ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីស៊ែប៊ី៖ មេដឹកនាំចិន លោក ស៊ីជីនពីង អាចរួមចំណែកដល់សន្តិភាពយូរអង្វែងរបស់ពិភពលោក

image


ស៊ែប៊ី-ចិន៖ នៅក្នុងបទសម្ភាសន៍មួយនៅមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលខាងមុខរបស់ប្រមុខដឹកនាំចិនមកកាន់ប្រទេសស៊ែប៊ី លោកប្រធានាធិបតី អាឡិកសាន់ឌើ វូស៊ីក (Aleksandar Vucic) មានប្រសាសន៍ថា ប្រធានាធិបតីចិន ស៊ីជីនពីង (Xi Jinping) ពិតជាអាចរួមចំណែកដល់ការបង្កើតឱ្យមានសន្តិភាពយ៉ាងយូរអង្វែងនៅក្នុងពិភពលោក ។

ប្រទេសចិនបាននិងកំពុងដើរតួនាទីកាន់តែសំខាន់នៅក្នុងកិច្ចការអន្តរជាតិ។ កាលពីឆ្នាំមុន ចិនបានសម្រុះសម្រួលកិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ដើម្បីស្តារទំនាក់ទំនងការទូតឡើងវិញ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាដោយបើកចំហជាច្រើនឆ្នាំ។ ចិនក៏បានបង្កើនកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីទប់ទល់ជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល បន្ទាប់ពីភាគីទាំងពីរបានវាយប្រហារគ្នាទៅវិញទៅមកកាលពីខែមុន ក្រោមបំណងដើម្បីរារាំងមិនឱ្យកើនឡើងជម្លោះនៅក្នុងតំបន់កាន់តែខ្លាំង ។

តាមរយៈបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ CCTV របស់ចិន ស្ថិតនៅក្នុងរដ្ឋធានីបែលក្រាដកាលពីថ្ងៃអង្គារ ប្រមុខដឹកនាំស៊ែប៊ី លោក វូស៊ីក (Vucic) បានសាទរចំពោះការដឹកនាំរបស់ប្រធានាធិបតី ស៊ី និងបានជំរុញឱ្យអ្នកផ្សេងទៀតគួរតែស្តាប់សម្តីរបស់ប្រធានាធិបតីចិនបន្ថែមទៀត ។

លោក វូស៊ីក (Vucic) បានលើកឡើងថា "ដើម្បីប្រាប់អ្នកពីការពិត ហើយខ្ញុំនិយាយទៅកាន់មនុស្សគ្រប់គ្នាថាពួកគេ (ពិភពលោក) ទាំងអស់បានដាក់ក្តីសង្ឃឹមជាច្រើន ចំពោះគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតី ស៊ី ក្នុងការនាំយកសន្តិភាពមកឱ្យពិភពលោកនាពេលបច្ចុប្បន្ននេះ ។ លោកប្រធានាធិបតី ស៊ី គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សកម្របំផុតនៅក្នុងពិភពលោក ដោយលោកពិតជាអាចចូលរួមចំណែកនៅក្នុងការបញ្ចប់សង្គ្រាមខ្លះ និងបង្កើតសន្តិភាពឱ្យបានយូរអង្វែង ហើយខ្ញុំសូមជំរុញអ្នកដទៃទៀតឱ្យស្តាប់សម្ដីរបស់លោកប្រធានាធិបតី ស៊ី ឱ្យបានច្រើន និងព្រមកែតម្រូវចិត្តគំនិតមួយចំនួន ដើម្បីទទួលបានការឯកភាពគ្នាខ្លះ និងដើម្បីផលប្រយោជន៍សម្រាប់អ្វីគ្រប់យ៉ាងនៅទីបញ្ចប់ ភាពស្ងប់សុខ និងសន្តិភាព" ។

កាលពីដើមសប្តាហ៍នេះ ក្រសួងការបរទេសចិនបានប្រកាសថា ប្រមុខដឹកនាំចិន ស៊ីជីនពីង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសបារាំង ស៊ែប៊ី និងហុងគ្រី ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែឧសភា ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ IBT/ The Washington Post/ the Carnegie Endowment for International Peace