សង្គម

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​ ដឹកនាំកិច្ចប្រជុំគណៈប្រតិភូអន្តរក្រសួង ដែលត្រូវចូលរួមការពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ UPR​ជុំទី៤ របស់កម្ពុជា

image


ភ្នំពេញ៖​ លោកទេសរដ្ឋមន្រ្តី​ កែវ រ៉េមី​ ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈប្រតិភូអន្តរក្រសួង ដែលត្រូវចូលរួមការពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ របស់កម្ពុជា និងដោយមានការចូលរួមពីតំណាងក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ផងដែរ​ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។


កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកនូវបទពិសោធល្អៗ​ និងឧត្តមានុវត្ត ក្នុងការចូលរួមជាមួយយន្ដការ UPR សម្រាប់គណៈប្រតិភូកម្ពុជាដែលត្រូវចូលរួមពិនិត្យរបាយការណ៍ UPR ជុំទី៤ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។


បន្ទាប់ពីមតិស្វាគមន៍របស់ លោកទេសរដ្ឋមន្ត្រី តំណាង OHCHR បានសម្ដែងនូវចំណាប់អារម្មណ៍ថា កម្ពុជាជាប្រទេសមួយដែលមានលក្ខណៈលេចធ្លោ​ និងជោគជ័យក្នុងការធ្វើរបាយការណ៍សិទ្ធិមនុស្សដែលកម្ពុជាជាប់កាតព្វកិច្ច និងការចូលរួមយ៉ាងសកម្មក្នុងកិច្ចសន្ទនាបែបស្ថាបនាជាមួយយន្ដការសិទ្ធិមនុស្សនានារបអង្គការសហប្រជាជាតិ។

កម្ពុជាក៏មានឧត្តមានុវត្តក្នុងកិច្ចសហការជាមួយក្រុមអង្គការសង្គមស៊ីវិលលើការលើកកម្ពស់​ និងការការពារសិទ្ធិមនុស្ស រួមទាំងក្នុងដំណើរការនៃសរសេររបាយការណ៍សិទ្ធិមនុស្ស​ ផងដែរ។ បន្ថែមលើនេះ តំណាង OHCHR ក៏បានសង្ខេបនិងឆ្លើយតបនឹងសំណួរមួយចំនួនពាក់ព័ន្ធនឹងដំណើរការ​ និងគោលការណ៍ផ្សេងៗនៃយន្ដការ UPR នៅក្នុងកិច្ចប្រជុំនេះផងដែរ។


ក្នុងកិច្ចប្រជុំ ក៏មានការចែករំលែកនូវបទពិសោធល្អៗក្នុងការចូលរួមយន្ដការនេះនាពេលកន្លងមក និងបានពិភាក្សាទៅលើឯកសារ ព្រមទាំងការតៀមលក្ខណៈផ្សេងៗរបស់គណៈប្រតិភូដើម្បីធានាថា ការចូលរួមពិនិត្យរបាយការណ៍ UPR  ជុំទី៤ នឹងទទួលបានជោគជ័យ ពោលគឺ ត្រូវចាប់យកឱកាសនេះដើម្បីបង្ហាញឱ្យប្រទេសនានាជាសមាជិកអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ បានស្គាល់ពីកម្ពុជាពិត និងបានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើវិស័យសិទ្ធិមនុស្ស៕