៅកម្ពុជា និង ផ្សព្វផ្សាយ គោលនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំព័ត៌មានពី ប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមាន ប្រសិទ្ធភាពខ្ពស់ ផ្សព្វផ្សាយអប់រំដល់សាធារណជន អំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃការ ប្រើប្រាស់ គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីកាត់ បន្ថយគ្រោះថ្នាក់ ចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន និងរក្សាសុវត្ថិភាពសង្គម។ បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម អាចធ្វើឱ្យប្រទេសជាតិ អស្ថិរភាពនយោបាយ ចលាចល ភាពវឹកវរ និងបាត់បង់សណ្តាប់ធ្នាប់សង្គម។ ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ផ្សាយព័ត៌មានពិត មានតុល្យភាព គ្រប់ជ្រុងជ្រោយ ចៀសវាង ការផ្សព្វផ្សាយព័ត៌មានដែលធ្វើឱ្យខូចផលប្រយោជន៍ជាតិ និង បាត់បង់ទំនុកចិត្តពី 

សាធារណជន និង បណ្តុះបណ្តាលសមត្ថភាពជំនាញ របស់អ្នកសារព័ត៌មាន ទាំងបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បី លើកកម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់វិស័យព័ត៌មាន និងកិត្យានុភាពស្ថាប័នសារព័ត៌មាន ។ 

សម្តេចធិបតី បានផ្តល់អនុសាសន៍ដល់ក្រសួងព័ត៌មានត្រូវលើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរក្សានូវ ក្រមសីលធម៌ និងគុណភាពការងារ។ ក្រសួងព័ត៌មានសូមជំរុញដំណើរការឡើងវិញនូវមណ្ឌល បណ្តុះបណ្តាលវិក្រឹតការ និងវិជ្ជាជីវៈសារព័ត៌មាន៕