ព័ត៌មានអន្តរជាតិ

របាយការណ៍សុខភាព៖ ជំងឺគ្រុនឈាមនៅទ្វីបអាម៉េរិកសម្រាប់ឆ្នាំ ២០២៤ បានកើនឡើងជាង៥.២លានករណី

image

សហរដ្ឋអាម៉េរិក៖ យោងតាមរបាយការណ៍របស់អង្គការគាំពារសុខភាពសាធារណៈ ហៅកាត់ថា PAHO ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានឱ្យដឹងកាលពីពេលថ្មីៗនេះថា គិតត្រឹមពាក់កណ្តាលខែទីបួនក្នុងឆ្នាំ ២០២៤ ករណីជំងឺគ្រុនឈាមនៅតាមបណ្តាប្រទេសក្នុងតំបន់ទ្វីបអាម៉េរិកបាននិងកំពុងកើនឡើងយ៉ាងខ្លាំងរហូតដល់ជាង ៥.២លាននាក់ ហើយនេះជាតួលេខមួយខ្ពស់ជាងកំណត់ត្រារយៈពេលមួយឆ្នាំពេញកាលពីឆ្នាំ ២០២៣។

អ្នកនាំពាក្យរបស់អង្គការ PAHO លោកស្រី Ashley Baldwin បានប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃព្រហស្បតិ៍ថា ដោយគិតត្រឹមថ្ងៃពុធ មានករណីជំងឺគ្រុនឈាមសរុបចំនួន ៥,២១៣,៤៨០នាក់ត្រូវបានរាយការណ៍នៅក្នុងតំបន់ទ្វីបអាម៉េរិកទាំងមូល បើធៀបទៅនឹងរបាយការណ៍នៃករណីជំងឺគ្រុនឈាមសរុបកាលពីឆ្នាំ ២០២៣ មានចំនួនត្រឹម ៤,៥៧២,៧៦៥ករណីប៉ុណ្ណោះ ។

ប្រឈមនឹងតួលេខដ៏ខ្ពស់បែបនេះ ប្រធានអង្គការ PAHO លោក Jarbas Barbosa បានលើកឡើងថា គេកំពុងស្ថិតក្នុងស្ថានភាពអាសន្នព្រោះតែនៅពេលនេះ ជំងឺគ្រុនឈាមកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័ស ខណៈបណ្តាប្រទេសដែលរងគ្រោះខ្លាំងបំផុត ស្ថិតនៅតាមតំបន់អាម៉េរិកខាងត្បូង រួមមានប្រទេសប្រេស៊ីលជាពិសេស ដែលកំពុងប្រឈមនឹងការឆ្លងរីករាលដាលនៃជំងឺគ្រុនឈាមយ៉ាងអាក្រក់ជាងគេ។

ជាការឆ្លើយតបនឹងស្ថានការណ៍ជំងឺគ្រុនឈាមនេះដែរ ខាងមន្រ្តីក្រសួងសុខាភិបាលរបស់ប្រេស៊ីលបានប្រកាសស្ថានភាពអាសន្នផ្នែកសុខភាពសាធារណៈកាលពីចុងខែកុម្ភៈកន្លងទៅ ដើម្បីឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាសុខភាពក្រោយពីមានការកើនឡើងយ៉ាងខ្លាំងនូវករណីជំងឺគ្រុនឈាមនៅក្នុងប្រទេស៕

ប្រែសម្រួល៖ វ័រ តុលា

ប្រភព៖ CNN News