សង្គម

សិស្សក្រីក្រក្នុងខេត្តកំពត រីករាយដែលទទួលបានទាំងជំនាញ និងប្រាក់ឧបត្តម្ភពីរាជរដ្ឋាភិបាល

image

កំពត៖ សិស្សក្រីក្រដែលបានសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនកំពត ក្រុមខ្លះជិតបាននឹងបញ្ចប់វគ្គជំនាញ C1 (វគ្គទី១)ហើយ។ ពួកគេបានសម្តែងក្តីសប្បាយចិត្តជាខ្លាំង ព្រោះមានឱកាសទទួលបានទាំងចំណេះជំនាញ និងប្រាក់ឧត្តម្ភពីរាជរដ្ឋាភិបាលកំឡុងពេលសិក្សា ខណៈដែលសិស្សមួយចំនួនក្នុងចំណោមពួកគេ ចាប់ផ្តើមទទួលបានការងារធ្វើជាបណ្តើរៗផងដែរនោះ។   

សិស្សក្រីក្រចូលរៀនវគ្គបច្ចេកទេស និងវិជ្ជាជីវៈ C1 (វគ្គទី១) នៅសាលាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន កំពត លើជំនាញកុំព្យូទ័រ ម៉ាស៊ីនត្រជាក់រថយន្ត បានលើកឡើងថា ដោយសារជីវភាពខ្វះខាត ពួកគេបានបាត់បង់ឱកាសសិក្សា ហើយក្រោយពេលបានដឹងថា រាជរដ្ឋាភិបាលបានផ្តល់ឱកាសដល់សិស្ស និងយុវជនមកពីគ្រួសារក្រីក្រ ដែមានអាយុចាប់ពី១៥ ដល់៣៥ឆ្នាំ អាចចូលរៀនវគ្គជំនាញដោយយឥតគិតថ្លៃនោះ ពួកគាត់បាននាំគ្នាមកដាក់ពាក្យសុំចូលរៀន។ រយៈពេលជាងបីខែកន្លងមកនេះ ពួកគេពិតជាសប្បាយចិត្តណាស់ ព្រោះពួកគេបានទទួលទាំងចំណេះជំនាញសម្រាប់ប្រកបការងារចិញ្ចឹមជីវិត និងប្រាក់ឧត្តម្ភពីរាជរដ្ឋាភិបាល ខណៈពេលនេះមានមិត្តរួមថ្នាក់មួយចំនួនបានចាប់ផ្តើមទទួលបានការងារធ្វើជាបណ្តើរៗហើយផងដែរ។ 

ក្រុមសិស្សទាំងអស់បានសំដែងការសប្បាយរីករាយ និងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្កើតឱ្យមានវគ្គបច្ចេកទេសនេះឡើងសម្រាប់សិស្សក្រីក្រមានឱកាសបានសិក្សា ហើយថែមទាំងបានឧបត្ថម្ភថវិកាបន្ថែមដល់សិស្សផងដែរ។

គ្រូបច្ចេកទេសបង្រៀនផ្នែកជួសជុលម៉ាស៊ីត្រជាក់រថយន្ត លោក ហេង ចាន់ធី បានប្រាប់ឱ្យដឹងថា សិស្សាដែលបានចូលរៀននក្នុងថ្នាក់របស់លោក បានយកចិត្តទុកដាក់ខិតខំរៀនសូត្រយ៉ាងខ្លាំង ធ្វើឱ្យលោកមិនសូវហត់មាត់ហត់កទេ ពេលដាក់កិច្ចការឱ្យអនុវត្ត ហើយសិស្សមួយចំនួនក៏ទទួលបានការងារធ្វើជាបណ្តើរៗផងដែរហើយ។ តែយ៉ាងក៏ដោយ លោកនៅតែបន្តខិតខំបង្ហាញនូវជំនាញថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសិស្សកាន់តែមានជំនាញច្បាស់លាស់ និងមានភាពងាយស្រួលក្នុងការស្វែងរកការងារធ្វើ។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សា (២០២៣-២០២៤) វិទ្យាស្ថានមានសិស្សចុះឈ្មោះចូលរៀនថ្នាក់កម្រិតបរិញ្ញាបត្រ ចំនួន ១៧៦នាក់, កម្រិតសញ្ញាបត្រជាន់ខ្ពស់ (បច្ចេកទេស ឬបរិញ្ញាបត្ររង)ចំនួន ៨៥នាក់, កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជិវៈ៣ (C3) ចំនួន ៤៩នាក់ កម្រិត (C2) ចំនួន ៥៨នាក់ និងកម្រិត (C1) ចំនួន ៦៧៦នាក់ សរុបចំនួនសិស្សទាំងអស់មានចំនួន ១,០៤៤នាក់។ ចំពោះប្រាក់ឧត្តម្ភជូនសិស្ស វេនថ្ងៃចន្ទ-សុក្រ (ព្រឹក-រសៀល) សិក្សារយៈពេល ៤ខែ ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលម្នាក់ៗទឹកប្រាក់ចំនួន ២៨០,០០០រៀលក្នុង១ខែ, វេនថ្ងៃចន្ទ-សុក្រ (យប់) សិក្សារយៈពេល ៨ខែ ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលម្នាក់ៗចំនួន ១៤០,០០០រៀលក្នុង១ខែ និងវេនថ្ងៃសៅរ៍-អាទិត្យ (ព្រឹក-ល្ងាច) សិក្សារយៈពេល ១០ខែ ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលម្នាក់ៗទឹកប្រាក់ចំនួន ១១២,០០០ រៀលក្នុង១ខែ៕

អត្ថបទ៖ វង្ស សុធារម្យ