ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួមយ៉ាងសកម្មផ្សព្វផ្សាយបានរហ័សទាន់សភាពការណ៍ និងទូលំទូលាយអំពីសភាពការណ៍ពិតនៅកម្ពុជា

image


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួម យ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់ ក្នុងការនាំយកព័ត៌មានពីរាជរដ្ឋាភិបាលទៅកាន់ ប្រជាពលរដ្ឋ និងនាំយកព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាលដើម្បីជាប្រយោជន៍សង្គម សុខដុមរមនា និងចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាយើង"។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត បានអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ នារសៀលថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះក្រសួងព័ត៌មានដែលបានរៀបចំ និងបោះពុម្ពផ្សាយ របាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាដែលនេះជាលើកទី១ ដែលក្រសួងរៀបចំឡើង ឈរលើមូលដ្ឋាននៃស្ថានភាពពិតជាក់ស្ដែង និងមានសាក្សីដែលជាអ្នកសារព័ត៌មានកំពុងប្រកបអាជីព វិជ្ជាជីវៈ។
សម្តេចបន្តថា "រយៈពេលជាង ៤៥ ឆ្នាំកន្លងមក ព័ត៌មានស្ដីពីសមិទ្ធផល និងស្នាដៃនានា របស់រាជរដ្ឋាភិបាល ត្រូវ បានចែករំលែក ផ្សព្វផ្សាយតាមគ្រប់រូបភាពបានឆាប់រហ័សទាន់សភាពការណ៍ និងទូលំទូលាយ ទាំងនៅ ក្នុងក្របខណ្ឌជាតិ អន្តរជាតិ ដើម្បីស្វែងយល់កាន់តែច្បាស់ពីកម្ពុជា។ សកម្មភាពទាំងនេះសុទ្ធតែមានការ ចូលរួមដែលមិនអាចខ្វះបានពីស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន ដែលបានខិតខំពុះពារ ជំនះរាល់ឧបសគ្គក្នុងការចុះយកព័ត៌មាន ដើម្បីផ្សព្វផ្សាយបានរហ័សទាន់សភាពការណ៍ និងទូលំទូលាយ អំពីសភាពការណ៍ពិតនៅកម្ពុជា ជាពិសេសព្រឹត្តិការណ៍ធំៗ ជាប្រវត្តិសាស្ត្រ នាពេលកន្លងមកដូចជា កិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រឹត្តិការណ៍នៃការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត នីតិកាលទី៧ឆ្នាំ២០២៣ ការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នាពេលកន្លងមក"៕

អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ ៖ អេង សុគុណ និងលឹម មុនី