ព័ត៌មានអន្តរជាតិ

ភ្នាក់ងារស្បៀងអាហារពិភពលោករបស់ អ.ស.ប ត្រៀមបញ្ជូនជំនួយទៅកាន់តំបន់ហ្គាហ្សាតាមរយៈមធ្យោបាយផ្លូវសមុទ្រ

image


សហប្រជាជាតិ៖ បើតាមភ្នាក់ងារកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ហៅកាត់ថា WFP បានឱ្យដឹងកាលពីពេលថ្មីៗនេះថា គេបានព្រមព្រៀងក្នុងការបញ្ជូនជំនួយមនុស្សធម៌សម្រាប់ពលរដ្ឋនៅក្នុងតំបន់ហ្គាហ្សា តាមរយៈមធ្យោបាយដឹកជញ្ជូនផ្លូវសមុទ្រដោយប្រើប្រាស់ចំណតកំពង់ផែដែលកំពុងសាងសង់ឡើងដោយសហរដ្ឋអាម៉េរិកនៅឯតំបន់ឆ្នេរភាគខាងលិចតំបន់ហ្គាហ្សា។


នៅក្នុងបេសកម្មមនុស្សធម៌នេះ WFP នឹងសហការរួមគ្នាជាមួយនឹងទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់កិច្ចការអភិវឌ្ឍអន្តរជាតិ ឬហៅកាត់ថា USAID ដើម្បីប្រតិបត្តិការមនុស្សធម៌ក្នុងការចែកចាយស្បៀងអាហារទៅដល់ពលរដ្ឋប៉ាឡេស្ទីន ប៉ុន្តែយ៉ាងណាមិញ គេមិនបានបញ្ជាក់ច្បាស់ថា តើដំណើរការមនុស្សធម៌ពេលនេះនឹងធ្វើឡើងនៅពេលណាឱ្យប្រាកដនោះទេ ខណៈសហរដ្ឋអាម៉េរិកនៅមិនទាន់បានបញ្ចប់ការសាងសង់កំពង់ផែខាងលើនេះនៅឡើយ។


បើតាមមន្រ្តី USAID មួយរូបបានថ្លែងប្រាប់សារព័ត៌មាន Associated Press ថា ប្រតិបត្តិការមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សាគឺជារឿងមួយដ៏ស្មុគស្មាញដែលទាមទារឱ្យមានការសហការនិងសម្របសម្រួលពីភាគីជាច្រើន ដើម្បីធានាដល់ប្រសិទ្ធភាពនិងសុវត្ថិភាពរបស់ក្រុមការងារដែលចូលរួមនៅក្នុងកិច្ចការនេះ ខណៈបញ្ហាទាំងនេះគឺជារបៀបវារៈដ៏សំខាន់មួយដែលមន្រ្តីរបស់ USAID កំពុងយកចិត្តទុកដាក់ជជែកពិភាក្សាជាមួយនឹងដៃគូពាក់ព័ន្ធ សម្រាប់ធានាឱ្យបាននូវឯករាជ្យភាពនិងអព្យាក្រឹតភាពរបស់ខ្លួន៕


ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Al jazeera