អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់” នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃជិត២០លានដុល្លា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ ៖ អេង សុគុណ និងលឹម មុនី
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាបានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់” នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានទីតាំងនៅចំកណ្តាលទីប្រជុំជនក្រុង ជាប់វិថី ២ធ្នូ ភូមិមណ្ឌល ១ សង្កាត់ស្វាយដង្គុំ ក្រុង- ខេត្តសៀមរាប។ មន្ទីរពេទ្យនេះមានផ្ទៃដីសរុបចំនួនជុត៤ម៉ឺនម៉ែត្រក្រឡា។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា អគារសាងសង់ថ្មីដែលមានបំពាក់ឧបករណ៍ស្តង់ដាក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនតាម រយះអង្គការ JICA គឺក្នុងគោលបំណងប្រើប្រាស់សម្រាប់សេវាឯកទេសវះកាត់ ព្រមទាំងសេវាពាក់ព័ន្ធផ្សេង ទៀត។ អការនេះត្រូវបានចាប់សាងសង់ពីថ្ងៃទី ០១ ធ្នូ ឆ្នាំ ២០២១ និងបានបញ្ចប់រួចរាល់ថ្ងៃទី ៣០ តុលា ឆ្នាំ ២០២៣ ត្រូវបានដាក់ឈ្មោះថា “ មណ្ឌលផ្តល់សេវាផ្នែកវះកាត់” នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ផ្ទៃបាតនៃអគារនេះមាន ១ពាន់ ៧រយម៉ែត្រក្រឡា (ដោយមិនគិតផ្លូវជុំវិញ និងអាងស្តុក និងព្យាបាលទឹកកខ្វក់) គឺមានទទឹង ២៥ម៉ែត្រ និងបណ្តោយ ៦៨ម៉ែត្រ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបញ្ជាក់ថា "គម្រោងនេះបានចំណាយទឹកប្រាក់សរុប ១៩,៨លានដុល្លាអាមេរិក។ដោយសារសំណង់នេះមាន ៤ជាន់ដូច្នេះក្រឡាផ្ទៃនៃ សំណង់មានសរុប ៦ពាន់៨រយ ម៉ែត្រក្រឡា។ ទីតាំងនៃសំណង់នេះស្ថិតនៅចំកណ្តាលផ្ទៃដីរបស់មន្ទីរពេទ្យ ជាប់នឹងច្រកចូលចំបងរបស់មន្ទីរពេទ្យ"។
ឯកឧត្ដម ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា ទោះបីជាកម្ពុជាមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គា ល់ក្ដី ក៏ជប៉ុននៅតែបន្តជួយដល់វិស័យសុខាភិបាលនៅកម្ពុជាជាបន្តទៀតជាដដែល ដើម្បីពង្រឹងវិស័យ សុខាភិបាលនៅកម្ពុជាឱ្យកាន់តែប្រសើរថែមទៀត។
សូមជំរាបថា ជាន់ផ្ទាល់ដីមានសេវាពិគ្រោះជំងឺក្រៅ សេវាសង្គ្រោះបន្ទាន់ សេវារូបភាពវេជ្ជសាស្ត្រ វិទ្យុសាស្ត្រ អេកូសាស្ត្រ ស៊ីធីសែន បន្ទប់គ្រប់គ្រង ទិន្ន័យ និងរូបភាពវេជ្ជសាស្ត្រ ផ្នែកគាំទ្រសេវា បន្ទប់ចុះឈ្មោះនិងគ្រប់គ្រងទិន្ន័យ បន្ទប់សម្រាប់កិច្ចការសង្គម បញ្ហារបង់ប្រាក់ ឱសថស្ថានពិគ្រោះជំងឺក្រៅ ផ្នែកបោកគក់។ ជាន់ទី ១ បន្ទប់ដាក់ម៉ាស៊ីនភ្លើង ផ្នែកប្រពោធនកម្មវះកាត់ ផ្នែកសណ្ឋាគារ និងសណ្តំ បន្ទប់សម្រាប់វះកាត់ គ្រែសម្រាកពេទ្យ។
បន្ទប់សង្គ្រោះ និងថែទាំក្រោយវះកាត់ ផ្នែកស្តេរីល និងគ្រប់គ្រងឧបករណ៍ ផ្នែកសល្យាសាស្ត្រឆ្អឹងសន្លាក់ និងរបួសគ្រាំគ្រា ផ្នែកឯកទេសត្រចៀកច្រមុះបំពង់ក និងសន្យាសាស្ត្រមុខនិងថ្គាម ផ្នែកសល្យាសាស្ត្រសរីរាង្គពោះនិងទ្រូង ផ្នែកសល្យាសាស្ត្រប្រព័ន្ធម៉ូត្រសាស្ត្រ (Urology Surgery) ផ្នែកសល្យាសាស្ត្រប្រព័ន្ធប្រសាទ៕



