សង្គម

ដំរីព្រៃញី ១ក្បាល មានរបួសជើងមុខធ្ងន់ធ្ងរ ជាប់ភក់ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី ត្រូវបាន ជួយសង្រ្គោះឲ្យមានសុវត្ថិភាព

image

អត្ថបទ: ប៊ុត សុភ័ក្រ

មណ្ឌលគិរី៖ តាមរបាយការណ៍របស់លោក ញឹម វណ្ណៈ អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច លំផាត់ បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ មានដំរីព្រៃញី១ក្បាល ជាប់ភក់ ចំណុចអូរក្រាក់ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី ស្ថិតក្នុងបរិវេណ ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច លឹម រ៉ូយ៉ាល់ ភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

 លោក បញ្ជាក់ថា ក្រុមមន្ត្រីការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច សហការណ៍ជាមួយមន្ត្រីអង្គការWWFខេត្តមណ្ឌលគិរី បានធ្វើការសង្គ្រោះសត្វដំរីញីមួយក្បាល ដោយយកម៉ាស្ការ ក្នុងពេលចុះប្រតិបត្តិការដឹកជញ្ជូន លើកចេញពីភក់ ដាក់កន្លែងមានសុវត្ថិភាព និងបានដាក់ចំណី ទឹក ឲ្យដំរីស៊ី និងផឹកទឹក។ ក្រុមការងារពិនិត្យឃើញថាដំរីញីនេះមានស្នាមរបួសជើងមុខធ្ងន់ធ្ងរ។

លោកបន្ថែមថា បច្ចុប្បន្នក្រុមការងារ និងគ្រូពេទ្យ មកពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ មកធ្វើការព្យាបាលបន្ថែម៕