ព័ត៌មានអន្តរជាតិ

រុស្ស៊ីប្រកាសបង្កើនការវាយប្រហារដើម្បីកម្ទេចគ្រឿងសព្វាវុធរបស់ក្រុមប្រទេសលោកខាងលិចនៅអ៊ុយក្រែន

image


រុស្ស៊ី៖ កាលពីថ្ងៃអង្គារម្សិលមិញ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក ស៊ែហ្គេ សយហ៊្គូ (Sergei Shoigu) ប្រកាសថានឹងបង្កើនការវាយប្រហារទៅលើអ៊ុយក្រែន ដើម្បីកម្ទេចទីតាំងឃ្លាំងស្តុកគ្រឿងសព្វាវុធរបស់ក្រុមប្រទេសលោកខាងលិចដែលបានបញ្ជូនទៅទីនោះ បន្ទាប់ពីសហរដ្ឋអាម៉េរិកទើបបានអនុម័តកញ្ចប់ថវិកាសរុបប្រមាណ ៦០ពាន់លានដុល្លារដើម្បីជួយដល់អ៊ុយក្រែននៅក្នុងសង្គ្រាមតទល់ជាមួយរុស្ស៊ី។

ថ្លែងនៅក្នុងសុន្ទរកថាទៅកាន់ក្រុមមន្ត្រីការពារជាតិរបស់រុស្ស៊ី លោក សយហ៊្គូ បានបន្តលើកឡើងថា រុស្ស៊ីបាននិងកំពុងបន្សាបនូវអ្វីដែលពិភពលោកភ័ន្តច្រឡំអំពីអនុភាពនៃគ្រឿងសព្វាវុធរបស់ប្រទេសលោកខាងលិច ខណៈលោកអះអាងថា ទាហានរុស្ស៊ីកំពុងតែដណ្ដើមបានជ័យជម្នះជាបន្តបន្ទាប់នៅតាមតំបន់សមរភូមិជួរមុខដែលមានរយៈចម្ងាយសរុបប្រមាណជា ១,០០០គីឡូម៉ែត្រ។

ការថ្លែងរបស់ប្រមុខការពារជាតិរុស្ស៊ីរូបនេះ ធើ្វឡើងដោយយោងទៅតាមស្ថានការណ៍ជាក់ស្តែង ស្របពេលអាម៉េរិកគម្រោងនឹងបញ្ជូនគ្រឿងសព្វាវុធទំនើបៗជាច្រើនបន្ថែមទៀតសម្រាប់អ៊ុយក្រែនដែលជាការសន្យារបស់រដ្ឋការក្រុងវ៉ាស៊ីនតោន និងជាផ្នែកមួយនៃជំនួយយោធារបស់កញ្ចប់ថវិកា ៦០ពាន់លានដុល្លារដែលទើបបានអនុម័តកាលពីថ្ងៃសៅរ៍កន្លងទៅ។

បើតាមការបញ្ជាក់ពីមន្រ្តីរដ្ឋាភិបាលអាម៉េរិកបានឱ្យដឹងថា ជំនួយយោធាទាំងនោះ រួមមាន ប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយ ATACMS និងប្រភេទមីស៊ីលល្បឿនលឿនសម្រាប់ប្រើជាមួយប្រព័ន្ធការពារដែនអាកាស រួមទាំងគ្រាប់រំសេវផ្សេងៗ។

ជាការឆ្លើយតបទៅនឹងជំនួយកញ្ចប់ថវិការបស់អាម៉េរិក លោក សយហ្គ៊ូ បានបន្តបញ្ជាក់ឱ្យដឹងថា "រុស្ស៊ីនឹងបង្កើនការផលិតគ្រឿងសព្វាវុធសំខាន់ៗរបស់ខ្លួនបន្ថែមឱ្យបានសមាមាត្រទៅនឹងការចូលរួមពាក់ព័ន្ធរបស់សហរដ្ឋអាម៉េរិកនិងក្រុមសម្ព័ន្ធមិត្តនៅអ៊ុយក្រែន ដើម្បីធានាជ័យជម្នះនៃប្រតិបត្តិការសឹករបស់កងកម្លាំងយោធារុស្ស៊ីនៅអ៊ុយក្រែន៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect