កំពង់ស្ពឺសង្រ្កាន្តឆ្នាំ២០២៤ ទទួលបានភ្ញៀវទេសចរចូលរួមកម្សាន្ដជាង ២លាននាក់
កំពង់ស្ពឺ៖ រយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃទី ១៣, ១៤, ១៥, ១៦ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវទេសចរលេងកម្សាន្ត ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្ត និងនៅតាមរមណីដ្ឋានសហគមន៍មានចំនួនសរុបជាង ២លាននាក់ កើនឡើង៣០ភាគរយ ធៀបនឹងឆ្នាំ២០២៣។
លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា ភ្ញៀវទេសចរផ្ទៃក្នុងដែលលេងកម្សាន្ត ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ក្នុងរយៈពេល៤ថ្ងៃមានចំនួនសរុបប្រមាណ ២,០៤២,០៨៥នាក់ ធៀបរយៈពេល៣ថ្ងៃដូចគ្នាឆ្នាំ២០២៣ សរុប ៤៨២,០៩០នាក់ កើនឡើង ៣២៤% ក្នុងនោះភ្ញៀវទេសចរជាតិក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ចំនួន ២,០៤១,០០៧នាក់ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ សរុប ៤៨១,៧៦៥នាក់ កើនឡើង៣២៤%។ ភ្ញៀវទេសចរអន្តជាតិ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ចំនួន ១,០៧៨នាក់ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ សរុប៣២៥នាក់ កើនឡើង ២៣២%។
លោក សរ សុពុត្រា បានបញ្ជាក់ថា ភ្ញៀវទេសចរផ្ទៃក្នុងដែលមកព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ក្នុងថ្ងៃនីមួយៗរយៈ៤ថ្ងៃ មានចំនួនភ្ញៀវទេសចរ ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ ថ្ងៃទី១ ភ្ញៀវជាតិ ២៥៩,៧៨២នាក់ និងអន្តរជាតិ ៥៨នាក់, ថ្ងៃទី២ ភ្ញៀវជាតិ ៣០៥,៥២៥ នាក់ និងអន្តរជាតិ ២៦៥នាក់, ថ្ងៃទី៣ ភ្ញៀវជាតិ ៦៣៩៧៦០នាក់ និងអន្តរជាតិ ៣៤៥នាក់, ថ្ងៃទី៤ ភ្ញៀវជាតិ ៨៣៥,៩៤០នាក់ និងអន្តរជាតិ ៤១០ នាក់។
លោក សរ សុពុត្រា បានបន្ដទៀតថា ការរៀបចំកំពង់ស្ពឺសង្ក្រាន្តនៅទីតាំងចំនួន២១ ដោយមានការរៀបចំលេងល្បែងប្រជាប្រិយប្រពៃណីជាតិគ្រប់ប្រភេទ ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង វាយក្អម ដណ្ដើមស្លឹកឈើ ក្លែងឆាបកូនមាន់ និងមានការប្រគំតន្ត្រីរាំលេងកម្សាន្ត និងកម្មវិធីប្រដាល់គុណខ្មែរ ព្រមទាំងមានប្រឡងចម្រៀង និងឆ្លើយសំណួរចំណេះដឹងអំពីការងារផងដែរ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។
ក្នុងរយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តកំពង់ស្ពឺឆ្នាំនេះ មានការប្រព្រឹត្តិទៅដោយរលូន និងប្រកបដោយសុខសុវត្ថិភាព និងមានសណ្ដាប់ធ្នាប់ របៀបរៀបរយ ព្រមទាំងទទួលបានការសប្បាយរីករាយ ក្រោមការរៀបចំ និងដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ៕
អត្ថបទ៖ ប៊ុត សារុន