សម្តេចធិបតី៖ ត្រីមាសទី១ ឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោង វិនិយោគថ្មី និងគម្រោងវិនិយោគពង្រីកចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុប២,២ពាន់លាន ដុល្លារអាម៉េរិក
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសារលិខិតឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានថ្លែងថាឆ្នាំ២០២៤នេះ គឺជាឆ្នាំដំបូងនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងនោះកម្មវិធីអាទិភាពចំនួន ៦ និងវិធានការគន្លឹះចំនួន ៥ ត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល សំដៅធានាឱ្យបាននូវប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីនយោបាយ និងការកែ ទម្រង់ស៊ីជម្រៅ ក្នុងគោលបំណងសម្រួលការធ្វើធុរកិច្ច អាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានចំណូលខ្ពស់ ការងារកាន់តែសមរម្យនិងសម្បូរបែប ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
សម្តេចមហាបវរធិបតី បានបញ្ជាក់ថា ជាលទ្ធផលក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោង វិនិយោគថ្មី និងគម្រោងវិនិយោគពង្រីកចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ២,២ពាន់លាន ដុល្លារអាម៉េរិក និងអាចបង្កើតការងារថ្មីចំនួនប្រមាណជា ១០,៧ម៉ឺនកន្លែង។ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ដដែលនេះ ចំនួនសហគ្រាសដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនឡើងពី ចំនួន ៤០.៩៧៥ ដល់ចំនួន ៤៣.៨៤៩សហគ្រាស (កើនឡើងចំនួន ២ ៨៧៤សហគ្រាស) ហើយចំនួន កម្មករនិយោជិត បានកើនពីចំនួន ១.៧១៥.០២៩នាក់ ដល់ចំនួន ១.៧៩៣ .៤៦៧នាក់ (កើនឡើងចំនួន ៧៨.៤៣៨ នាក់)។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានបន្តខិតខំលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់ ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងលិខិតបទដ្ឋាន ការងារអន្តរជាតិនានា។ គិតត្រឹមខែមីនា ឆ្នាំ២០២៤ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជីកាអង្គការវិជ្ជាជីវៈសរុបចំនួន ៦.៣១៧ ក្នុងនោះ សហភាពសហជីពមានចំនួន ៤២ សហព័ន្ធសហជីពមានចំនួន ២៨០ សហជីពមូលដ្ឋានមានចំនួន ៥.៩៨៣ និងសមាគមនិយោជកមានចំនួន ១២៕
អត្ថបទ៖ សន ពិសិដ្ឋ