ឆេះផ្ទះអស់២ខ្នង និងតូបលក់ដូរ ១ខ្នង នៅស្រុកស្រែអំបិល ខេត្តកោះកុង
កោះកុង៖ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ២ខ្នង និងតូបលក់ដូរ១ខ្នង ត្រូវភ្លេីងឆេះអស់ទាំងស្រុង នៅវេលាម៉ោង ៥:១០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិដងពែង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
លោកវរសេនីយ៍ទោ ដួង វណ្ណា អធិការនគរបាលស្រុក ស្រែអំបិល ក្រោយទទួលបានព័ត៌មាននេះភ្លាម បានដឹកនាំកម្លាំងអធិការដ្ឋាន សហការនឹងប៉ុស្តិ៍រដ្ឋបាលដងពែងដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង ដើម្បីជួយអន្តរាគមន៍ក្នុងគ្រោះអគ្គិភ័យនេះ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ២គ្រឿង និងរថយន្តប្រជាពលរដ្ឋ ១គ្រឿង ប្រើទឹកអស់ចំនួន ៤រថយន្ត ទើបអាចគ្រប់គ្រងសភាពការណ៍បានទាំងស្រុង ដោយពុំបានរាលដាលដល់ផ្ទះអ្នកជិតខាង និងមិនបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្សឡើយ។
យោងតាមរបាយការណ៍ ពីលោកអធិការស្រុក បានបញ្ជាក់ច្បាស់ថា លំនៅដ្ឋានប្រជាពលរដ្ឋ ២ខ្នង និងតូបលក់ដូរ ១ខ្នង ដែលមានម្ចាស់ឈ្មោះ ឈ្មោះ ញ៉ ឈួន អាយុ ៥២ឆ្នាំ មានប្រពន្ធឈ្មោះ យ៉ន អ៉ឺន អាយុ៥៤ឆ្នាំ មានសមាជិក ៤នាក់ ប្រុស២នាក់ (មិននៅផ្ទះ) បណ្តាលឲ្យឆេះផ្ទះខូចខាតទាំងស្រុង ដែលមានទ្រង់ទ្រាយ ឈើប្រក់ស័ង្កសី។ ចំណែកឯ ម្ចាស់ផ្ទះឈ្មោះ សិង ឆៃ ភេទស្រីអាយុ ៦២ឆ្នាំ មានសមាជិក ៤នាក់ប្រុស ២នាក់ ទ្រង់ទ្រាយឈើប្រក់ស័ង្កសី និងតូបលក់ដូរមួយទៀត ប្រក់ស័ង្កសី ខូចខាតទាំងស្រុង។
តាមការចុះពិនិត្យជាក់ស្តែង ឃើញថា មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី បានឆេះចេញពីផ្ទះម្ចាស់ឈ្មោះ ញ៉ ឈួន ពុំមានមនុស្សនៅ ហើយបើកភ្លើងចោល។
កន្លងមកសមត្ថកិច្ច ផែនអគ្គិភ័យ ស្រុកស្រែអំបិល តែងតែចុះអប់រំណែនាំ ក្រើនរំឭកជានិច្ចដល់ពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យទាំងអស់គ្នា ព្រោះរដូវនេះជារដូវប្រាំងក្តៅហួតហែង ងាយកើតគ្រោះអគ្គិភ័យកើតឡើង៕
ដោយ៖ តាំង សូនី