ព័ត៌មានជាតិ

ដឹងមូលហេតុហើយ! មន្ត្រីជំនាញថា ករណីពលរដ្ឋ១១នាក់ ដែលសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកសំបូរ គឺបណ្តាលមកពីការបរិភោគនំបញ្ចុក លក់នៅក្នុងភូមិ ដោយសារការផលិតនំ និង រក្សាទុក មិនមានអនាម័យល្អ

image


ខេត្តក្រចេះ៖មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះថា ករណីប្រជាពលរដ្ឋចំនួន១១នាក់រស់នៅក្នុងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ មានអាការក្អួតចង្អោរ រាករួស ធ្វើឱ្យអស់កម្លាំង សង្ស័យពុលចំណី (នំបញ្ចុក) ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកសំបូរគឺ បណ្តាលមកពីការបរិភោគនំបញ្ចុកលក់នៅក្នុងភូមិ ដែលនំបញ្ចុកទាំងនោះមានការផលិត ការរក្សាទុក និងការវេចខ្ចប់ មិនមានអនាម័យល្អ។
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ មានករណីពុលចំណីអាហារបាន កើតឡើងនៅភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលបណ្តាលឱ្យមនុស្សចំនួន ១៦នាក់ ស្រី១០ នាក់ បានធ្លាក់ខ្លួនឈឺ និងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសំបូរចំនួន១១នាក់ ស្រី៧នាក់ ដែលមានរោគ សញ្ញាឈឺពោះ រាក ក្អួត ឈឺក្បាល និងវិលមុខ ក្រោយទទួលបានការយកចិត្តទុកដាក់ថែទាំព្យាបាលដោយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកសំបូរ ស្ថានភាពអ្នកជំងឺបានធូរស្រាលជាបណ្តើៗ។
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បាន ធ្វើការក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តនូវវិធានការអនាម័យឱ្យបានខ្ជាប់ខ្ជួនដូចខាងក្រោម៖ ប្រកាន់ខ្ជាប់អនាម័យដោយលាងសម្អាតដៃឱ្យបានស្អាត និងញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬ អាកុលមុនពេលធ្វើម្ហូបអាហារ និងមុនពេលបរិភោគ កុំប៉ះពាល់ ឬបរិភោគបក្សីដែលឈឺ ឬងាប់ត្រូវរក្សាទុកដាក់ម្ហូបអាហារដែលចំអិនហើយ និងឆៅឱ្យនៅដាច់ដោយឡែកពីគ្នា សំអាតសម្ភារប្រើប្រាស់ សម្រាប់ធ្វើម្ហូបអាហារឱ្យបានត្រឹមត្រូវ និងត្រូវចំអិនម្ហូបឱ្យបានឆ្អិនល្អ ត្រូវរៀបចំទុកដាក់វេចខ្ចប់ម្ហូបអាហារឱ្យមានអនាម័យ និងសុវត្ថិភាព ស្ថិតក្នុងសីតុណ្ហភាពសមស្រប មិនត្រូវបរិភោគម្ហូបអាហារដែលរក្សាទុកយូរហួសពេលវេលាកំណត់ប្រើប្រាស់។ ត្រូវប្រើប្រាស់ និងទទួលទានទឹកស្អាត ទឹកមានសុវត្ថិភាព ដូចជាទឹកបរិសុទ្ធ ទឹកឆ្អិនជាដើម មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នឹងជូនដំណឹងជូនសាធារណៈជនជាបន្តបន្ទាប់ទៀតអំពីបច្ចុប្បន្នភាពស្ថាន ភាពព្រឹត្តិការណ៍ខាងលើ និងបញ្ហាសុខភាពសាធារណៈផ្សេងៗទៀត។
នៅរសៀលថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៤ នេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានចាត់លោក គង់ មេត្តា អភិបាលស្រុកសំបូរនិងក្រុមការងារ ចុះសួរសុខទុក្ខ នាំយកអំណោយថវិការ គ្រឿងឧបភោគបរិភោគ ជូនដល់ប្រជា ពលរដ្ឋចំនួន១១នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំបូរ ៕
ដោយ៖ សារី ណែត