សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងត្រូវពង្រីកទៅជាមន្ទីរពេទ្យថ្នាក់តំបន់មានសមត្ថភាពខ្ពស់ ពលរដ្ឋមិនពិបាកទៅភ្នំពេញ
អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ ៖ អេង សុគុណ និងលឹម មុនី
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា "នៅពេលដ៏ខ្លីខាងមុខ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និង មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងត្រូវពង្រីកទៅជាមន្ទីរពេទ្យថ្នាក់តំបនដែលនឹងធ្វើឱ្យមន្ទីរពេទ្យទាំង២ កាន់តែមានសមត្ថភាពខ្ពស់មួយកម្រិតទៀត ដើម្បីចូលរួមចំណែកជាមន្ទីរពេទ្យគាំទ្រ ដូចមន្ទីរពេទ្យជាតិ ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋទៅរកសេវា ថែទាំសុខភាពដល់រាជធានីភ្នំពេញ "។
នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់” នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។
សម្តេចធិបតី បានណែនាំឲ្យក្រសួងសុខាភិបាលបន្តខិតខំពង្រឹងសមត្ថភាពពេទ្យឲ្យកាន់តែខ្លាំង ខណះដែលរាជរដ្ឋាភិបាលកំពុងធ្វើទំនើបកម្ម និងបច្ចេកវិទ្យាកាន់តែទំនើបលើវិស័យសុខាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីពង្រឹងសុខភាពពលរដ្ឋ ត្រូវពង្រឹងសមត្ថភាពពេទ្យ ធ្វើទំនើបកម្ម ដោយបំពាក់ឧបករណ៍ទំនើបនៅមន្ទីរពេទ្យ បង្កើនគ្រូពេទ្យជំនាញ ដូចជាគ្រូពេទ្យជំនាញវះកាត់បេះដូង, ព្យាបាលមហារីក និងវះកាត់ព្យាបាលខួរក្បាលជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា "ទន្ទឹមនឹងការពង្រឹងសុខភាពពលរដ្ឋ ពង្រឹងសមត្ថភាពពេទ្យ យើងត្រូវការពង្រីកវិសាលភាពត្រូវរុញសេវាសុខាភិបាលឲ្យកៀកប្រជាពលរដ្ឋ"។។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រសិនជាប្រជាពលរដ្ឋមានសុខភាពល្អ ប្រទេសជាតិនឹងមានកម្លាំងរឹងមាំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើឲ្យសមត្ថភាពពេទ្យទូទាំងប្រទេសមានសមត្ថភាពដូចៗគ្នា ដើម្បីម៉ំឲ្យពលរដ្ឋពិបាកធ្វើដំណើរទៅរកពេទ្យនៅភ្នំពេញ ចំណាយពេលច្រើន៕