សង្គម

ក្រោយពីការដាក់ឱ្យប្រើប្រាស់ស្ពានអាកាសព្រះមុនីវង្សគម្រោងទី១ ស្ថានភាពចរាចរណ៍នៅទីតាំងនោះ មានភាពប្រសើរខ្លាំង

image


ភ្នំពេញ៖ ស្ថានភាពចរាចរណ៍នៅក្រោមស្ពានអាកាសមុនីវង្ស ហាក់មានភាពធូរស្បើយច្រើន ដោយមិនឃើញមានការកកស្ទះខ្លាំងដូចនៅក្នុងអំឡុងពេលមិនទាន់ដាក់ឱ្យប្រើប្រាស់នោះទេ។ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពានអាកាសព្រះមុនីវង្ស និងចំណុចច្រមុះជ្រូកក្បាលថ្នល់បានធ្វើដំណើរទៅមកយ៉ាងរលូន។

យោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋថា នេះត្រឹមការដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅស្ពានគម្រោងទី១តែប៉ុណ្ណោះ បានសម្រួលចរាចរណ៍ច្រើន ដោយសង្ឃឹមថា ក្រោយគម្រោងស្ពានសាងសង់រួចរាល់ទាំងស្រុង នឹងជួយកាត់បន្ថយការកកស្ទះ ក៏ដូចជាជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទាំងមូល និងធ្វើឲ្យការដឹកជញ្ជូនទំនិញផ្សេងៗរបស់ប្រជាពលរដ្ឋកាន់តែមានភាពឆាប់រហ័ស និងទាន់ពេលវេលា។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានឱ្យដឹងថា វិស្វករដែលបាន និងកំពុងសាងសង់ស្ពានអាកាសមរតកតេជោ គឺជាវិស្វកររបស់ខ្មែរសុទ្ធសាធ ដែលបណ្ដុះបណ្ដាលនៅកម្ពុជារហូតក្លាយជាវិស្វករ។ ពីមុនកម្ពុជាពឹងគេលើជំនាញផ្សេងខ្លះ ប៉ុន្តែពេលនេះកូនខ្មែរអាចធ្វើបានហើយ។ កម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ដើម្បីអភិវឌ្ឍប្រទេសខ្លួនឯងបាន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក៏មិនបោះបង់ចោលនៅបច្ចេកទេសរបស់ពិភពលោកដែរ។ ទន្ទឹមនេះនឹងសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីឱ្យកិច្ចការងារអភិវឌ្ឍគម្រោងផ្សេងៗរបស់ជាតិមានភាពរឹងមាំ ដើម្បីឧត្ដមប្រយោជន៍ជាតិ។

សូមបញ្ជាក់ថា ស្ពានអាកាសទី៨នេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ដោយគ្រោងចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ៕

ដោយ៖ ឌីយ៉ាម៉ង់