សង្គម

ពលរដ្ឋមកពីស្រុកព្រៃកប្បាស ខេត្តតាកែវ សប្បាយរីករាយ ក្រោយបានឃើញសារមន្ទីរតាំងបង្ហាញផលិតផលជាស្នាដៃរបស់គាត់បានបរិច្ចាគជូនសារមន្ទីរ

image


សៀមរាប៖​ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋ បានធ្វើដំណើរពីស្រុកព្រៃកប្បាស ខេត្តតាកែវទៅកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាសនោះពួកគាត់ក៏បានចូលមកកាន់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្រុងសៀមរាប ដើម្បីទស្សនាសំពត់ហូលជាស្នាដៃរបស់ខ្លួន ដែលធ្លាប់បានបរិច្ចាគជូនមកកាន់សារមន្ទីរ។


អ្នកស្រី លី ណៃស្រ៊ីម និងអ្នកស្រី លី ស្រីមុំ ជាបងប្អូនបង្កើតនិងគ្នា រួមទាំងក្រុមគ្រួសារ មានទីលំនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានធ្វើដំណើរមកកាន់ខេត្តសៀមរាប គោលបំណងសំខាន់ចង់ឃើញការដាក់តាំងបង្ហាញរបស់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នូវស្នាដៃសំពត់ហូល ផាមួង ជាស្នាដៃរបស់គាត់បានត្បាញដោយផ្ទាល់ដៃ ដោយទឹកចិត្តស្រឡាញ់ ចង់ថែរក្សាស្នាដៃកម្រទាំងនោះកុំឱ្យបាត់បង់ ទើបអ្នកស្រីសម្រេចចិត្តប្រគល់សមុច្ច័យទាំងនោះ មកកាន់សារមន្ទីរដើម្បីថែរក្សា និងអភិរក្សបន្តទុកឱ្យកូនចៅជំនាន់ក្រោយ។


អ្នកស្រី លី ណៃស្រ៊ីម បានបង្ហាញអារម្មណ៍រំភើបយ៉ាងក្រៃលែង ក្រោយពេលបានចូលមកទស្សនាសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានឃើញសំពត់ហូលរបស់អ្នកស្រីធ្លាប់ត្បាញដោយផ្ទាល់ដៃ ក្នុងសម័យលន់ណុល ជាហូលក្បាច់គោមបាត់ដំបង ដោយប្រថុយជីវិតលាក់ទុកក្នុងខ្នើយកើយកាលពីសម័យប៉ុលពត មកដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរជូនភ្ញៀវជាតិ អន្តរជាតិ ជាពិសេសកូនខ្មែរជំនាន់ក្រោយ បានឃើញ និងសិក្សាឈ្វេងយល់បន្ត។


សូមជម្រាបថា កាលពីឆ្នាំ២០២៣ ប្រជាពលរដ្ឋចំនួន២១គ្រួសារ រស់នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានស្ម័គ្រចិត្តប្រគល់ក្រណាត់ហូល សំពត់ហូល អាវហូល និងសរសៃសូត្រគាធ ជូនមកកាន់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដោយសំពត់ហូលខ្លះមានអាយុកាលយូរឆ្នាំ ដោយខ្លះមានអាយុប្រមាណពី៤០ រហូតដល់៦០ឆ្នាំ ត្បាញឡើងដោយដៃ ជ្រលក់ល័ក្ខធម្មជាតិតាមក្បួនខ្នាតពីបុរាណ និងមានក្បាច់រចនាផ្សេងៗគ្នា យ៉ាងស្រស់ស្អាត៕