ព័ត៌មានអន្តរជាតិ

លោក បៃដិន លើកឡើងថា ជនជាតិអាម៉េរិកមានសិទ្ធិធ្វើបាតុកម្ម ប៉ុន្តែមិនត្រូវបញ្ចេញអំពើហឹង្សានោះទេ

image


សហរដ្ឋអាម៉េរិក៖ កំណើននៃការតវ៉ានៅតាមសាលារៀន កំពុងបង្ខំឱ្យប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូបៃដិន (Joe Biden) ព្យាយាមរក្សាស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការឆ្លើយតបចំពោះរាល់សកម្មភាពដែលកំពុងតែប្រឆាំងនឹងជាតិសាសន៍យូដា ហើយនៅស្របពេលទទួលរងសម្ពាធនយោបាយកាន់តែខ្លាំង ប្រធានាធិបតីអាម៉េរិក ចូបៃដិន បានបញ្ចប់ការរក្សាភាពស្ងៀមស្ងាត់តាមរយៈសុន្ទរកថានៅឯសេតវិមាន ដោយលោកបានលើកឡើងថា ជនជាតិអាម៉េរិកមានសិទ្ធិចូលរួមធ្វើបាតុកម្ម ប៉ុន្តែមិនត្រូវបញ្ចេញអំពើហឹង្សានោះទេ "ពួកយើងមានសិទ្ធិតវ៉ា ប៉ុន្តែមិនមែនជាសិទ្ធិធ្វើឱ្យមានភាពចលាចលអ្វីឡើយ" ។

នៅពេលសមត្ថកិច្ចបង្រ្កាបដោយហឹង្សា ក្នុងការប្រឆាំងនឹងការរីករាលដាលនៃបាតុកម្មនៅតាមសកលវិទ្យាល័យនៅទូទាំងសហរដ្ឋអាម៉េរិក លោក បៃដិន ប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំង ចំពោះគោលនយោបាយរបស់លោកចំពោះប្រទេសអ៊ីស្រាអែល ទាំងពីអ្នកឆ្វេងនិយមផង និងពីអ្នកស្តាំនិយមផង ។

នៅប៉ុន្មានថ្ងៃថ្មីៗនេះ សិស្សានុសិស្សរាប់សិបនាក់ នៅតាមសាលារៀនមួយចំនួន បានមកជួបជុំគ្នាឬបោះជំរំ ដើម្បីធ្វើការប្រឆាំងនឹងសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដោយទាមទារឱ្យស្ថាប័នអប់រំឈប់ធ្វើការឬសហការជាមួយក្រុមហ៊ុនទាំងឡាយណាដែលគាំទ្រសង្រ្គាមរបស់អ៊ីស្រាអែល ។

ពាក់ព័ន្ធនឹងការតវ៉ាជុំវិញបញ្ហាសង្គ្រាមនៅតំបន់ហ្គាហ្សា ក៏ដូចជាការគាំទ្រយ៉ាងខ្លាំងក្លារបស់លោកបៃដិនចំពោះអ៊ីស្រាអែល បានធ្វើឱ្យមានភាពរង្គោះរង្គើមួយចំនួននៅក្នុងគណបក្សប្រជាធិបតេយ្យរបស់លោក ដោយកាលពីថ្ងៃពុធសប្តាហ៍នេះ សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យចំនួន ៥៧ នាក់នៅក្នុងសភា បានស្នើសុំឱ្យលោក បៃដិន បញ្ឈប់ជំនួយដល់អ៊ីស្រាអែល នៅក្នុងគោលបំណងដើម្បីបញ្ឈប់នូវគម្រោងការវាយប្រហារទៅលើទីក្រុងរ៉ាហ្វា (Rafah) ដូចដែលអ៊ីស្រាអែលបានគ្រោងទុក ។

ទន្ទឹមនឹងនេះ ជំនួយការជាន់ខ្ពស់របស់លោក បៃដិន បានច្រានចោលចំពោះគំនិតដែលចោទប្រកាន់ថា ការតវ៉ាលើបញ្ហាជម្លោះ ឬការគាំទ្ររបស់ពួកគេចំពោះអ៊ីស្រាអែល នឹងទាញទម្លាក់ប្រជាប្រិយភាពលោកបៃដិននៅក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងខែវិច្ឆិកា ដោយពួកគេចង្អុលបង្ហាញថា ចំនួនអ្នកចូលរួមបោះឆ្នោតទូទៅមានតិចតួចបើធៀបនឹងចំនួនម្ចាស់ឆ្នោតក្មេងៗ ដែលមានសិទ្ធិចូលរួមបោះឆ្នោតមានប្រហែល ៤១ លាននាក់ក្នុងឆ្នាំ ២០២៤ ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សេតវិមានបានបង្ហាញនូវគោលនយោបាយដ៏ល្អមួយសម្រាប់អ្នកបោះឆ្នោតវ័យក្មេង ដោយចេញសេចក្តីប្រកាសស្តីពីការផ្តល់ប្រាក់កម្ចីសម្រាប់និស្សិតថ្មី ក៏ដូចជាការកាត់បន្ថយទោសព្រហ្មទណ្ឌលើគ្រឿងញៀន និងថ្កោលទោសចំពោះការហាមឃាត់លើការរំលូតកូនក្នុងផ្ទៃរយៈពេលប្រាំមួយសប្តាហ៍ ដែលទើបចូលជាធរមានកាលពីថ្ងៃពុធនៅក្នុងរដ្ឋផ្លរីដា ។

ប៉ុន្តែ ដរាបណាឆ្នាំសិក្សានៅតែបន្ត ការតវ៉ាក៏មិនបានបាត់ទៅណាដែរ ហើយគណបក្សសាធារណរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមអ្នកអភិរក្សនិយម បានលើកយកបញ្ហាដ៏រសើបនេះ ដើម្បីរិះគន់លោក បៃដិន ។

ទោះជាបែបណាក្តី ការស្រាវជ្រាវនៃយុទ្ធនាការរបស់លោកបៃដិន បង្ហាញថា អ្នកបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅចុងឆ្នាំ ២០២៤ ភាគច្រើនជាយុវជនដែលមានគោលបំណងជ្រើសរើសប្រធានាធិបតីដោយផ្អែកលើបញ្ហាដូចជាសេដ្ឋកិច្ច មិនមែនជារឿងនៅតំបន់ហ្គាហ្សានោះទេ ។

ដោយឡែក នៅក្នុងខ្សែវីដេអូមួយកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញពីទិដ្ឋភាពរបស់បាតុករគាំទ្រប៉ាឡេស្ទីន និងសមត្ថកិច្ចស្ថិតនៅឯច្រកចូលសាកលវិទ្យាល័យផតឡែនស្តេត (Portland State) បន្ទាប់ពីមន្ត្រីបានចូលទៅក្នុងបណ្ណាល័យ ដើម្បីបោសសម្អាតក្រុមបាតុករនិស្សិតដែលធ្វើការកាន់កាប់អគារតាំងពីថ្ងៃចន្ទ ។

ក្នុងថ្ងៃដដែលនេះ សាកលវិទ្យាល័យផតឡែនស្តេត (Portland State) បានបិទសាលារៀន ដើម្បីអនុញ្ញាតមន្ត្រីនគរបាលចូលទៅកាន់បរិវេណខាងក្នុង ។

យោងតាមការិយាល័យនគរបាលក្រុងផតឡែន (Portland) បានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ១២ នាក់ត្រូវបានចាប់ឃាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ រួមមានទាំងនិស្សិត ៤ នាក់ អំឡុងសមត្ថកិច្ចធ្វើប្រតិបត្តិការបោសសម្អាតបណ្ណាល័យក្នុងសាលា ។

គួររំឮកថា បន្ទាប់ពីក្រុមហាម៉ាសបានលុកលុយភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា និងបន្ទាប់ពីទាហានអ៊ីស្រាអែលធ្វើយុទ្ធនាការឆ្លើយតប រហូតមកទល់នឹងពេលនេះ បានបណ្តាលឱ្យជនជាតិប៉ាឡេស្ទីនជាង ៣៤,០០០ នាក់ស្លាប់ នេះបើយោងតាមការបញ្ជាក់ដោយមន្ត្រីសុខាភិបាលក្នុងតំបន់ហ្គាហ្សា ខណៈអង្គការសហប្រជាជាតិ ធ្លាប់បញ្ជាក់ថា មនុស្សជាង ១ លាននាក់ប្រឈមនឹងគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ បន្ទាប់ពីសង្គ្រាមបន្តអូសបន្លាយក្នុងរយៈពេលជាងកន្លះឆ្នាំ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ France 24/ Yahoo News/ WHBL